នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​ប្រោស​លោះ​ដែល​មានកំណត់

ការ​ប្រោស​លោះ​ដែល​មានកំណត់

ដោយUltimately with R.C. Sproul

January 10, 2023

តើ​វា​ខុស​ទេ ដែល​យើង​និយាយ​ថា ព្រះរាជកិច្ច​នៃ​ការ​ប្រោស​លោះ​របស់​ព្រះយេស៊ូវ​ មាន​ដែន​កំណត់ នៅក្នុង​ន័យ​ខ្លះ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ​ថា គោល​លទ្ធិ​នៃ​ការ​ប្រោស​លោះ​ដែល​មាន​ដែន​កំណត់ បាន​លើកឡើង​អំពី​ការអ្វី​ដែល​ព្រះគ្រីស្ទ​បាន​សម្រេច នៅ​លើ​ឈើ​ឆ្កាង យោង​តាម​ការ​រៀប​ចំ​ដ៏​អស់​កល្ប​របស់​ព្រះ។ អត្ថបទ គោល​លទ្ធិ​មួយ ក្នុងចំណោម​គោល​លទ្ធិ ដែល​យើង​ពិបាក​យល់ ក្នុង​ពួក​ជំនុំ ជាពិសេស ក្នុង​ទេវ​សាស្រ្ត​កំណែ​ទម្រង់ ដែល​ជាផ្នែក​ដ៏​សំខាន់ នៃ​គោល​លទ្ធិ​សំ​ខាន់ៗ​ទាំង​៥(អក្សរកាត់​ជា​ភាសា​អង់គ្លេស TULIP) ដែល​មាន​ដូចជា គោល​លទ្ធិ​នៃ​ភាព​ទុច្ចរិត​ទាំងស្រុង ការ​ជ្រើសរើស​ដែល​គ្មាន​លក្ខខ័ណ្ឌ ការ​ប្រោស​លោះ​ដែល​មាន​ដែន​កំណត់ ព្រះគុណ​ដែល​មិន​អាច​បដិសេធន៍​​បាន និង​ការ​ស៊ូទ្រាំ​របស់​ពួក​បរិសុទ្ធ។ ហើយ​បងប្អូន​គ្រីស្ទបរិស័ទ​ដំណឹងល្អ​ជាច្រើន បាន​ឱបក្រសោប​យក​គោល​លទ្ធិ​ទាំង៥នេះ។ ពួក​គេ​បាន​បញ្ជាក់​ថា គោល​លទ្ធិ​ទាំង៤មាន​ភាព​ត្រឹមត្រូវ លើកលែងតែ​គោល​លទ្ធិ​នៃ​ការ​ប្រោស​លោះ​ដែល​មាន​ដែន​កំណត់។ ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ចំពោះ​រឿង​វិវាទ​ជាច្រើន ដែល​បាន​កើតឡើង ទាក់ទង​នឹង​ទេវ​សាស្រ្ត​កំ​ណែ​ទម្រង់​ជា​ប្រវត្តិ​សាស្រ្ត នៅត្រង់​ផ្នែក​នេះ។ គេ​បាន​ចោទសួរ​ថា “ហេតុអ្វី​អ្នក​និយាយ​ថា ការ​ប្រោស​លោះ​របស់​ព្រះគ្រីស្ទ មាន​ដែន​កំណត់? តើ​ព្រះគម្ពីរ​មិនបាន​ចែង​ទេ​ឬថា ព្រះអង្គ​បាន​សុគត ដើម្បី​សង្រ្គោះ​ពិភពលោក​ទាំងមូល? តើ​អ្នក​កំពុងតែ​និយាយ​ថា ការ​សុគត​របស់​ព្រះយេស៊ូវ​មិន​មាន​ភាព​គ្រប់គ្រាន់ ក្នុង​ការ​ជួយ​សង្រ្គោះ​មនុស្ស​ម្នាក់​ៗ ក្នុង​ពិភពលោក​នេះ​ឬ? ប៉ុន្តែ មនុស្ស​ដដែល ដែល​បាន​ចោទសួរ​ដូចនេះ ក៏បាន​និយាយ​ផង​ដែរ​ថា មនុស្ស​ក្នុង​ពិភពលោក​មិន​បាន​សង្រ្គោះ​ទាំងអស់គ្នា​ទេ។ ហេតុអ្វី​មនុស្ស​ក្នុង​ពិភពលោក​មិនបាន​សង្រ្គោះ​ទាំងអស់គ្នា? ព្រោះ​លក្ខខណ្ឌ​ដ៏​ចាំបាច់​មួយ ដើម្បីឲ្យ​បាន​សង្រ្គោះ តាមរយៈ​ការ​សុគត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​​ដែល​បាន​ប្រោស​លោះ គឺ​ត្រូវ​មាន​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​។ ហើយ​បើ​អ្នក​មិនបាន​ទទួល​ជឿ​ព្រះយេស៊ូវ​គ្រីស្ទ​​ទេ នោះ​ការ​សុគត​នៃ​ព្រះគ្រីស្ទ​ដែល​បាន​ប្រោស​លោះ គឺ​គ្រាន់តែ​បាន​បង្ហាញថា អ្នកមាន​បាប​កាន់តែ​ធ្ងន់ នៅ​ចំពោះ​ព្រះ ហើយ​នឹង​មិន​បាន​បន្ធូរ​បន្ថយ​បាប​របស់​អ្នក​ឡើយ ព្រោះ​អ្នក​បាន​បដិសេធន៍​ដង្វាយ​លោះ​បាប​ដ៏​ឥត​ខ្ចោះ​របស់​ព្រះអង្គ ដែល​បាន​ប្រទាន​តែម្តង​ជាស​ម្រេច។ តែ​សូម​ចំណាយពេល​គិត​បន្តិច។ បើ​ព្រះយេស៊ូវ​បាន​សុគត​នៅ​លើ​ឈើឆ្កាង ដើម្បី​លោះ​បាប​មនុស្ស​ម្នាក់​ៗ ដែល​បាន​រស់នៅ​លើ​ផែនដី​នេះ ហេតុអ្វី​អ្នក​បដិសេធន៍​ការ​សន្និដ្ឋាន​ថា ព្រះ​ទ្រង់​​បាន​ជ្រើសរើស​មនុស្ស​ទាំងអស់​ឲ្យបាន​សង្រ្គោះ? បើ​ព្រះយេស៊ូវ​បាន​សុគត​ដើម្បី​លោះ​បាប​មនុស្ស​ម្នាក់​ៗ នោះ​គ្មាន​នរណា​ម្នាក់​ដែល​ព្រះអង្គ​ត្រូវ​ដាក់ទោស​នោះ​ឡើយ។ មនុស្ស​ម្នាក់​ៗ​នឹង​បាន​សង្រ្គោះ ព្រោះ​ព្រះអង្គ​បាន​លោះ​បាប​នី​មួយៗ​ហើយ។ តែ​ជា​ការពិត​ណាស់ ការ​ប្រោស​លោះ​របស់​ព្រះគ្រីស្ទ មាន​ប្រសិទ្ធិ​ភាព​សម្រាប់​តែ​អ្នក​ដែល​ជឿ​ព្រះអង្គ​ប៉ុណ្ណោះ។ ដូចនេះ ក្នុង​ន័យ​នេះ ប្រសិទ្ធិ​ភាព​នៃ​ការ​ប្រោស​លោះ​មាន​ដែន​កំណត់។ ការ​ប្រោស​លោះ​មាន​សម្រាប់​តែ​អ្នកជឿ​ប៉ុណ្ណោះ។ មានតែ​អ្នកជឿ និង​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ប៉ុណ្ណោះ ដែល​បាន​សង្រ្គោះ។ ហើយ​អ្នក​ដែល​ព្រះអង្គ​បាន​លោះ ក៏​ជា​អ្នក​ដែល​ទទួល​ការ​អត់ទោស​បាប​អស់​កល្ប​ជានិច្ច។ ចាប់តាំងពី​អស់​កល្ប​ជានិច្ច​រៀង​មក ព្រះ​ទ្រង់​មាន​ផែនការ​ចាត់​ព្រះរាជបុត្រា​ទ្រង់ ឲ្យ​យាងចុះ​មក​ផែនដី ដើម្បី​លោះ​បាប​រាស្រ្ត​ព្រះអង្គ គឺ​មិន​បាន​បន្ថែម​បន្ថយ​ផែនការ​ព្រះអង្គ នៅ​ពេល​ក្រោយ​ទៀត​នោះ​ឡើយ។      

ប្រភេទ

ល្ងាច

ព្រះដែលបានប្រោសលោះ

ព្រះដែលបានប្រោសលោះ

ដោយGlenn Packiam

January 10, 2023

កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ។ អេសាយ ៤៣:១ ក្នុង​ពេល​បង្រៀន​ព្រះបន្ទូល ខ្ញុំ​បាន​ធ្វើការ​ពន្យល់ ដោយ​ដើរទៅ​រក​ផ្ទាំងគំនូរ​ដ៏​ស្រស់​ស្អាត​មួយ ដែល​វិចិត្រករ​បាន​ដាក់​តាំង នៅ​លើ​ឆាក ហើយ​ខ្ញុំ​ក៏បាន​យក​ថ្នាំ​ពណ៌ខ្មៅ​មក​គូស​ចំ​ពាក់​កណ្តាល​រូប​នោះ។ ពួក​ជំនុំ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ វិចិត្រករ​រូប​នោះ​គ្រាន់តែ​បាន​ឈរ​មើល​ខ្ញុំ​ធ្វើឲ្យខូច​ស្នាដៃ​របស់​នាង។ បន្ទាប់មក នាង​ក៏បាន​យក​ជក់​ថ្មី​មួយ​មក​គូរ​ពីលើ​រូប​នោះ ដោយ​កែប្រែ​រូបគំនូរ​ដែល​បាន​ខូច ឲ្យ​ក្លាយជា​ស្នា​ដៃ​សិល្បៈ​ដ៏​ល្អ​ប្រណិត។ ការ​កែសម្រួល​រូបគំនូរ​ឡើងវិញ នៅ​ថ្ងៃ​នោះ បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​កិច្ចការ​ដែល​ព្រះ​ទ្រង់​អាច​ធ្វើ ក្នុង​ជីវិត​យើង ពេលណា​យើង​បាន​ធ្វើឲ្យ​ជីវិត​ខ្លួនឯង​មាន​ភាព​រញ៉េរញ៉ៃ។ ហោរា​អេសាយ​បាន​ស្តី​បន្ទោស​ឲ្យ​ប្រជាជន​អ៊ីស្រាអែល ដែល​បាន​ជ្រើសរើស​យក​ភាព​ខ្វាក់ និង​ភាព​គថ្លង់​ខាងវិញ្ញាណ(អេសាយ ៤២:១៨-១៩) តែ​បន្ទាប់មក គាត់​ក៏បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអង្គ​ថា កុំ​ឲ្យ​ភ័យខ្លាច​ឡើយ ដ្បិត​ព្រះអង្គ​បាន​លោះ​ពួក​គេ​ហើយ(៤៣:១)។ នេះ​ជា​ការប្រកាស អំពី​សេចក្តី​សង្ឃឹម​នៃ​ការ​រំដោះ និង​ការ​ប្រោស​លោះ​របស់​ព្រះអង្គ។ ព្រះអង្គ​ក៏​អាច​លោះ​យើង​ផង​ដែរ។ ពេលណា​យើង​បាន​ប្រព្រឹត្ត​អំពើបាប បើ​យើង​បាន​សារភាព​បាប ហើយ​ងាក​បែរមក​រក​ព្រះអង្គ​វិញ ព្រះអង្គ​នឹង​អត់ទោស​ឲ្យ​យើង ហើយ​ស្អាង​យើង​ឡើងវិញ(ខ.៥-៧ និង មើល ១យ៉ូហាន ១:៩)។ យើង​មិន​អាច​នាំ​ភាព​ស្រស់​ស្អាត​ចេញពី​ជីវិត​ដ៏​រញ៉េរញ៉ៃ​របស់​យើង​បានទេ មានតែ​ព្រះយេស៊ូវ​ទេ​ដែល​អាច​ធ្វើ​ដូច​នេះ​បាន។ ដំណឹងល្អ​នោះ​គឺថា ព្រះអង្គ​បាន​ប្រោស​លោះ​យើង ដោយសារ​ព្រះ​លោហិត​របស់​ព្រះអង្គ​ហើយ។ កណ្ឌ​គម្ពីរ​វិវរណៈ​បាន​ធានា​យើង​ថា នៅ​ចុងបញ្ចប់ ព្រះ​យេស៊ូវ​នឹង​ជូត​ទឹកភ្នែក​យើង​ចេញ សេចក្តី​ដែល​មាន​ពីមុន​នឹង​កន្លង​ផុត​ទៅ ព្រះអង្គ​ធ្វើ​ឲ្យ​អ្វីៗ​ថ្មី​ឡើងវិញ(វិវរណៈ ២១:៤-៥)។ យើង​មិន​អាច​យល់​អំពី​រឿង​របស់​យើង​បាន​ច្បាស់​ទេ តែ​ព្រះ​ដែល​ស្គាល់ឈ្មោះ​យើង(អេសាយ ៤:៣១) ទ្រង់​នឹង​ធ្វើឲ្យ​ជីវិត​យើង​មាន​ភាព​ស្រស់​ស្អាត​ឡើង ហួស​ក្តី​ស្រមៃ​របស់​យើង។ បើ​អ្នក​បាន​ទទួលការ​ប្រោស​លោះ ដោយ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​ហើយ នោះ​រឿង​នៃ​ជីវិត​អ្នក​នឹង​មាន​ទី​បញ្ចប់​ដ៏​រុងរឿង។—GLENN PACKIAM

តើ​ជីវិត​អ្នកមាន​ភាព​រញ៉េរញ៉ៃ​យ៉ាងណា? តើ​ព្រះ​ទ្រង់​បាន​ប្រទាន​ការ​ស្អាង​ឡើងវិញ និង​ការ​ប្រោស​លោះ​ដូចម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​មិនដែល​បោះបង់ចោល​ទូលបង្គំ។ ទូលបង្គំ​សូម​ចុះចូល​ព្រះអង្គ ហើយ​សូម​ព្រះអង្គ​ស្អាង​ទូលបង្គំ​ឡើងវិញ ត្រង់​ចំណុច​ណា​ដែល​ទូលបង្គំ​បាន​ធ្វើ​ឲ្យ​ខូច។

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : លោកុប្បត្តិ ២៥-២៦ និង ម៉ាថាយ ៨:១-១៧