ចូលជ្រកយ៉ាងសុខសាន្តនៅក្នុងព្រះ

ឯ​ទូល​បង្គំ នឹង​ពោល​ពី​ព្រះយេហូវ៉ា​ថា ទ្រង់​ជាទី​ពឹង​ពំនាក់ ជា​បន្ទាយ​នៃ​ទូលបង្គំ គឺជា​ព្រះ​នៃ​ទូលបង្គំ​ហើយ ទូលបង្គំ​ទុកចិត្ត​នឹង​ទ្រង់។ ទំនុកដំកើង ៩១:២

នៅពេល​ល្ងាច​ថ្ងៃមួយ ពេល​ខ្ញុំ​កំពុង​រត់​ត្រឹកៗ ដើម្បី​ហាត់ប្រាណ នៅ​ក្បែរ​ការដ្ឋាន​សំណង់​មួយ ក្នុង​តំបន់​ដែល​យើង​រស់នៅ ខ្ញុំ​ឃើញ​កូន​ឆ្មា​មួយ​ក្បាល មាន​រូបរាង​ស្គម និង​ប្រឡាក់​ដី កំពុង​ស្រែកយំ​ដាក់​ខ្ញុំ ដោយ​សម្លេង​គួរឲ្យ​អាណិត ហើយក៏​បាន​ដើរតាម​ខ្ញុំ រហូតដល់​ផ្ទះ​ខ្ញុំ។ សព្វថ្ងៃ​នេះ មីគឃី(Mickey) បាន​ប្រែ​ក្លាយ​ជា​សត្វ​ឆ្មា​ពេញវ័យ មាន​សុខភាព​ល្អ​គួរឲ្យ​ស្រឡាញ់ និង​កំពុង​អរ​សប្បាយ​នឹង​ជីវិត​ដ៏​សុខ​ស្រួល ក្នុង​ផ្ទះ​របស់ខ្ញុំ ហើយ​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ស្រឡាញ់​វា​យ៉ាង​ខ្លាំង។ ពេលណា​ខ្ញុំ​រត់​ត្រឹកៗ ដើម្បី​ហាត់ប្រាណ កាត់តាម​កន្លែង​ដែល​ខ្ញុំ​បាន​រក​ឃើញ​វា ខ្ញុំ​ច្រើនតែ​អរព្រះគុណ​ព្រះ ដែល​បាន​ឲ្យ​សត្វ​ឆ្មា​មីគឃី​ឈប់​រស់នៅ​អនាថា ហើយ​ឲ្យ​វា​មានផ្ទះ​សម្រាប់​រស់នៅ។

បទ​គម្ពីរ​ទំនុកដំកើង ជំពូក៩១ បាន​ចែង​អំពី​អ្នក​ដែល “នៅ​ជាប់​ក្នុង​ទី​កំបាំង នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត”(ខ.១) ដោយ​បាន​នៅជា​មួយ​ព្រះអង្គ។ ក្នុង​ព្រះគម្ពីរ​ដើម​ភាសា​ហេព្រើរ ពាក្យ នៅ​ជាប់ គឺ​មានន័យថា “នៅ​ជាប់​ជា​អចិន្ត្រៃយ៍”។ ពេលណា​យើង​នៅ​ជាប់​ក្នុង​ព្រះអង្គ នោះ​ព្រះអង្គ​ជួយ​យើង​ឲ្យ​រស់នៅ តាម​ប្រាជ្ញា​របស់​ព្រះអង្គ ហើយ​ស្រឡាញ់​ព្រះអង្គ​លើស​អ្វីៗ​ទាំងអស់(ខ.១៤ យ៉ូហាន ១៥:១០)។ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​ការកម្សាន្ត​ចិត្ត តាមរយៈ​ការ​នៅ​ជាប់​ជាមួយ​ព្រះអង្គ​អស់​កល្ប​ជានិច្ច ក៏ដូចជា​សន្យា​ប្រទាន​សុវត្ថិភាព ក្នុង​ពេល​ដែល​យើង​ជួប​ទុក្ខ​លំបាក​នៅ​ផែនដី។ ទោះ​បញ្ហា​អាច​កើតមាន យើង​នៅតែ​អាច​សម្រាក ក្នុង​អំណាច​គ្រប់គ្រង ប្រាជ្ញា និង​សេចក្តី​ស្រឡាញ់ ក៏ដូចជា​ព្រះបន្ទូល ដែល​បាន​សន្យា​ថា នឹង​ការពារ និង​រំដោះ​យើង​ឲ្យ​រួច។

ពេលណា​យើង​ជ្រកកោន​នៅក្នុង​ព្រះ យើង​នឹង​បាន​រស់នៅ “ក្នុង​ម្លប់​នៃ​ព្រះ​ដ៏​មាន​ចេស្ដា”(ទំនុកដំកើង ៩១:១)។ ព្រះអង្គ​អនុញ្ញាត​ឲ្យ​យើង​ជួប​បញ្ហា ផ្អែក​ទៅលើ​ប្រាជ្ញា និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ដែល​គ្មាន​ដែន​កំណត់។ នេះ​ជា​សុវត្ថិភាព ដែល​យើង​ទទួល​បាន ក្នុង​ការ​ជ្រកកោន​នៅក្នុង​ព្រះ។—KAREN HUANG

តើ​ការ​ជ្រកកោន​នៅក្នុង​ព្រះ មានន័យ​ដូចម្តេច? តើ​ការ​ឆ្លើយតប​របស់​អ្នក​ចំពោះ​ទុក្ខ​លំបាក មាន​ការ​ផ្លាស់​ប្តូរ​យ៉ាងណា​ខ្លះ បើសិនជា​អ្នក​សម្រេចចិត្ត​រស់នៅ ក្នុង​ជម្រក​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត?

ឱ​ព្រះ​វរបិតា ដែល​គង់នៅ​ស្ថានសួគ៌ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ត្រាស់​ហៅ​ទូលបង្គំ​ឲ្យ​ចូល​ជ្រក ក្នុង​ព្រះអង្គ។

To learn more about what it means to live in union with Christ, visit ODBU.org​/SF130.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវី​វិន័យ ៨-១០ និង ម៉ាថាយ ២៥:៣១-៤៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles