ការអ្វីដែលពិតជាចាំបាច់

ដ្បិត​អ្នករាល់គ្នា​លះ​ចោល​បញ្ញត្ត​របស់​ព្រះ ទៅកាន់​តាម​សណ្តាប់​មនុស្ស​វិញ។ ម៉ាកុស ៧:៨

មាន​ពេល​មួយ ស្ត្រី​ជា​ម្តាយ​វ័យក្មេង​ម្នាក់​បាន​កាត់​សាច់​អាំង​ធំ​មួយដុំ ជា​ពីរ មុន​ពេល​នាង​ដាក់​វា​ចូល​ទៅ​ក្នុង​ឆ្នាំង​ធំ​មួយ។ ស្វាមី​របស់​នាង​ក៏បាន​សួរ​នាង​ថា ហេតុអ្វី​នាង​ចាំបាច់​កាត់​សាច់​នោះ​ជា​ពីរ។ នាង​ក៏បាន​ឆ្លើយ​ថា នាង​កាត់​វា​ជា​ពីរ គឺ​ដោយសារ​ម្តាយ​នាង​តែងតែ​ធ្វើ​ដូចនេះ​ដែរ។

ទោះជាយ៉ាងណា​ក៏ដោយ សំណួរ​របស់​ស្វាមី​នាង​ក៏បាន​ធ្វើឲ្យ​នាង​ចាប់ផ្តើម​មាន​ចម្ងល់ អំពី​ទំនៀមទម្លាប់​មួយ​នេះ។ ដូចនេះ នាង​បាន​សួរ​ម្តាយ​នាង។ នាង​មានការ​ភ្ញាក់ផ្អើល ពេល​បានដឹង​ថា តាមពិត ម្តាយ​នាង​មានទម្លាប់​កាត់​សាច់​អាំង​នោះ​ជា​ពីរ គឺ​ដោយសារ​ឆ្នាំង​របស់​គាត់​តូច​ពេក មិន​អាច​ដាក់​សាច់​ធំ​ទាំងមូល​ចូល​បាន។ ហើយដោយ​សារ​កូនស្រី​គាត់​មាន​ឆ្នាំង​ធំ​ៗ​ច្រើន នាង​មិន​ចាំបាច់​ត្រូវការ​កាត់​សាច់​ជា​ពីរ​ទៀត​ទេ។

មាន​ប្រពៃណី​ជាច្រើន​បាន​កើតមាន ផ្អែក​ទៅលើ​កាលៈទេសៈ​ដ៏​ចាំបាច់ តែ​អ្នក​ជំនាន់​ក្រោយ​បាន​បន្ត​កាន់​តាម​ប្រពៃណី​នោះ ដោយ​មិន​បាន​ចោទសួរ​អ្វី​ឡើយ វា​បាន​ក្លាយជា​របៀប​ដែល​ពួក​គេ​ធ្វើអ្វី​មួយ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​មនុស្ស​ចង់​បន្ត​កាន់​តាម​ប្រពៃណី​ដែល​អ្នក​ជំនាន់​មុន​បាន​បង្កើត។ ពួក​ផារិស៊ី​ក៏​ខំ​រក្សា​ប្រពៃណី ក្នុង​សម័យ​របស់​ពួក​គេ​ផង​ដែរ(ម៉ាកុស ៧:១-២) តែ​ពួក​គេ​បាន​យក​ប្រពៃណី​ទាំងនោះ​មក​បន្ថែម​ពីលើ​បន្ទុក​នៃ​ក្រឹត្យវិន័យ។

ព្រះយេស៊ូវ​ក៏​បាន​ស្តី​បន្ទោស​ពួក​ផា​រិ​ស៊ី​ថា “ដ្បិត​អ្នករាល់គ្នា​លះ​ចោល​បញ្ញត្ត​របស់​ព្រះ ទៅកាន់​តាម​សណ្ដាប់​មនុស្ស​វិញ” ម៉ាកុស ៧:៨។ ព្រះអង្គ​ក៏បាន​បើក​សម្ដែង​ឲ្យ​គេ​ដឹង​ថា គេ​មិន​ត្រូវ​យក​ប្រពៃណី​មក​ជំនួស​ឲ្យ​ប្រាជ្ញា​ក្នុង​ព្រះគម្ពីរ​នោះ​ឡើយ។ អ្នក​ដែល​ពិតជា​មានចិត្តចង់​ដើរតាម​ព្រះ(ខ.៦-៧) ផ្តោត​ចិត្ត​ទៅ​លើ​សណ្ឋាន​នៃ​ចិត្ត​របស់​ខ្លួន ជាជាង​ប្រឹង​កាន់​តាម​ក្រឹត្យវិន័យ ឬ​ប្រពៃណី ឲ្យ​ល្អមើល​តែ​សម្បក​ក្រៅ។

យើង​ចាំបាច់​ត្រូវ​ធ្វើការ​វាយតម្លៃ​មក​លើ​ទំនៀមទម្លាប់ ឲ្យបាន​ទៀងទាត់ ជាពិសេស​ទំនៀមទម្លាប់​ដែល​យើង​ស្រឡាញ់ និង​កាន់​តាម​យ៉ាង​ខ្ជាប់ខ្ជួន។ ព្រះ​ទ្រង់​បាន​បើក​សម្ដែង​ឲ្យ​យើង​ដឹង​ថា មានការអ្វី​ខ្លះ​ដែល​យើង​ពិតជា​ត្រូវការ និង​ត្រូវ​ចាត់​ទុក​ថា​សំខាន់​ជាង​ទំនៀមទម្លាប់​ទៅទៀត។—KATARA PATTON

តើមាន​ប្រពៃណី​អ្វីខ្លះ ដែល​អ្នក​បាន​ប្រកាន់​ខ្ជាប់​តាម? តើ​ប្រពៃណី​នោះ មាន​ភាព​សមស្រប​នឹង​សេចក្តី​ពិត ដែល​បាន​បើក​សម្ដែង​ក្នុង​ព្រះ​គម្ពីរប៊ីប​ដែរ​ឬទេ?

ឱ​ព្រះវរបិតា ដែល​គង់នៅ​ស្ថានសួគ៌ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ដើរតាម​ព្រះរាជ​បញ្ជា​របស់​ព្រះអង្គ ហើយ​លះ​ចោល​ទំនៀមទម្លាប់​អ្វី​ដែល​ប្រាសចាក​ព្រះបន្ទូល​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវី​វិន័យ ២៦-២៧ និង ម៉ាកុស ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles