សេចក្តីបន្ទាល់របស់បញ្ញាចិត្តយើងខ្ញុំ ដែលសំដែងថា យើងខ្ញុំបានប្រព្រឹត្តក្នុងលោកីយ៍នេះ …ដោយសេចក្តីបរិសុទ្ធ និងសេចក្តីស្មោះត្រង់របស់ព្រះ។ ២កូរិនថូស ១:១២
កាលឆ្នាំ១៥២៤ លោកម៉ាទីន លូស័រ(Martin Luther) បានសង្កេតឃើញថា “ក្នុងចំណោមពួកអ្នកជំនួញ មានគោលការណ៍មួយ ដែលពួកគេបានយកជាអាទិភាពគឺ … ខ្ញុំមិនខ្វល់អ្វីសោះ អំពីអ្នកជិតខាងខ្ញុំ ដរាបណា ខ្ញុំបានទទួលផលចំណេញ ហើយបានបំពេញភាពលោភលន់របស់ខ្ញុំ”។ ជាង២រយឆ្នាំក្រោយមក លោកចន វូលមែន(John Woolman) មកពីតំបន់ម៉ោន ហូលី រដ្ឋញូជើរស៊ី បានអនុញ្ញាតឲ្យការប្ដេជ្ញាចិត្ត ដែលគាត់មានចំពោះព្រះ មានឥទ្ធិពលមកលើមុខរបរជាជាងកាត់ដេរសំលៀកបំពាក់របស់គាត់។ ដោយសារគាត់គាំទ្រការដោះលែងពួកទាសករនៅអាមេរិកឲ្យមានសេរីភាព នោះគាត់ក៏បានបដិសេធន៍មិនព្រមទិញផ្កាកប្បាស និងថ្នាំសម្រាប់ជ្រលក់ពណ៌ក្រណាត់ ពីក្រុមហ៊ុនដែលប្រើពលកម្មរបស់ទាសករនោះឡើយ។ ដោយបញ្ញាចិត្តដ៏ជ្រះថ្លា គាត់ក៏បានស្រឡាញ់អ្នកជិតខាងគាត់ ហើយរស់នៅ ដោយភាពទៀងត្រង់ នៅក្នុងការធ្វើជំនួញរបស់គាត់។
សាវ័កប៉ុលបានព្យាយាមរស់នៅ ដោយ “សេចក្តីបរិសុទ្ធ និងសេចក្តីស្មោះត្រង់”(២កូរិនថូស ១:១២)។ ពេលណាអ្នកខ្លះ ក្នុងពួកជំនុំក្រុងកូរិនថូស បានព្យាយាមធ្វើឲ្យគេឈប់ទទួលស្គាល់គាត់ជាសាវ័ករបស់ព្រះយេស៊ូវ គាត់ក៏បាននិយាយការពារការប្រព្រឹត្តដែលគាត់មានក្នុងចំណោមពួកគេ។ គាត់បានសរសេរថា គេអាចពិនិត្យមើលពាក្យសម្ភី និងការប្រព្រឹត្តរបស់គាត់ ឲ្យបានម៉ត់ចត់បំផុត(ខ.១៣)។ គាត់ក៏បានបង្ហាញផងដែរថា គាត់បានពឹងផ្អែកអំណាចចេស្ដា និងព្រះគុណព្រះ ដើម្បីឲ្យការងារគាត់មានប្រសិទ្ធិភាព គឺមិនពឹងអាងសមត្ថភាពខ្លួនឯងនោះទេ(ខ.១២)។ និយាយឲ្យខ្លី សេចក្តីជំនឿដែលសាវ័កប៉ុលមានចំពោះព្រះយេស៊ូវ គឺបានបង្ហាញចេញមកក្នុងការប្រព្រឹត្តទាំងអស់របស់គាត់។
ខណៈពេលដែលយើងរស់នៅជាទូតរបស់ព្រះគ្រីស្ទ ចូរយើងមានការប្រុងប្រយ័ត្នក្នុងការរស់នៅ ដើម្បីឲ្យដំណឹងល្អបានបន្លឺសម្លេងឡើង ក្នុងការប្រព្រឹត្តរបស់យើង ក្នុងគ្រួសារ មុខរបរ ។ល។ ពេលណាយើងបង្ហាញអ្នកដទៃ ឲ្យស្គាល់សេចក្តីស្រឡាញ់របស់ព្រះអង្គ ដោយព្រះចេស្ដា និងព្រះគុណព្រះអង្គ ចូរយើងថ្វាយព្រះកិត្តិនាមព្រះអង្គ និងស្រឡាញ់អ្នកជិតខាងរបស់យើងផងដែរ។—MARVIN WILLIAMS
តើពាក្យសម្ដី និងសកម្មភាពរបស់អ្នកបានធ្វើជាតំណាងឲ្យព្រះយេស៊ូវ ដូចម្តេចខ្លះ ចំពោះលោកិយ? ក្នុងនាមជាអ្នកជឿព្រះអង្គ
ហេតុអ្វីសេចក្តីបរិសុទ្ធ និងភាពស្មោះត្រង់មានសារៈសំខាន់ ក្នុងការទំនាក់ទំនងរបស់អ្នក ជាមួយអ្នកដទៃ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យបម្រើអ្នកដទៃ ដោយបញ្ញាចិត្តជ្រះថ្លា ដើម្បីឲ្យទូលបង្គំមានសេចក្តីស្រឡាញ់ពិតប្រាកដ ចំពោះពួកគេ។
For further study, read Outrageous Compassion at DiscoverySeries.org/courses/outrageous-compassion/.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សេផានា ៥-៨ និង វិវរណៈ ១៩