ព្រឹក

ការប្រកួតដែលនាំមកនូវការផ្លាស់ប្តូរ
ដោយPatricia Raybon
March 13, 2023
ចូរអ្នករាល់គ្នាស្រឡាញ់ពួកខ្មាំងសត្រូវ ហើយប្រព្រឹត្តល្អនឹងពួកអ្នក ដែលស្អប់អ្នករាល់គ្នាវិញ។ លូកា ៦:២៧ កាលពីយប់ខែមីនា ឆ្នាំ២៩៦៣ កីឡាករបាល់បោះមហាវិទ្យាល័យ២នាក់ ម្នាក់ស្បែកស ម្នាក់ទៀតស្បែកខ្មៅ បានប្រឆាំងនឹងការប្រកាន់ពូជសាសន៍ ដោយការចាប់ដៃគ្នា។ នេះជាព្រឹត្តិការណ៍ដំបូងក្នុងប្រវត្តិសាស្រ្តរដ្ឋមីស៊ីស៊ីពី ដែលក្រុមបុរសស្បែកសរ បានប្រកួតជាមួយក្រុមបុរសចម្រុះពណ៌សម្បុរ។ ដើម្បីចូលរួមក្នុង “ការប្រកួត ដែលនាំឲ្យមានការផ្លាស់ប្តូរ”នេះ ជាមួយនឹងក្រុមកីឡាករសកលវិទ្យាល័យឡូយ៉ូឡា មកពីរដ្ឋឈឺកាហ្គោ ក្នុងការប្រកួតថ្នាក់ជាតិ ក្រុមកីឡាកររដ្ឋមីស៊ីស៊ីពីបានបញ្ជូនមនុស្សមួយក្រុម ឲ្យក្លែងធ្វើជាក្រុមកីឡាកររបស់ខ្លួន ធ្វើដំណើរចេញទៅរកការប្រកួត ហើយប៉ូលីសក៏បានឃាត់ក្រុមនោះមិនឲ្យឡើងយន្តហោះ ខណៈពេលដែលក្រុមពិតប្រាកដបានលួចធ្វើដំណើរស្ងាត់ៗតាមយន្តហោះឯកជនមួយ។ ទន្ទឹមនឹងនោះ កីឡាករស្បែកខ្មៅរបស់ក្រុមកីឡាករប្រចាំរដ្ឋឈីកាហ្គោ បានអត់ទ្រាំនឹងការប្រកាន់ពូជសាសន៍ ត្រូវគេយកពោតលីង និងទឹកកកគប់ ហើយពេលធ្វើដំណើរតាមឡានក្រុង ពួកគេត្រូវអង្គុយដាច់ដោយឡែកពីគេ។ តែយុវជនទាំងនោះក៏បានប្រកួតជាមួយគ្នា។ ក្រុមកីឡាករឈីកាហ្គោក៏បានឈ្នះក្រុមកីឡាករមីស៊ីស៊ីពីរ ដោយពិន្ទុ៦១ទល់នឹង ៥១ ហើយក៏បានបន្តការប្រកួតនឹងក្រុមផ្សេងទៀត រហូតដល់បានឈ្នះពានរង្វាន់ជើងឯកថ្នាក់ជាតិ។ តែពួកគេឈ្នះបានអ្វីឲ្យពិតប្រាកដ នៅយប់នោះ? គឺឈ្នះសេចក្តីសម្អប់ ដោយសេចក្តីស្រឡាញ់។ គឺដូចដែលព្រះយេស៊ូវបានបង្រៀនថា “ចូរអ្នករាល់គ្នាស្រឡាញ់ពួកខ្មាំងសត្រូវ ហើយប្រព្រឹត្តល្អនឹងពួកអ្នក ដែលស្អប់អ្នករាល់គ្នាវិញ”(លូកា ៦:២៧)។ ការបង្រៀនរបស់ព្រះយេស៊ូវ ក្នុងខនេះ បាននាំមកនូវការផ្លាស់ប្រែជីវិត។ ដើម្បីស្រឡាញ់សត្រូវរបស់យើង តាមការបង្រៀនរបស់ព្រះយេស៊ូវ យើងត្រូវតែស្តាប់តាមការបង្គាប់ព្រះអង្គ ឲ្យយើងមានការកែប្រែ។ គឺដូចដែលបទគម្ពីរ ២កូរិនថូស ៥:១៧ បានចែងថា “បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ”។ ប៉ុន្តែ តើជីវិតថ្មីរបស់យើងអាចជំនួសជីវិតចាស់ដោយរបៀបណា? គឺដោយសេចក្តីស្រឡាញ់។ ហើយយើងក៏អាចឃើញព្រះអង្គកំពុងធ្វើការក្នុងជីវិតយើងម្នាក់ៗ។—PATRICIA RAYBON
តើមានកត្តាអ្វីខ្លះ ដែលនាំឲ្យអ្នកចាត់ទុកអ្នកដទៃ ជាខ្មាំងសត្រូវ? តើអាចមានការផ្លាស់ប្តូរអ្វីខ្លះ ដើម្បីប្រឈមមុខដាក់សេចក្តីសម្អប់ ដោយសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ?
ឱព្រះនៃសេចក្តីស្រឡាញ់ សូមព្រះអង្គជួយទូលបង្គំ កុំឲ្យចាត់ទុកអ្នកដទៃជាខ្មាំងត្រូវ តែជាមនុស្សដ៏មានតម្លៃ ដែលទូលបង្គំត្រូវស្រឡាញ់ ដូចព្រះយេស៊ូវដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២៣-២៥ និង ម៉ាកុស ១៤:១-២៦
ប្រភេទ
ល្ងាច

អាទិភាពសំខាន់ជាងគេ
ដោយUltimately with R.C. Sproul
March 13, 2023
ព្រះយេស៊ូវមិនបានទុកឲ្យរាស្រ្តរបស់ព្រះអង្គ រស់នៅដោយមានអាទិភាពមិនច្បាស់លាស់នោះឡើយ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹងធ្វើការបកស្រាយ អំពីអាទិភាពសំខាន់បំផុត ក្នុងជីវិតគ្រីស្ទានគឺ ៖ ចូរស្វែងរកនគរព្រះជាមុនសិន។ អត្ថបទ “ចូរស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង”(ម៉ាថាយ ៦:៣៣)។ បទគម្ពីរនេះជាភាសាក្រិកបានប្រើពាក្យ ប្រូតូ ដែលមានន័យថា “ទី១” ដែលមិនគ្រាន់តែមានន័យថា លេខរៀងទី១ នៅក្នុងលំដាប់លំដោយប៉ុណ្ណោះទេ តែក៏សំខាន់ជាងគេផងដែរ។ ក្នុងបទគម្ពីរនេះ ព្រះយេស៊ូវកំពុងមានបន្ទូលថា អាទិភាពសំខាន់បំផុតរបស់ជីវិតគ្រីស្ទបរិស័ទ គឺត្រូវស្វែងរកនគរព្រះជាមុន ដោយស្វែងរកទីក្រុងរបស់ព្រះ និងចូលរួមយ៉ាងឆេះឆួល នៅក្នុងដំណើរស្វែងរកការអ្វី ដែលព្រះអង្គបានសន្យាថា នឹងប្រទានមកយើង នៅពេលអនាគត។ ឱបងប្អូនស្ងួនភ្ងាអើយ យើងត្រូវដឹងថា សព្វថ្ងៃនេះ យើងកំពុងធ្វើដំណើរឆ្ពោះទៅរកកន្លែងណា។ ហេតុនេះហើយ យើងចាំបាច់ត្រូវមានការយល់ដឹង និងស្គាល់គោលដៅ ដែលព្រះទ្រង់បានដាក់ឲ្យរាស្រ្តព្រះអង្គ។ ចូរឲ្យភ្នែកយើងបន្តផ្ដោតទៅលើទីក្រុងរបស់ព្រះ។ នោះជាកន្លែងដែលយើងត្រូវទៅ។ ជាកន្លែងដែលយើងកំពុងតែឆ្ពោះទៅរក។ ហើយបើយើងដឹងថា នោះជាគោលដៅរបស់យើង យើងនឹងមិនងាយវង្វេងផ្លូវ ហើយដើរវិលវល់គ្រប់ទិសទីនោះទេ តែយើងនឹងបន្តជាប់នៅក្នុងផ្លូវរបស់ព្រះគ្រីស្ទ។