នាងនឹងបានសូមពីអ្នកនោះវិញ រួចអ្នកនោះនឹងឲ្យទឹករស់ដល់នាង។ យ៉ូហាន ៤:១០
ការរស់នៅរបស់អេនឌ្រា(Andrea) ក្នុងគ្រួសារមានការលំបាកយ៉ាងខ្លាំង បានជានាងរត់ចោលផ្ទះ នៅអាយុ១៤ឆ្នាំ ដោយរកបានការងារមួយធ្វើ និងរស់នៅជាមួយមិត្តភក្តិ។ ដោយសារនាងស្រេកឃ្លានសេចក្តីស្រឡាញ់ និងចង់ឲ្យគេឲ្យតម្លៃមកលើនាង ក្រោយមក នាងក៏បានផ្លាស់ទៅរស់នៅជាមួយបុរសម្នាក់ ដែលបាននាំនាងសេពគ្រឿងញៀន បន្ថែមពីលើការញៀនស្រា ដែលនាងកំពុងមានស្រាប់។ តែទំនាក់ទំនង និងសារធាតុញៀនទាំងនោះមិនអាចបំពេញការស្រេកឃ្លានរបស់នាងបានទេ។ នាងក៏បានបន្តស្វែងរកការស្កប់ចិត្ត ហើយប៉ុន្មានឆ្នាំក្រោយមក នាងក៏បានជួបអ្នកជឿព្រះយេស៊ូវ ដែលបាននាំនាងឲ្យស្គាល់ព្រះយេស៊ូវ ហើយអធិស្ឋានជាមួយនាង។ ពីរបីខែក្រោយមក ទីបំផុត នាងក៏បានរកឃើញព្រះមួយអង្គ ដែលអាចបំបាត់ការស្រេកឃ្លានសេចក្តីស្រឡាញ់របស់នាងបាន។ ព្រះអង្គមានព្រះនាមយេស៊ូវ។
ស្ត្រីសាសន៍សាម៉ារី ដែលបានជួបព្រះយេស៊ូវ នៅក្បែរអណ្តូងទឹក ក៏បានបំបាត់ការស្រេកខាងវិញ្ញាណរបស់នាងផងដែរ។ នាងបានទៅដងទឹក នៅពេលថ្ងៃក្តៅ(យ៉ូហាន ៤:៥-៧) ប្រហែល ដើម្បីកុំឲ្យស្រ្តីដទៃទៀតឃើញ និងនិយាយដើមនាង ដោយសារនាងមានប្រវត្តិមានប្តីច្រើន ហើយកំពុងមានទំនាក់ទំនងផិតក្បត់(ខ.១៧-១៨)។ ពេលព្រះយេស៊ូវចូលមកក្បែរនាង ហើយសុំទឹកនាងសោយ ព្រះអង្គមិនបានធ្វើតាមទំនៀមទំលាប់របស់សាសន៍យូដា ដែលតាមធម្មតា សាសន៍យូដា មិនរាប់អានសាសន៍សាម៉ារីឡើយ។ តែព្រះអង្គសព្វព្រះទ័យនឹងប្រទានអំណោយនៃទឹករស់ដល់នាង ដែលនាំឲ្យនាងមានជីវិតអស់កល្បជានិច្ច(ខ.១០)។ ព្រះអង្គសព្វព្រះទ័យនឹងបំបាត់ការស្រេកទឹកខាងវិញ្ញាណរបស់នាង។
ពេលណាយើងទទួលជឿព្រះយេស៊ូវ ជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ យើងក៏ផឹកទឹករស់នោះផងដែរ។ បន្ទាប់មក យើងក៏អាចចែករំលែកទឹករស់នោះ ដល់អ្នកដទៃ ដោយនាំគេឲ្យដើរតាមព្រះអង្គផងដែរ។—AMY BOUCHER PYE
តើអ្នកយល់ឃើញថា ស្រ្តីនៅមាត់អណ្តូងទឹកមានអារម្មណ៍យ៉ាងណា ពេលព្រះយេស៊ូវសុំទឹកនាងសោយ? តើការដែលអ្នកទទួលទឹករស់ពីព្រះអង្គ មានន័យយ៉ាងណា ចំពោះអ្នក?
ឱព្រះវរបិតា ព្រះអង្គស្វាគមន៍មនុស្សទាំងអស់ ដែលស្រេកទឹករស់របស់ព្រះអង្គ។ សូមព្រះអង្គបំបាត់ការស្រេករបស់ទូលបង្គំ តាមរយៈទឹករស់របស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីរ រយៈពេល១ឆ្នាំ : ជនគណនា ៧-៨ និង ម៉ាកុស ៤:២១-៤១