ព្រះអង្គមិនដែលយឺតពេលឡើយ

ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា ប្អូន​នាង​នឹង​រស់​ឡើងវិញ។ យ៉ូហាន ១១:២៣

គ្រូគង្វាល​របស់ខ្ញុំ​ជា​ជាតិ​អាមេរិក បាន​មកលេង​ទីប្រជុំ​ជន​តូច​មួយ នៅ​តំបន់​អាហ្វ្រិក​ខាងលិច។ គាត់​បាន​ព្យាយាម​មក​ព្រះវិហារ​ឲ្យ​ទាន់​ម៉ោង ដើម្បី​ចូលរួម​កម្មវិធី​ថ្វាយបង្គំ​នៅ​ម៉ោង១០ព្រឹក។ ទោះជា​យ៉ាង​ក៏ដោយ ពេល​គាត់​មកដល់ គាត់​មិនឃើញ​មាន​នរណា​ម្នាក់​មាន​វត្តមាន​នៅ​ទីនោះ​សោះ។ ដូចនេះ គាត់​ក៏បាន​រង់ចាំ អស់​មួយ​ម៉ោង​ហើយ មួយ​ម៉ោង​ទៀត។ ទីបំផុត នៅ​ម៉ោង​ប្រហែល១២ ៣០នាទី លោកគ្រូ​គង្វាល​ប្រចាំ​តំបន់​បាន​មកដល់ បន្ទាប់ពី​ការ​ដើរមក​ពី​ចម្ងាយ ដោយមាន​ក្រុម​ចម្រៀង​មក​ជាមួយ និង​សមាជិក​ពួក​ជំនុំ​នៅក្នុង​ក្រុង​នោះ ហើយ​កម្មវិធី​ថ្វាយបង្គំ​ក៏បាន​ចាប់ផ្តើម។ ក្រោយមក​គាត់​ថា កម្មវិធី​នោះ​បាន​ចាប់ផ្តើម​តាម​ពេល​ដែល​ព្រះ​បាន​កំណត់។ គាត់​ថា “ព្រះវិញ្ញាណ​បាន​ស្វាគមន៍​យើង​ចូលក្នុង​ការថ្វាយបង្គំ ហើយ​ព្រះ​ទ្រង់​មិនដែល​យឺត​ឡើយ”។ គ្រូគង្វាល​របស់ខ្ញុំ​បានដឹង​ថា វប្បធម៌​នៅ​ទីនោះ មាន​ភាព​ខុសប្លែក​ពី​វប្បធម៌​របស់​គាត់ ដោយ​មូលហេតុ​ដ៏​ល្អ។

ការកំណត់​ពេលវេលា​ហាក់​ដូចជា​មាន​ភាព​ខុសគ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ តែ​ព្រះគម្ពីរ​ទាំងមូល​បាន​ចែង អំពី​លក្ខណៈ​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ ដែល​តែងតែ​ទាន់ពេល​ជានិច្ច។ ហេតុនេះ​ហើយ​បាន​ជា ព្រះ​យេស៊ូវ​បាន​ធ្វើដំណើរ​មក​ប្រោស​លោក​ឡា​សា បន្ទាប់ពី​គាត់​បាន​ស្លាប់​អស់៤ថ្ងៃហើយ។ កាល​នោះ បងស្រី​របស់​លោក​ឡា​សាបាន​សួរ​ព្រះអង្គ​ថា “ព្រះអម្ចាស់​អើយ បើសិនជា​ទ្រង់​បាន​គង់នៅ​ទីនេះ នោះ​ប្អូន​ខ្ញុំម្ចាស់​មិនបាន​ស្លាប់​ទេ”(យ៉ូហាន ១១:២១)។ យើង​ប្រហែលជា​គិត​ដូចនេះ​ផង​ដែរ ដោយ​ឆ្ងល់​ថា ហេតុអ្វី​ព្រះ​ទ្រង់​មិន​ប្រញាប់​ជួយ​ដោះស្រាយ​បញ្ហា​យើង។ តែ​យកល្អ យើង​គួរតែ​រង់ចាំ​ចម្លើយ និង​ព្រះ​ចេស្តា​ព្រះអង្គ ដោយ​ជំនឿ។

គឺ​ដូចដែល​ទេវវិទូ​ឈ្មោះ ហោ​វើត ធួ​រមិន(Howard Thurman) បាន​សរសេរ​ថា “ឱ​ព្រះវរបិតា យើងខ្ញុំ​រង់ចាំ​ព្រះអង្គ ទាល់តែ​យើងខ្ញុំ​បាន​ទទួល​កម្លាំង​ពី​ព្រះអង្គ ទាល់តែ​យើងខ្ញុំ​មាន​ចិត្ត​ដូច​ព្រះទ័យ​ព្រះអង្គ ហើយ​ទាល់តែ​ទូលបង្គំ​អត់ទោស​ឲ្យ​គេ ដូច​ព្រះអង្គ​បាន​អត់ទោស​ឲ្យ​ទូលបង្គំ។ ឱ​ព្រះអង្គ​អើយ ទូលបង្គំ​សូម​រង់ចាំ​ហើយ រង់ចាំ​ទៀត”។ ដូចនេះ ពេលណា​ព្រះ​ទ្រង់​ឆ្លើយតប យើង​នឹង​បាន​ទទួល​ព្រះពរ​ដោយ​ការ​អស្ចារ្យ ដូច​លោក​ឡា​សា​ដែរ ដោយ​ព្រះអង្គ​មិនដែល​យឺត​ពេល​ឡើយ។—PATRICIA RAYBON

តើ​អ្នក​កំពុង​រង់ចាំ​ព្រះ​ធ្វើអ្វី ឬ​ប្រទាន​អ្វី​ដល់​អ្នក? តើ​អ្នក​អាច​រង់ចាំ​ព្រះអង្គ ដោយ​ជំនឿ​យ៉ាងដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​វរបិតា ទូលបង្គំ​រង់ចាំ​ព្រះអង្គ។ សូម​ព្រះអង្គ​ប្រទាន​ទូលបង្គំ នូវ​កម្លាំង និង​ក្តី​សង្ឃឹម ខណៈ​ពេល​ដែល​ទូលបង្គំ​កំពុង​រង់ចាំ​ព្រះអង្គ ដោយចិត្ត​ស្មោះត្រង់។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោ​កុប្បត្តិ ៤១-៤២ និង ម៉ាថាយ ១២:១-២៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles