ហើយជំហួលនៃសេចក្តីនោះក៏ជាជំហួលនៃភ្លើង ជាអណ្តាតភ្លើងយ៉ាងសហ័សដែលមកពីព្រះ។ បទចម្រៀងសាឡូម៉ូន ៨:៦
លោកវីលៀម ប្លេក(William Blake) ជាកវីកំណាព្យ ជាងគំនូរ និងអ្នកបោះពុម្ភ បានអរសប្បាយនឹងជីវិតអាពាហ៍ពិពាហ៍ ជាមួយអ្នកស្រីខាតធ័ររីន(Catherine) ជាភរិយារបស់គាត់។ ចាប់តាំងពីថ្ងៃរៀបការរបស់ពួកគេ រហូតដល់ពេលគាត់លាចាកលោកនៅឆ្នាំ ១៨២៧ អ្នកទាំងពីរតែងតែបានធ្វើការជាដៃគូរជានិច្ច។ អ្នកស្រីខាតធ័ររីនបានដាក់ពណ៌ឲ្យរូបគំនូរដែលលោកវីលៀមបានគូរព្រៀង ហើយពួកគេនៅតែមានការប្តូរផ្តាច់ ទោះជាមានភាពក្រីក្រ និងបញ្ហាប្រឈមផ្សេងៗ អស់ជាច្រើនឆ្នាំ។ សូម្បីតែនៅសប្តាហ៍ចុងក្រោយនៃជីវិតរបស់លោកប្លេក ពេលដែលសុខភាពគាត់បានចុះខ្សោយ គាត់នៅតែបន្តគូរគំនូរ ហើយគាត់ក៏បានគូររូបមុខប្រពន្ធគាត់ ក្នុងគំនូរព្រៀងចុងក្រោយរបស់គាត់។ ៤ឆ្នាំក្រោយមក អ្នកស្រីខាតធ័ររីនក៏បានលាចាកលោកផងដែរ ដោយដៃគាត់កំពុងកាន់ខ្មៅដៃរបស់ស្វាមីគាត់ជាប់។
សេចក្តីស្រឡាញ់ដ៏រឹងមាំរបស់លោកប្លេក បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីស្រឡាញ់ ដែលមានចែងក្នុងកណ្ឌគម្ពីរបទចម្រៀងសាឡូម៉ូន។ កណ្ឌគម្ពីរនេះបានពិពណ៌នា អំពីសេចក្តីស្រឡាញ់ ក្នុងបរិបទនៃទំនាក់ទំនងប្តីប្រពន្ធ តែអ្នកជឿព្រះយេស៊ូវ នៅសម័យពួកជំនុំដំបូងបានជឿថា កណ្ឌគម្ពីរនេះក៏បានចង្អុលបង្ហាញ ឲ្យយើងងាកទៅរកសេចក្តីស្រឡាញ់ដែលមិនចេះរលត់ ដែលព្រះយេស៊ូវមានចំពោះអ្នកដើរតាមព្រះអង្គ។ បទចម្រៀងនេះក៏បានពិពណ៌នា អំពីសេចក្តីស្រឡាញ់ ដែលខ្លាំងដូចសេចក្តីស្លាប់ ជាពាក្យប្រៀបប្រដូច ដែលគួរឲ្យកត់សំគាល់ ព្រោះសេចក្តីស្លាប់ ជាចំណុចចុងក្រោយ ដែលមិនអាចជៀសរួច ដែលមនុស្សបានស្គាល់(៨:៦)។ សេចក្តីស្រឡាញ់ដ៏រឹងមាំនេះ “ក៏ជាជំហួលនៃភ្លើង ជាអណ្តាតភ្លើងយ៉ាងសហ័សដែលមកព្រះ”(ខ.៦)។ ហើយខុសពីភ្លើងដែលយើងធ្លាប់ស្គាល់ ភ្លើងនៃសេចក្តីស្រឡាញ់នេះ មិនអាចពន្លត់បាន ឬជន់ពន្លិចបានឡើយ(ខ.៧)។
តើក្នុងចំណោមយើង មាននរណាខ្លះ ដែលមិនចង់បានសេចក្តីស្រឡាញ់ពិត? បទចម្រៀងសាឡូម៉ូនបានរំឭកយើងថា សេចក្តីស្រឡាញ់ពិតដែលយើងបានជួប គឺមានប្រភពមកពីព្រះ។ ហើយក្នុងព្រះយេស៊ូវ យើងម្នាក់ៗអាចស្គាល់សេចក្តីស្រឡាញ់ដ៏ធំធេង និងមិនចេះប្រែប្រួល គឺសេចក្តីស្រឡាញ់ដូចភ្លើងដែលឆាបឆេះ។—WINN COLLIER
តើអ្នកបានស្គាល់សេចក្តីស្រឡាញ់ដ៏រឹងមាំ នៅកន្លែងណា? តើសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ បានលើកទឹកចិត្តអ្នកដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ ឲ្យទទួល ហើយចែករំលែកសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់អ្នកដទៃ។
For further study, read How God Loves Us at DiscoverySeries.org/courses/how-god-loves-us/
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ៤៩-៥០ និង ម៉ាថាយ ១៣:៣១-៥៨