ពេលណាយើងមិនយល់ស្របនឹងនរណាម្នាក់ អំពីការបង្រៀនព្រះគម្ពីរ យើងមិនអាចគ្រាន់តែញាក់ស្មា ហើយនិយាយថា “នេះគ្រាន់តែជាការកាត់ស្រាយរបស់អ្នក” នោះទេ។ នៅថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមរំឭកយើងថា ការបម្រើព្រះនៃសេចក្តីពិត គឺរាប់បញ្ចូលការយល់ព្រះបន្ទូលព្រះអង្គ ឲ្យបានត្រឹមត្រូវ។
អត្ថបទ
ខ្ញុំមិនដឹងថា មានពេលប៉ុន្មានដងហើយ ក្នុងជីវិតខ្ញុំ បន្ទាប់ពីខ្ញុំបានចែកចាយអំពីបទគម្ពីរណាមួយ មានគេនិយាយមកខ្ញុំថា “នេះគ្រាន់តែជាការយល់ឃើញរបស់អ្នក” ឬ “នេះជាការកាត់ស្រាយរបស់អ្នកប៉ុណ្ណោះ”។ រឿងនេះងាយយល់ទេ។ ពេលណាអ្នកនិយាយចេញជាពាក្យសម្ដី ឬពេលណា អ្នកប្រកាន់គោលជំហរ ឬក៏ធ្វើការអះអាង ឬមួយបង្ហាញនូវការប៉ះពាល់ចិត្ត នោះអ្នកច្បាស់ជាកំពុងតែបង្ហាញការយល់ឃើញរបស់អ្នកហើយ។ អ្នកច្បាស់ជាកំពុងតែបង្ហាញនូវការកាត់ស្រាយរបស់អ្នក។
ជាញឹកញាប់ ខ្ញុំឆ្ងល់ថា ពេលគេនិយាយដូចនេះមកកាន់ខ្ញុំ តើគេចង់មានន័យដូចម្តេច។ តើគេកំពុងតែប្រាប់ខ្ញុំថា ដោយសារនេះជាការកាត់ស្រាយរបស់ខ្ញុំ នោះខ្ញុំប្រាកដជានិយាយខុសមែនទេ? ខ្ញុំមិនគិតថា គេកំពុងតែយល់ឃើញដូចនេះទេ។ ខ្ញុំក៏មិនគិតថា គេកំពុងតែបញ្ចេញចារិកកាចដាក់ខ្ញុំ ឬខ្វះការគួរសមចំពោះខ្ញុំ ពេលណាគេនិយាយដូចនេះដាក់ខ្ញុំនោះឡើយ។
តើពួកគេចង់មានន័យដូចម្តេច? ពួកគេប្រហែលចង់មានន័យថា “អ្នកមានការកាត់ស្រាយរបស់អ្នក។ ខ្ញុំមានការកាត់ស្រាយរបស់ខ្ញុំ។ អ្នកផ្សេងទៀតក៏មានការកាត់ស្រាយរបស់គេ។ យើងរាល់គ្នាសុទ្ធតែមានការកាត់ស្រាយខុសៗគ្នា ទោះគេមិនយល់ស្របគ្នាក៏ដោយ ក៏មិនអីដែរ។ នេះជាការជៀសវាងជម្លោះ”។ ប៉ុន្តែ តើគេមិនខ្វល់អំពីសេចក្តីពិតទេឬ? ជាការពិតណាស់ ទំព័រនីមួយៗក្នុងព្រះគម្ពីរសញ្ញាថ្មី សុទ្ធតែមានការយកចិត្តទុកដាក់ ចំពោះសេចក្តីពិត ព្រោះព្រះទ្រង់ជាព្រះនៃសេចក្តីពិត ដូចនេះ ការកាត់ស្រាយក៏ត្រូវមានភាពត្រឹមត្រូវតាមសេចក្តីពិតក្នុងព្រះគម្ពីរដែរ។