ទ្រង់បានចាត់ពីលើស្ថានដ៏ខ្ពស់មក ចាប់ស្រង់ទូលបង្គំចេញពីទឹកធំ។ ទំនុកដំកើង ១៨:១៦
នៅក្នុងការបង្ហោះសារ កាលពីពេលថ្មីៗនេះ អ្នកនិពន្ធអត្ថបទតាមវេបសាយ ឈ្មោះ បុននី ក្រេយ(Bonnie Gray) បានរំឭកអំពីរឿងដែលទើបតែបានកើតឡើងចំពោះគាត់ ពេលដែលគាត់មានការពិបាកចិត្តជាពន់ពេក។ គាត់បានលើកឡើងថា ក្នុងអំឡុងពេលដែលគាត់កំពុងតែស្ថិតក្នុងដំណាក់កាលដ៏សប្បាយរីករាយបំផុតនៃជីវិតគាត់ គាត់ស្រាប់តែមានការភ័យខ្លាចយ៉ាងខ្លាំង និងមានជំងឺធ្លាក់ទឹកចិត្តផងដែរ។ គាត់បានព្យាយាមស្វែងរកវិធីសាស្រ្តខុសៗគ្នា ដើម្បីជម្នះការឈឺចាប់របស់គាត់ តែមិនយូរប៉ុន្មាន គាត់ក៏បានដឹងថា គាត់មិនមានភាពរឹងមាំល្មមអាចនឹងតយុទ្ធនឹងវាតែម្នាក់ឯងបានឡើយ។ គាត់ថា គាត់មិនចង់ឲ្យគេចោទសួរគាត់ អំពីជំនឿរបស់គាត់នោះទេ ដូចនេះ គាត់ក៏នៅតែមិនព្រមចែកចាយឲ្យនរណាម្នាក់ដឹងអំពីរឿងនេះ ហើយបានអធិស្ឋានសូមឲ្យជំងឺធ្លាក់ទឹកចិត្តនោះរលាយបាត់ទៅ ដោយខ្លួនឯង។ តែព្រះទ្រង់សព្វព្រះទ័យនឹងប្រោសយើងឲ្យជា មិនមែនធ្វើឲ្យយើងខ្លាចគេ ឬលាក់បាំងការឈឺចាប់របស់យើងនោះឡើយ។ គាត់ក៏បានរកឃើញការប្រោសឲ្យជា នៅក្នុងព្រះវត្តមានដ៏កម្សាន្តចិត្តរបស់ព្រះអង្គ ដោយព្រះអង្គបានធ្វើជាយុថ្ការបស់គាត់ នៅពេលដែលរលកដ៏ធំនៃទុក្ខលំបាកកំពុងគំរាមកំហែងជីវិតគាត់។
ពេលណាយើងស្ថិតក្នុងសណ្ឋានទៀបថោក ហើយមានពេញដោយភាពអស់សង្ឃឹម ព្រះទ្រង់តែងតែត្រៀមខ្លួនជួយ និងទ្រទ្រង់យើង។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៨ ស្តេចដាវីឌបានសរសើរដំកើងព្រះ ដែលបានរំដោះគាត់ឲ្យរួចពីសណ្ឋានទៀបថោក បន្ទាប់ពីទ្រង់ស្ទើរតែចាញ់ខ្មាំងសត្រូវរបស់ទ្រង់។ ស្តេចដាវីឌក៏បានប្រកាសថា “ទ្រង់បានចាត់ពីលើស្ថានដ៏ខ្ពស់មក ចាប់ស្រង់ទូលបង្គំចេញពីទឹកធំ”(ខ.១៦)។ ពេលណាភាពអស់សង្ឃឹមហាក់ដូចជាចង់លេបត្របាក់យើង ដូចរលកយក្សស៊ូណាមិ ព្រះទ្រង់ស្រឡាញ់យើងយ៉ាងខ្លាំង បានជាព្រះអង្គឈោងមករកយើង ហើយជួយយើង ដោយនាំយើងចូលទៅទីធំទូលាយ នៃសន្តិភាព និងសុវត្ថិភាព(ខ.១៩)។ ចូរយើងមើលទៅព្រះអង្គ ដោយស្វែងរកទីជ្រកកោនក្នុងព្រះអង្គ ពេលណាយើងមានអារម្មណ៍ថា ពិបាកពេក ដោយសារបញ្ហាប្រឈមក្នុងជីវិត។—KIMYA LODER
តើអ្នកមានអារម្មណ៍ថា ពិបាកពេក ដោយសារទុក្ខលំបាក នៅពេលណា? តើព្រះទ្រង់បានជួយទ្រទ្រង់អ្នកដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ មានពេលខ្លះទូលបង្គំមានអារម្មណ៍ថា បន្ទុកទូលបង្គំធ្ងន់ពេក មិនអាចឲ្យទូលបង្គំសែងបាន។ សូមព្រះអង្គបន្តឈោងមករកទូលបង្គំ ដោយទ្រទ្រង់ និងប្រទានទូលបង្គំនូវសន្តិភាព កម្លាំង និងប្រាជ្ញា។
For further study, read When the Going Gets Tough: Finding Hope and Joy in Our Trials at DiscoverySeries.org/HP072.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ៤-៦ និង ម៉ាថាយ ១៤:២២-៣៦