ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ។ ទំនុកដំកើង ៤៦:១០
រូបថតដំបូងបំផុត ដែលថតបានរូបមនុស្សម្នាក់ គឺជារូបថត ដែលលោកលូអ៊ីស ដាហ្គែ(Louis Daguerre) ថតបានក្នុងឆ្នាំ១៨៣៨។ ក្នុងរូបថតនោះ គេឃើញផ្លូវទទេមួយខ្សែ មានដើមឈើអមសង្ខាង ក្នុងទីក្រុងប៉ារីស នៅពេលរសៀល។ តែរូបថតនេះមានអាថ៌កំបាំងមួយ។ តាមធម្មតា ផ្លូវថ្នល់នោះមានមនុស្សដើរ និងអ្នកជិះរទេះទៅមកយ៉ាងមមាញឹក តែគេឃើញមានមនុស្សតែម្នាក់ប៉ុណ្ណោះ នៅក្នុងរូបថតនោះ។
តាមពិត បុរសម្នាក់នោះ មិនមែនមានវត្តមាននៅទីនោះតែម្នាក់ឯងនោះទេ។ នៅថ្ងៃនោះ មានមនុស្សដើរទៅមក និង រទេះសេះធ្វើចរាចរណ៍យ៉ាងមមាញឹក នៅលើផ្លូវថ្នល់។ តែគាត់ថតមិនជាប់ពួកគេ គឺថតបានតែផ្លូវថ្នល់ ដើមឈើ និងអគារ។ មូលហេតុគឺដោយសារ វិធីសាស្រ្តនៃការថតរូបរបស់គាត់ អាចថតជាប់តែរូបអ្វីដែលនៅនឹងថ្កល់មិនមានចលនា ក្នុងរយៈពេល៧នាទី ដែលម៉ាស៊ីនថតចាប់យករូបភាពបន្តិចម្តងៗ។ ហើយបុរសនៅក្នុងរូបថតនោះតែម្នាក់ឯង គឺដោយសារពេលនោះ មានតែគាត់ទេដែលឈរនៅមួយកន្លែង ដើម្បីខាត់ស្បែកជើងរបស់គាត់ឲ្យរលោង។
ជួនកាល ការនៅស្ងៀមអាចមានអត្ថប្រយោជន៍ជាងការមានចលនា។ ហេតុនេះហើយព្រះទ្រង់បានប្រាប់រាស្រ្តព្រះអង្គ ក្នុងបទគម្ពីរទំនុកដំកើង ៤៦:១០ ឲ្យឈប់បង្អង់សិន ដើម្បីឲ្យបានដឹងថា ព្រះអង្គជាព្រះ(ខ.៦)។ សូម្បីតែនៅពេលដែលប្រទេសជាតិ “មានភាពវឹកវរ”(ខ.៦) ហើយ “ផែនដី” រញ្ជួយក៏ដោយ(ខ.២) អ្នកដែលបានឈប់បង្អង់ ហើយទុកចិត្តព្រះអង្គ នឹងរកឃើញ “ជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន”(ខ.១)។
ក្នុងព្រះគម្ពីរដើមជាភាសាហេព្រើរ ពាក្យដែលបកប្រែមកថា “ឈប់បង្អង់” ក៏អាចមានន័យថា “ឈប់ខំប្រឹង”។ ពេលណាយើងសម្រាកក្នុងព្រះ ជាជាងខំប្រឹង ដោយពឹងផ្អែកទៅលើកម្លាំងរបស់យើងដែលមានកំណត់ យើងនឹងរកឃើញថា ព្រះអង្គជា “ជម្រក និងកម្លាំង” ដ៏រឹងមាំរបស់យើង(ខ.១)។—JAMES BANKS
តើអ្នកនឹងឈប់បង្អង់ នៅចំពោះព្រះអម្ចាស់ ដូចម្តេចខ្លះ នៅថ្ងៃនេះ? តើអ្នកចាំបាច់ត្រូវទុកចិត្តព្រះអង្គបន្ថែមទៀត នៅត្រង់ផ្នែកណាខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំ ឲ្យទុកចិត្តព្រះអង្គ និងសម្រាក យ៉ាងស្ងាត់ស្ងៀម ក្នុងសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២៦-២៧ និង ម៉ាកុស ១៤:២៧-៥៣