ត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់។ ហេព្រើរ ១២:១
ខ្ញុំមិនអាចទប់ទឹកភ្នែកមិនឲ្យស្រក់ ពេលបានឃើញរូបភាពដែលមិត្តភក្តិខ្ញុំឈ្មោះ អ៊ីរ៉ា(Ira) បានបង្ហោះក្នុងបណ្តាញសង្គម។ នាងបានបង្ហោះរូបនោះ ក្នុងឆ្នាំ២០២២ តែប៉ុន្មានថ្ងៃ មុនពេលនាងចាកចេញពីផ្ទះរបស់នាង នៅទីក្រុងខៀវ ជារដ្ឋធានីប្រទេសអ៊ុយក្រែន ដែលកំពុងស្ថិតក្រោមការលោមព័ទ្ធ។ ក្នុងរូបនោះ គេឃើញនាងលើកទង់ជាតិអ៊ុយក្រែន បន្ទាប់ពីនាងបានបញ្ចប់ការរត់ប្រណាំងមួយ។ ក្នុងការបង្ហោះរូបនោះ នាងបានសរសេរថា “ជីវិតរបស់យើងម្នាក់ៗ គឺជាការរត់ប្រណាំងម៉ារ៉ាតុន ដែលយើងរាល់គ្នាកំពុងតែរត់ អស់ពីលទ្ធភាព។ ចូរយើងរត់ប្រណាំងក្នុងពេលបច្ចុប្បន្ន ឲ្យកាន់តែល្អជាងមុន ដោយមានអ្វីមួយ ដែលនៅជាប់ក្នុងចិត្តយើងជានិច្ច”។ នៅថ្ងៃបន្ទាប់ ខ្ញុំក៏បានឃើញមិត្តភក្តិខ្ញុំម្នាក់នេះបន្តរត់ប្រណាំង តាមមធ្យោបាយជាច្រើន ខណៈពេលដែលនាងបន្តចែកចាយសំណូមពរអធិស្ឋានថ្មីៗ សម្រាប់អ្នកដែលកំពុងជួបទុក្ខលំបាកក្នុងប្រទេសនាង ហើយក៏បានចែកចាយអំពីរបៀបជួយពួកគេផងដែរ។
ពាក្យលើកទឹកចិត្តរបស់អ៊ីរ៉ា បានធ្វើឲ្យខ្ញុំនឹកចាំបទគម្ពីរហេព្រើរ ជំពូក១២ ដែលបានត្រាស់ហៅអ្នកជឿ ឲ្យ “រត់ ដោយអំណត់”(ខ.១)។ ការត្រាស់ហៅនេះ គឺស្របតាមគំរូរបស់វីរបុរសនៃសេចក្តីជំនឿ ដែលមានចែងក្នុងជំពូក១១ ដែល “ជាស្មរបន្ទាល់១ហ្វូងធំ” (១២:១) ដែលបានរស់នៅដោយជំនឿ មានចិត្តក្លាហាន និងភាពអត់ធន់ ទោះត្រូវលះបង់ជីវិតក៏ដោយ(១១:៣៣-៣៨)។ ទោះពួកគេបានឃើញ និងស្វាគមន៍សេចក្តីសន្យារបស់ព្រះអង្គពីចម្ងាយក៏ដោយ(ខ.១៣) ក៏ពួកគេបានរស់នៅ សម្រាប់សេចក្តីអ្វី ដែលមានភាពអស់កល្ប ដែលមិនចេះស្លាប់។
ព្រះយេស៊ូវបានត្រាស់ហៅអ្នកជឿព្រះអង្គទាំងអស់ ឲ្យរស់នៅដូចនេះផងដែរ។ ព្រោះសេចក្តីសុខសាន្ត និងភាពរុងរឿងនៃនគរព្រះ គឺសក្តិសមនឹងឲ្យយើងលះបង់អ្វីៗគ្រប់យ៉ាង។ ហើយគឺដោយសារព្រះគ្រីស្ទបានធ្វើជាគំរូ និងប្រទានព្រះចេស្តាដែលបានជួយទ្រទ្រង់យើងហើយ(១២:២-៣)។—MONICA LA ROSE
តើអ្នកបានឃើញគំរូនៃសេចក្តីជំនឿដ៏ក្លាហាន របស់នរណាខ្លះ? តើគំរូរបស់ព្រះយេស៊ូវបាននាំឲ្យអ្នកមានសេចក្តីសង្ឃឹមយ៉ាងណាខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គប្រទានទូលបង្គំនូវចិត្តក្លាហាន ដើម្បីដើរតាមព្រះអង្គ តាមគំរូរបស់អ្នកដែលបានដើរតាមព្រះអង្គ ដោយជំនឿដ៏ក្លាហាន និងអត់ធ្មត់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២០-២២ និង ម៉ាកុស ១៣:២១-៣៧