នោះបើរាស្ត្រអញ ដែលបានហៅ តាមឈ្មោះអញ … នោះអញនឹងស្តាប់ពីលើស្ថានសួគ៌។ ២របាក្សត្រ ៧:១៤
ក្រុងអារូគុនជាក្រុងតូចមួយ នៅតំបន់ខាងលិចនៃប្រទេសអូស្រ្តាលី ដែលមានជនជាតិដើមរស់នៅ ៧កុលសម្ព័ន្ធ។ ដំណឹងល្អបានមកដល់ក្រុងអារូគុនមួយសតវត្សរ៍ហើយ តែជួនកាល ប្រជាជននៅទីនោះ តែងមានការសងសឹកភ្នែកឲ្យធួននឹងភ្នែក។ កាលពីឆ្នាំ២០១៥ ភាពតានតឹងរវាងកុលសម្ព័ន្ធបានកើតមាន ហើយពេលដែលមានរឿងឃាតកម្មមួយកើតឡើង គ្រួសារជនរងគ្រោះក៏បានសងសឹក ដោយតម្រូវឲ្យមានការស្លាប់របស់នរណាម្នាក់ក្នុងគ្រួសាររបស់ឃាតករ។
តែរឿងដ៏គួរឲ្យកត់សំគាល់ក៏បានកើតឡើង នៅដើមឆ្នាំ២០១៦។ ប្រជាជនអារូគុនក៏បានចាប់ផ្តើមស្វែងរកបំណងព្រះទ័យព្រះ ដោយការអធិស្ឋាន។ ការប្រែចិត្តក៏បានកើតមាន បន្ទាប់មក មនុស្សជាច្រើនបានទទួលបុណ្យជ្រមុជទឹក ខណៈពេលដែលភាពផុសផុលបានកើតមានយ៉ាងឆាប់រហ័សក្នុងក្រុងនោះ។ ប្រជាជនមានអំណរយ៉ាងខ្លាំង បានជាពួកគេនាំគ្នារាំនៅតាមផ្លូវ ហើយគ្រួសាររបស់ជនរងគ្រោះមិនបានសងសឹកឡើយ តែផ្ទុយទៅវិញ ពួកគេក៏បានអត់ឱនទោសឲ្យគ្រួសាររបស់ឃាតករ។ មិនយូរប៉ុន្មាន មានមនុស្ស១ពាន់នាក់ បានចូលរួមថ្វាយបង្គំព្រះ ជារៀងរាល់សប្តាហ៍នៅព្រះវិហារ ក្នុងក្រុងដែលមានប្រជាជនរស់នៅតែ១៣០០នាក់ប៉ុណ្ណោះ។
យើងឃើញថា ភាពផុសផុលដូចនេះ កើតមានក្នុងព្រះគម្ពីរផងដែរ គឺដូចនៅសម័យស្តេចហេសេគា ពេលដែលហ្វូងមនុស្សងាកបែរមករកព្រះវិញ(២របាក្សត្រ ៣០) និងនៅថ្ងៃបុណ្យទី៥០ ពេលដែលមនុស្សរាប់ពាន់នាក់ បានប្រែចិត្តទទួលជឿព្រះ(កិច្ចការ ២:៣៨-៤៧)។ ភាពផុសផុលជាកិច្ចការដែលព្រះទ្រង់បានធ្វើ តាមពេលវេលាដែលព្រះអង្គបានកំណត់ តែមុននឹងមានភាពផុសផុលកើតឡើង រាស្រ្តរបស់ព្រះអង្គត្រូវតែអធិស្ឋាន។ គឺដូចដែលព្រះទ្រង់បានប្រាប់ស្តេចសាឡូម៉ូនថា “នោះបើរាស្ត្រអញ ដែលបានហៅ តាមឈ្មោះអញ គេបន្ទាបខ្លួន ហើយអធិស្ឋានរកមុខអញ ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះអញនឹងស្តាប់ពីលើស្ថានសួគ៌ ហើយនឹងអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង”(២របាក្សត្រ ៧:១៤)។
ដូចដែលប្រជាជននៅក្រុងអារូគុនបានឆ្លងកាត់ ភាពផុសផុលនាំមកនូវក្តីអំណរ និងការផ្សះផ្សា ដល់ទីក្រុងទាំងមូល។ ទីក្រុងរបស់យើង សុទ្ធតែត្រូវការការផ្លាស់ប្តូរដូចនេះផងដែរ! ឱព្រះវរបិតា សូមព្រះអង្គប្រទានភាពផុសផលដល់ទីក្រុងយើងខ្ញុំផងដែរ។—SHERIDAN VOYSEY
តើអ្នកគិតថា មានកត្តាអ្វីខ្លះ ដែលនាំឲ្យមានភាពផុសផល? តើអ្នកអាចឆ្លើយតប ចំពោះព្រះ ដូចម្តេចខ្លះ នៅថ្ងៃនេះ ដើម្បីឲ្យភាពផុសផលកើតមាន?
ឱព្រះវរបិតា សូមព្រះអង្គនាំមកនូវភាពផុសផលនៅលើទឹកដីយើងខ្ញុំ ដោយចាប់ផ្តើមពីទូលបង្គំទៅ។
For further study, read How to Have a Revival at DiscoverySeries.org/courses/how-to-have-a-revival/lessons/introduction-24/.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ២៥ និង ម៉ាកុស ១:២៣-៤៥