ពេលណាអ្នកមានការភ័យខ្លាច

ទេវតា​នៃ​ព្រះយេហូវ៉ា ក៏​លេច​មក​ឲ្យ​លោក​ឃើញ ហើយ​ប្រាប់​ថា នែ អ្នក​ពូកែ​ក្លាហាន​អើយ ព្រះយេហូវ៉ា​ទ្រង់​គង់​ជាមួយនឹង​ឯង។ ពួក​ចៅហ្វាយ ៦:១២

ខ្ញុំ​ដល់​ពេល​ត្រូវ​ទៅ​ពិនិត្យ​សុខភាព តាម​ការណាត់ជួប​ជាមួយ​គ្រូពេទ្យ ហើយ​ទោះ​ខ្ញុំ​មិន​មានការ​ព្រួយបារម្ភ​អំពី​សុខភាព​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ខ្លាច​មិន​ចង់ទៅ​ពេទ្យ។ ខ្ញុំ​មានការ​ភ័យខ្លាច ដោយសារ​ខ្ញុំ​បាន​នឹក​ចាំ អំពី​បទពិសោធន៍​ដ៏​អាក្រក់ ក្នុង​ការពិនិត្យ​សុខភាព​តាំងពី​យូរ​មក​ហើយ។ ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​គង់នៅ​ជាមួយ​ខ្ញុំ ហើយ​ខ្ញុំ​ត្រូវតែ​ទុកចិត្ត​ព្រះអង្គ តែ​ខ្ញុំ​នៅតែ​មានការ​ភ័យខ្លាច។

ពេលនោះ ខ្ញុំ​មានការ​ខកចិត្ត ចំពោះខ្លួន​ឯង ដែល​មានការ​ភ័យខ្លាច និង​ខ្វះ​ជំនឿ។ បើ​ព្រះ​ទ្រង់​តែងតែ​គង់នៅ​ក្បែរ​ខ្ញុំ ហេតុអ្វី​ខ្ញុំ​នៅតែ​ថប់បារម្ភ? បន្ទាប់មក នៅពេល​ព្រឹក​ថ្ងៃមួយ ខ្ញុំ​ជឿ​ថា ព្រះអង្គ​បាន​ដឹក​នាំ​ខ្ញុំ ឲ្យ​មើល​រឿង​លោក​គេឌាន។

ព្រះ​ទ្រង់​បាន​ហៅ​លោក​គេឌាន​ថា “អ្នកប្រយុទ្ធ​ដ៏​ខ្លាំងពូកែ”(ពួក​ចៅហ្វាយ ៦:១២) តែ​គាត់​មានការ​ភ័យខ្លាច ក្នុង​ការ​បំ​ពេញ​ភារកិច្ច​ដឹកនាំ​ទ័ព​វាយលុក​ពួក​ម៉ាឌាន។ ទោះ​ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​គង់នៅ​ជាមួយ និង​ប្រទាន​ជ័យជម្នះ​ក៏ដោយ ក៏​លោក​គេឌាន​នៅតែ​ទូល​សូម​ទី​សម្គាល់​ម្តង​ហើយ​ម្តង​ទៀត(ខ.១៦-២៣,៣៦-៤០)។

ទោះជាយ៉ាងណា​ក៏ដោយ ព្រះ​ទ្រង់​មិនបាន​ថ្កោលទោស​លោក​គេឌាន ដោយសារ​គាត់​មានការ​ភ័យខ្លាច​នោះ​ទេ។ ព្រះអង្គ​យល់ចិត្ត​គាត់។ នៅពេល​យប់​នៃ​ការ​ប្រយុទ្ធ ព្រះអង្គ​បាន​ធានា​លោក​គេឌាន​ម្តង​ទៀត អំពី​ជ័យជម្នះ ហើយ​ថែមទាំង​បាន​ប្រទាន​គាត់ នូវ​វិធី​ជម្នះ​ការភ័យខ្លាច​ផង​ដែរ(៧:១០-១១)។

ព្រះ​ទ្រង់​ក៏​ជ្រាប​អំពី​ការភ័យខ្លាច​របស់ខ្ញុំ​ផង​ដែរ។ ការធានា​របស់​ព្រះអង្គ បាន​នាំឲ្យ​ខ្ញុំ​មានចិត្ត​ក្លាហាន ក្នុង​ការ​ទុកចិត្ត​ព្រះអង្គ។ ខ្ញុំ​បាន​ស្គាល់​សន្តិភាព​របស់​ព្រះអង្គ ដោយ​ដឹង​ថា ព្រះអង្គ​គង់នៅ​ជាមួយ​ខ្ញុំ ទោះ​ខ្ញុំ​នឹង​ទទួលលទ្ធផល​យ៉ាងណា​ក៏ដោយ។ នៅ​ចុង​បញ្ចប់ ការពិនិត្យ​សុខភាព​របស់ខ្ញុំ​មិន​មាន​អ្វី​គួរឲ្យ​ភ័យខ្លាច​ទេ។

យើង​មាន​ព្រះ​ដែល​ជ្រាប​អំពី​ការភ័យខ្លាច​របស់​យើង ហើយ​ធានា​យើង តាមរយៈ​ព្រះគម្ពីរ និង​ព្រះវិញ្ញាណ​បរិសុទ្ធ(ទំនុកដំកើង ២៣:៤ យ៉ូហាន ១៤:១៦-១៧)។ ចូរ​យើង​ថ្វាយបង្គំ​ព្រះអង្គ ដោយ​ការ​អរព្រះគុណ ដូច​លោក​គេឌាន​ផង​ដែរ(ពួក​ចៅហ្វាយ ៧:១៥)។—KAREN HUANG

តើមាន​ការភ័យខ្លាច ឬ​បញ្ហា​ប្រឈម​អ្វី ដែល​អ្នក​កំពុង​ជួបប្រទះ? តើ​អ្នកមាន​ការ​លើកទឹកចិត្ត​យ៉ាងណា ពេល​ដែល​បានដឹង​ថា ព្រះ​គង់នៅ​ជាមួយ និង​សព្វព្រះទ័យ​នឹង​ជួយ​អ្នក?

ឱ​ព្រះ​អម្ចាស់ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​មិនបាន​ថ្កោលទោស​ទូលបង្គំ ដោយសារ​ទូលបង្គំ​មានការ​ភ័យខ្លាច តែ​ព្រះអង្គ​តែងតែ​ធានា​ទូលបង្គំ​ជាថ្មី​ម្តង​ទៀត​ថា ព្រះអង្គ​គង់នៅ​ជាមួយ​ទូលបង្គំ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ងាក​ទៅ​រក​ព្រះអង្គ ពេលណា​ទូលបង្គំ​មានការ​ភ័យខ្លាច ហើយ​រៀន​ទុកចិត្ត​ព្រះអង្គ។

For further study, read Clinging to Hope in the Storm at DiscoverySeries.org​/Q0746.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហាកាយ ១-២ និង វិវរណៈ ១៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles