ព្រឹក

ភាពថ្មីឡើងវិញ ខាងវិញ្ញាណ
ដោយKimya Loder
March 20, 2023
ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ។ ២កូរិនថូស ៤:១៦ នៅក្នុងការផ្សំថ្នាំបុរាណចិន គេបានប្រើម្សៅគុជខ្យង អស់រយៈពេលរាប់ពាន់ឆ្នាំហើយ ដើម្បីខាត់កោសិកាស្បែកដែលបានងាប់ ចេញពីផ្ទៃខាងលើរបស់ស្បែក ដើម្បីជួយឲ្យស្បែករលោងស្អាត។ នៅប្រទេសរ៉ូម៉ានីវិញ គេបានប្រើភក់ពិសេសម្យ៉ាង លាបពីលើស្បែក ឲ្យក្មេងជាងវ័យ និងរលោងស្អាត។ មនុស្សជាច្រើនបានស្វែងរកភក់ពិសេសនេះ។ នៅទូទាំងពិភពលោក មនុស្សបានអនុវត្តនូវការថែសម្ផស្សតាមមធ្យោបាយផ្សេងៗ ដើម្បីនាំមកនូវភាពស្រស់ស្អាត ទោះស្បែកអាក្រក់យ៉ាងណាក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ឧបករណ៍ដែលមនុស្សបង្កើត ដើម្បីថែទាំរូបកាយរបស់យើង អាចនាំមកនូវការពេញចិត្ត តែមួយរយៈពេលប៉ុណ្ណោះ។ ការថែរក្សាសុខភាពខាងវិញ្ញាណឲ្យបានល្អ និងរឹងមាំ មានសារៈសំខាន់ជាង។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ ព្រះអង្គបានប្រទានអំណោយនៃការសម្អាតជាថ្មីខាងវិញ្ញាណ តាមរយៈព្រះអង្គ។ គឺដូចដែលសាវ័កប៉ុលបានបង្រៀនថា “ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ”(២កូរិនថូស ៤:១៦)។ បញ្ហាប្រឈមដែលយើងប្រឈមមុខដាក់ ជារៀងរាល់ថ្ងៃ អាចទាញយើងឲ្យធ្លាក់ចុះបាន ពេលណាយើងនៅតែប្រកាន់ខ្ជាប់នូវភាពអវិជ្ជមាន ដែលមានដូចជាការភ័យខ្លាច ការឈឺចាប់ និងការថប់បារម្ភជាដើម។ ការសម្អាតជាថ្មីខាងវិញ្ញាណកើតមានឡើង ពេលណាយើង មិនផ្តោតចិត្តទៅលើរបស់ដែលមើលឃើញឡើយ គឺផ្តោតចិត្តទៅលើរបស់ដែលមើលមិនឃើញវិញ”(ខ.១៨)។ យើងត្រូវថ្វាយការព្រួយបារម្ភរបស់យើងជារៀងរាល់ថ្ងៃ ដាច់ដល់ព្រះ ហើយអធិស្ឋានសូមព្រះអង្គប្រទានផលផ្លែនៃព្រះវិញ្ញាណ ដូចជាសេចក្តីស្រឡាញ់ ក្តីអំណរ និងសន្តិភាពក្នុងចិត្តជាដើម ឲ្យកើតមានជាថ្មី ក្នុងជីវិតយើង(កាឡាទី ៥:២២-២៣)។ ពេលណាយើងថ្វាយបញ្ហារបស់យើង ដល់ព្រះអង្គ ហើយសូមព្រះវិញ្ញាណធ្វើការក្នុងជីវិតយើងជារៀងរាល់ថ្ងៃ ព្រះអង្គនឹងស្អាងវិញ្ញាណយើងឡើង។—KIMYA LODER
តើអ្នកអាចសូមព្រះទ្រង់សម្អាតវិញ្ញាណអ្នកឲ្យថ្មីឡើង ដូចម្តេចខ្លះ? តើកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើ បានលើកទឹកចិត្តអ្នក ដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ជារៀងរាល់ថ្ងៃ ទូលបង្គំជួបឧបសគ្គ ដែលអាចធ្វើឲ្យវិញ្ញាណទូលបង្គំខ្ទេចខ្ទាំ។ ជួនកាល ទូលបង្គំមានអារម្មណ៍ថា ចង់ចុះចាញ់ តែទូលបង្គំដឹងថា តាមរយៈព្រះអង្គ នោះវិញ្ញាណទូលបង្គំមានភាពថ្មីឡើងវិញ។
For further study, read A Story of a Life Led by the Spirit at discoverodb.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ៧-៩ និង លូកា ១:២១-៣៨
ល្ងាច

បង្រៀនកូនៗយើងឲ្យស្គាល់ព្រះច្បាស់
ដោយUltimately with R.C. Sproul
March 20, 2023
ព្រះអម្ចាស់បានចាត់តាំងគ្រួសារ ធ្វើជាកន្លែងដែលកូនត្រូវទទួលការបណ្តុះបណ្តាល ឲ្យស្គាល់ព្រះ គឺមិនបានចាត់តាំងសាលារៀន ឬរដ្ឋ ឲ្យបំពេញភារកិច្ចនេះទេ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹងលើកឡើង អំពីការទទួលខុសត្រូវដ៏សំខាន់របស់ឪពុកម្តាយជាគ្រីស្ទបរិស័ទ។ អត្ថបទ យើងកំពុងរស់នៅក្នុងវប្បធម៌ ដែលចូលចិត្តស្វែងរកស្ថាប័នផ្សេងៗ ឲ្យទទួលខុសត្រូវជំនួសយើង។ យើងចង់ឲ្យប្រព័ន្ធអប់រំរបស់សាលារៀន ផ្តល់ឲ្យយើងនូវការអប់រំ។ ហើយនៅពេលណាយើងបានឃើញការបង្រៀនក្នុងព្រះគម្ពីរ អំពីវប្បធម៌ និងលោកិយ នោះយើងក៏បានដឹងថា គ្រួសារគឺជាស្ថាប័នសំខាន់បំផុត ដែលព្រះទ្រង់បានចាត់តាំង។ ហើយនៅពេលណាយើងមើលក្រឹត្យវិន័យ ក្នុងកណ្ឌគម្ពីរចោទិយកថា យើងឃើញការត្រាស់ហៅដ៏គួរឲ្យស្ញែងខ្លាចថា “ចូរស្តាប់ចុះ ឱអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១អង្គទ្រង់ ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង”(៦:៤-៥)។ ព្រះយេស៊ូវបានហៅក្រឹត្យវិន័យនេះថា មហាព្រះរាជបញ្ជា ។ ពេលណាព្រះអម្ចាស់នៃយើងមានបន្ទូលអំពីក្រឹត្យវិន័យ និងមហាព្រះរាជបញ្ជា នោះយើងត្រូវយកចិត្តទុកដាក់ និងឲ្យតម្លៃយ៉ាងខ្លាំង មកលើព្រះបន្ទូលព្រះអង្គក្នុងបរិបទនោះ។ ពេលណាយើងអានបទគម្ពីរ ចោទិយកថា ជំពូក៦ ភាគច្រើនយើងគ្រាន់តែបានចាប់អារម្មណ៍ មកលើការប្រកាសអំពីមហាព្រះរាជបញ្ជាប៉ុណ្ណោះ។ ហើយបើយើងបន្តអានទៅមុខទៀត យើងនឹងឃើញសេចក្តីបង្គាប់ថា “ត្រូវឲ្យប្រិតប្រៀនសេចក្តីទាំងនេះដល់កូនចៅឯង ព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង ត្រូវចងសេចក្តីទាំងនេះជាប់នៅដៃឯង ទុកជាទីសំគាល់ ហើយត្រូវធ្វើជាស្លាកនៅកណ្តាលថ្ងាសឯងផង ក៏ត្រូវកត់នៅក្របទ្វារផ្ទះឯង ហើយនៅទ្វារកំផែងរបស់ឯងផង”(ខ.៧-៩)។ ហើយបទគម្ពីរនេះទាំងមូលបានបង្ហាញថា ឪពុកម្តាយមានការទទួលខុសត្រូវ នៅក្នុងការដាក់អាទិភាពបង្រៀនកូនៗរបស់ខ្លួន ឲ្យយល់ច្បាស់ អំពីលក្ខណៈសម្បត្តិរបស់ព្រះអម្ចាស់។ ពេលណាខ្ញុំឮគ្រីស្ទបរិស័ទ ឬអ្នកដែលប្រកាសថា ខ្លួនជាគ្រីស្ទបរិស័ទ និយាយថា “ខ្ញុំនឹងមិនបង្រៀនកូនៗរបស់ខ្ញុំ ឲ្យយល់អ្វីៗគ្រប់យ៉ាងនោះទេ ខ្ញុំចង់ឲ្យពួកគេសម្រេចចិត្តដោយខ្លួនឯង” នោះគឺមានន័យថា ពួកគេបានគេចចេញពីការទទួលខុសត្រូវជាគ្រីស្ទបរិស័ទ ហើយខ្ញុំក៏មិនមានការភ្ញាក់ផ្អើលដែរ។