ទូលបង្គំមានសេចក្តីអំណរ នឹងធ្វើតាមព្រះហឫទ័យទ្រង់ អើ ក្រឹត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ។ ទំនុកដំកើង ៤០:៨
មានពេលមួយ គេបានផ្តល់ឲ្យការងារមួយដល់ភីធ័រ(Peter) ក្នុងពេលដែលគាត់កំពុងស្វែងរកការងារធ្វើ។ បន្ទាប់ពីកន្លែងធ្វើការចាស់បានកាត់បន្ថយបុគ្គលិក ក្នុងនាមគាត់ជាអ្នករកប្រាក់ចំណូល សម្រាប់គ្រួសារដែលទើបតែបង្កើតថ្មី គាត់បានអធិស្ឋានអស់ពីចិត្ត សូមព្រះអង្គប្រទានការងារថ្មីឲ្យគាត់ធ្វើ។ មិត្តភក្តិគាត់ក៏បានប្រាប់គាត់ថា ព្រះទ្រង់កំពុងឆ្លើយតបការអធិស្ឋានរបស់គាត់ហើយ។
ទោះជាយ៉ាងណាក៏ដោយ ភីធ័រពិបាកសម្រេចចិត្ត ពេលដែលគាត់បានអានព័ត៌មាន អំពីម្ចាស់ក្រុមហ៊ុននោះ។ ក្រុមហ៊ុននោះបានវិនិយោគ នៅក្នុងមុខជំនួញដែលគួរឲ្យសង្ស័យ ហើយក៏ធ្លាប់មានឈ្មោះស្អុយ ដោយសារអំពើពុករលួយទៀត។ ទីបញ្ចប់ ភីធ័រក៏បានបដិសេធមិនទៅធ្វើការនៅកន្លែងនោះ ទោះគាត់មានការពិបាកយ៉ាងណាក៏ដោយ។ គាត់ប្រាប់ខ្ញុំថា គាត់ជឿថា ព្រះទ្រង់សព្វព្រះទ័យឲ្យគាត់ធ្វើរឿងដែលត្រឹមត្រូវ ហើយគាត់គ្រាន់តែជឿថា ព្រះអង្គនឹងផ្គត់ផ្គង់គាត់។
ភីធ័រក៏បាននឹកចាំ អំពីរឿងដាវីឌ ជួបស្តេចសូល ក្នុងរូងភ្នំ។ ក្នុងរឿងនោះ ដាវីឌមានឱកាសសម្លាប់បុរស ដែលកំពុងតាមសម្លាប់គាត់ តែគាត់មិនបានសម្លាប់ស្តេចសូលឡើយ។ គាត់ក៏បាននិយាយថា “ព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យខ្ញុំប្រព្រឹត្តដូច្នេះ ដល់ចៅហ្វាយរបស់ខ្ញុំ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ គឺដែលខ្ញុំនឹងលើកដៃទាស់នឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ”(១សាំយ៉ូអែល ២៤:៦)។ ពេលនោះ ដាវីឌមានការប្រុងប្រយ័ត្ន ក្នុងការស្តាប់តាមបង្គាប់របស់ព្រះ និងធ្វើអ្វីដែលត្រឹមត្រូវ គឺមិនបានធ្វើតាមអារម្មណ៍ ឬការយល់ឃើញរបស់ខ្លួនឡើយ។
យើងមិនត្រូវព្យាយាមស្វែងរកទីសំគាល់ ក្នុងស្ថានភាពណាមួយនោះឡើយ តែផ្ទុយទៅវិញ ចូរយើងមើលទៅព្រះ និងសេចក្តីពិតរបស់ព្រះអង្គ ដើម្បីទទួលប្រាជ្ញា និងការដឹកនាំ ដើម្បីឲ្យបានដឹងថា មានអ្វីខ្លះនៅពីមុខយើង។ ព្រះអង្គនឹងជួយយើងធ្វើការអ្វីដែលត្រឹមត្រូវ ក្នុងព្រះនេត្រព្រះអង្គ។—LESLIE KOH
តើធ្វើដូចម្តេច ឲ្យអ្នកអាចញែកឲ្យដាច់រវាងអារម្មណ៍ខ្លួនឯង និងការអ្វីដែលព្រះទ្រង់សព្វព្រះទ័យឲ្យអ្នកធ្វើ ក្នុងកាលៈទេសៈណាមួយ? តើអ្នកអាចទៅស្វែងរកយោបល់ពីនរណា ដែលត្រូវតាមបំណងព្រះទ័យព្រះ?
ឱព្រះដែលបានផ្គត់ផ្គង់ទូលបង្គំ សូមព្រះអង្គប្រទានទូលបង្គំ នូវប្រាជ្ញា ដើម្បីឲ្យមើលឃើញឱកាស នៅចំពោះមុខទូលបង្គំ និងសូមប្រទានសេចក្តីជំនឿ សម្រាប់ដើរតាមផ្លូវព្រះអង្គ ដើម្បីឲ្យទូលបង្គំតែងតែធ្វើអ្វីដែលព្រះអង្គសព្វព្រះទ័យ។
For further study, read Making Decisions God’s Way at DiscoverySeries.org/Q0745.
គម្រោងអានព្រះគម្ពីរ រយៈពេល១ឆ្នាំ : ជនគណនា ១៥-១៦ និង ម៉ាកុស ៦:១-២៩