មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីកំសាន្តចិត្ត។ ម៉ាថាយ ៥:៤
ខ្ញុំបានទទួលអ៊ីមែលមួយពីយុវជនម្នាក់ នៅប្រទេសអង់គ្លេស ដែលក្នុងនោះ គាត់បានរៀបរាប់ថា ឪពុកគាត់(មានអាយុ៦៣ឆ្នាំ) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងស្ថានភាពដែលគួរឲ្យព្រួយបារម្ភ។ យើងមិនដែលជួបគ្នាទេ តែការងារដែលឪពុកគាត់បានធ្វើ មានចំណុចដែលដូចគ្នាជាច្រើន។ គាត់បានសុំឲ្យខ្ញុំថតវីដេអូចែកចាយការលើកទឹកចិត្ត និងការអធិស្ឋាន ដើម្បីលើកទឹកចិត្តឪពុកគាត់។ ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង បានជាខ្ញុំថតវីដេអូចែកចាយព្រះបន្ទូលខ្លីៗ និងអធិស្ឋានសូមការប្រោសឲ្យជា។ គាត់ប្រាប់ខ្ញុំថា ឪពុកគាត់បានមើលវីដេអូនោះ និងបានបង្ហាញការពេញចិត្តយ៉ាងខ្លាំង។ គួរឲ្យសោកស្តាយណាស់ ពីរបីថ្ងៃក្រោយមក ខ្ញុំបានទទួលអ៊ីមែលមួយទៀត ដែលបានប្រាប់ខ្ញុំថា ឪពុកគាត់បានលាចាកលោកហើយ។ ឪពុកគាត់បានកាន់ដៃម្តាយគាត់ជាប់ នៅពេលឪពុកគាត់ផុតដង្ហើម។
ខ្ញុំអាណិតគាត់ខ្លោចចិត្ត ពេលដែលបានឃើញសេចក្តីស្រឡាញ់ និងភាពសោកសៅយ៉ាងនេះ។ ក្រុមគ្រួសារមួយនេះបានបាត់បង់ស្វាមី និងឪពុកលឿនពេក។ តែយើងមានការភ្ញាក់ផ្អើល ពេលដែលបានឮព្រះយេស៊ូវមានបន្ទូលយ៉ាងច្បាស់ថា “មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីកំសាន្តចិត្ត”(ម៉ាថាយ ៥:៤)។ ត្រង់ចំណុចនេះ ព្រះយេស៊ូវមិនមែនកំពុងតែមានបន្ទូលថា ទុក្ខវេទនា និងការសោកសង្រេងគឺជារឿងល្អនោះទេ តែផ្ទុយទៅវិញ ព្រះអង្គសព្វព្រះទ័យឲ្យយើងដឹងថា សេចក្តីមេត្តា និងសេចក្តីសប្បុរសរបស់ព្រះអង្គ បានចាក់បង្ហូរមកលើអស់អ្នកដែលត្រូវការសេចក្តីមេត្តារបស់ព្រះអង្គបំផុត។ អ្នកដែលកំពុងជាប់ខ្លួន នៅក្នុងការសោកសង្រេង ដោយមនុស្សជាទីស្រឡាញ់បានស្លាប់ ឬដោយសារអំពើបាបរបស់ខ្លួនឯង ជាមនុស្សដែលកំពុងត្រូវការការកម្សាន្តចិត្តពីព្រះខ្លាំងបំផុត ហើយព្រះយេស៊ូវបានសន្យាថា “អ្នកទាំងនោះនឹងបានសេចក្តីកម្សាន្តចិត្ត”(ខ.៤)។
ព្រះទ្រង់ឈោងមករកយើង ដែលជាកូនស្ងួនភ្ងារបស់ព្រះអង្គ(ខ.៩)។ ព្រះអង្គប្រទានពរយើង ពេលយើងកំពុងសម្រក់ទឹកភ្នែក។—WINN COLLIER
តើអ្នកបានជួបរឿងដ៏សោកសៅ នៅត្រង់ចំណុចណាខ្លះ ក្នុងរឿងរបស់អ្នក និងរឿងរបស់អ្នកដទៃ? តើការសន្យារបស់ព្រះយេស៊ូវថា នឹងប្រទានព្រះពរ បានកែប្រែគំនិតរបស់អ្នក អំពីការសោកសង្រេង យ៉ាងដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ពេលណាទូលបង្គំមានការសោកសង្រេង សូមព្រះអង្គជួយទូលបង្គំឲ្យបានពិសោធន៍នឹងព្រះពររបស់ព្រះអង្គ សូម្បីតែនៅពេលទូលបង្គំកំពុងស្រក់ទឹកភ្នែកក៏ដោយ។
To learn more about coping with loss, visit ODBU.org/CC012.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ២៧-២៨ និង ម៉ាថាយ ២១:១-២២