ដូច្នេះ ចូរកំសាន្ត ហើយស្អាងចិត្តគ្នា ទៅវិញទៅមក ដូចជាអ្នករាល់គ្នាកំពុងតែធ្វើហើយនោះដែរ។ ១ថែស្សាឡូនិច ៥:១១
មានរឿងអស្ចារ្យមួយបានកើតឡើង រៀងរាល់ពេលរដូវផ្ការីក អស់រយៈពេល១៥ឆ្នាំហើយ។ ពេលណារដូវរងាបានកន្លងផុតទៅ ស្មៅក្នុងទីធ្លាផ្ទះខ្ញុំមានពណ៌ត្នោត ដូចដីហុយ ហើយមនុស្សដែលដើរកាត់តាមនោះ ប្រហែលគិតថា ស្មៅនោះបានងាប់ហើយ។ រដ្ឋខូឡូរ៉ាដូមានព្រឹល នៅលើភ្នំជាប្រចាំ តែអាកាសធាតុនៅវាលទំនាប មានភាពរាំងស្ងួត ដោយភាគច្រើន ក្នុងខែដែលមានអាកាសធាតុក្តៅជាងខែផ្សេងទៀត គេក៏បានដាស់តឿនអំពីភាពរាំងស្ងួតផងដែរ។ តែរៀងរាល់ឆ្នាំ នៅចុងខែឧសភា ខ្ញុំបានបើកក្បាលរ៉ូប៊ីណេ ស្រោចទឹកតែបន្តិចបន្តួចប៉ុណ្ណោះដើម្បីសន្សំសំចៃទឹក តែខ្ញុំបានស្រោចឲ្យបានទៀងទាត់។ ហើយក្នុងរយៈពេលប្រហែល ២សប្តាហ៍ ស្មៅដែលក្រៀមស្វិត មានពណ៌ត្នោត បានប្រែជាមានពណ៌ខៀវខ្ចីយ៉ាងរស់រវើក។
ស្មៅពណ៌បៃតង បានរំឭកខ្ញុំអំពីអត្ថប្រយោជន៍នៃការកម្សាន្តចិត្ត។ បើគ្មានការកម្សាន្តចិត្តទេ នោះជីវិតយើង ឬជំនឿយើង អាចស្ទើរតែប្រែក្លាយជាគ្មានជីវិត។ តែវាពិតជាអស្ចារ្យណាស់ ដែលការលើកទឹកចិត្តជាទៀងទាត់ អាចមានប្រយោជន៍យ៉ាងខ្លាំង ចំពោះចិត្ត គំនិត និងវិញ្ញាណយើង។ សំបុត្រទី១ ដែលសាវ័កប៉ុលបានសរសេរផ្ញើពួកជំនុំនៅទីក្រុងថែស្សាឡូនិច បាននិយាយសង្កត់ធ្ងន់ អំពីសេចក្តីពិតនេះផងដែរ។ កាលនោះពួកគេកំពុងមានការថប់បារម្ភ និងការភ័យខ្លាច។ សាវ័កប៉ុលដឹងថា គាត់ត្រូវជួយពង្រឹងជំនឿរបស់ពួកគេ។ គាត់ក៏បានជំរុញពួកគេ ឲ្យបន្តធ្វើការល្អ ដោយការលើកទឹកចិត្ត និងស្អាងគ្នាទៅវិញទៅមក(១ថែស្សាឡូនិច ៥:១១)។ គាត់ដឹងថា បើគ្មានការលើកទឹកចិត្តឲ្យមានភាពស្រស់ថ្លាឡើងវិញទេ នោះជំនឿរបស់ពួកគេនឹងក្រៀមស្វិតមិនខាន។ សាវ័កប៉ុលធ្លាប់ជួបរឿងនេះដោយផ្ទាល់ផងដែរ ហើយពួកជំនុំថែស្សាឡូនិចបាននាំមកនូវការលើកទឹកចិត្តដល់គាត់ និងបានស្អាងគាត់ឡើងផងដែរ។ ដូចនេះ យើងក៏មានឱកាសលើកទឹកចិត្ត និងជួយស្អាងគ្នាទៅវិញទៅមក ឲ្យមានការរីកចម្រើនផងដែរ។—JOHN BLASÉ
តើអ្នកបានទទួលការលើកទឹកចិត្តអ្វីខ្លះ នៅពេលថ្មីៗនេះ? តើអ្នកអាចលើកទឹកចិត្តនរណាខ្លះ នៅសប្តាហ៍នេះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការលើកទឹកចិត្តដែលទូលបង្គំបានទទួល ហើយសូមព្រះអង្គជួយទូលបង្គំឲ្យលើកទឹកចិត្តអ្នកដទៃផងដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ១១-១៣ និង ម៉ាកុស ១២:១-២៧