យើងខុសធ្ងន់ណាស់ បើយើងគិតថា ការថ្វាយបង្គំរបស់យើងរាប់បញ្ចូលតែពាក្យដែលយើងច្រៀងថ្វាយដល់ព្រះ តែមិនរាប់បញ្ចូលពាក្យពេចន៍ដែលព្រះអង្គមានបន្ទូលមកកាន់យើង។ នៅថ្ងៃនេះដែរ លោកអរ ស៊ី ស្រ្ពោល(R.C. Sproul) សូមលើកឡើង អំពីការដែលយើងត្រូវមានការយល់ដឹងទាំងស្រុង តាមព្រះគម្ពីរ អំពីការថ្វាយបង្គំ ដែលមានព្រះទ្រង់ជាចំណុចកណ្តាល។
អត្ថបទ
ឆ្នាំមុន ក្នុងសន្និបាតនៃការផ្សព្វផ្សាយជំនឿក្នុងប្រទេសប្រចាំឆ្នាំ ដែលហៅកាត់ថា សន្និបាត NRB មានមនុស្ស៧ ឬ៨ពាន់នាក់ បានចូលរួម។ ពួកគេមានកម្មវិធីថ្វាយបង្គំដ៏វែងមួយ មានរយៈពេលប្រហែល២ម៉ោង ដែលការចែងចាយព្រះបន្ទូល គួរតែជាចំណុចសំខាន់បំផុតនៃកម្មវិធីនេះ។ ហើយខ្ញុំចាំច្បាស់ថា នៅថ្ងៃនោះ មុនពេលគេអានព្រះគម្ពីរ និងចែកចាយព្រះបន្ទូល គេបានច្រៀងបទចម្រៀងជាច្រើន អស់រយៈពេល៤០នាទី ហើយអ្នកដឹកនាំក៏បាននិយាយថា “យើងត្រូវចំណាយពេលថ្វាយបង្គំព្រះជាមុនសិន មុននឹងយើងស្តាប់ព្រះបន្ទូល”។
រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំនៅតែហួសចិត្ត ដោយសាររឿងនេះ។ តើពួកជំនុំសម័យបច្ចុប្បន្នកំពុងតែមានបញ្ហាអ្វី បានជាពួកគេកាត់ផ្តាច់ការចែកចាយព្រះបន្ទូល ចេញពីការថ្វាយបង្គំ ធ្វើមើលតែការស្តាប់ព្រះបន្ទូលព្រះដោយការផ្ចង់ចិត្ត មិនមែនជាផ្នែកមួយដ៏សំខាន់នៃការថ្វាយបង្គំ។ តើការថ្វាយដង្វាយ១ភាគ១០ ដល់ព្រះអម្ចាស់ នៅពេលព្រឹកថ្ងៃអាទិត្យបានឈប់ធ្វើជាផ្នែកដ៏សំខាន់នៃការថ្វាយបង្គំ ចាប់តាំងពីពេលណា? តើការអធិស្ឋានបានឈប់ធ្វើជាផ្នែកដ៏សំខាន់នៃការជួបជុំគ្នារបស់ពួកបរិសុទ្ធ ក្នុងការថ្វាយបង្គំ ចាប់តាំងពីពេលណាដែរ?
បើយើងមិនបានឲ្យតម្លៃមកលើធាតុផ្សំដ៏សំខាន់ទាំងនេះ ក្នុងកម្មវិធីថ្វាយបង្គំព្រះទេ នោះមានន័យថា យើងកំពុងតែមានការយល់ខុសអំពីការថ្វាយបង្គំព្រះហើយ។ ការយល់ខុសនេះ ក៏បាននាំឲ្យសហគមន៍គ្រីស្ទបរិស័ទមានការដាច់ចេញកាន់តែឆ្ងាយពីសេចក្តីពិតរបស់ព្រះ ហើយបានបណ្តាលឲ្យរាស្រ្តព្រះអង្គ មានភាពងងឹតងងល់អំពីចារិកលក្ខណៈរបស់ព្រះអង្គ។