ដេញតាមការស្កប់ចិត្ត

ទូលបង្គំ​បាន​រំងាប់ ហើយ​ព្រលួ​ងព្រលឹង​ទូលបង្គំ​ជាស្រេច ដូចជា​ក្មេង​ដែល​ម្តាយ​បាន​ផ្តាច់​ដោះ​ឲ្យ។ ទំនុកដំកើង ១៣១:២

មាន​ពេល​មួយ គ្រូពេទ្យ​ចិត្ត​សាស្រ្ត​ម្នាក់ បាន​ឆ្លើយតប ចំពោះ​ប្រិយមិត្ត​អ្នកអាន​អត្ថបទ​របស់​គាត់ ឈ្មោះ ប្រេនដា(Brenda) ដែល​បាន​ពោល​ទំនួញ អំពី​ការ​ដេញ​តាម​ក្តី​ស្រមៃ​ដ៏​ធំ​មួយ ដែល​បណ្តាល​ឲ្យ​គាត់​មានចិត្ត​មិន​ស្កប់ស្កល់។ គាត់​ក៏បាន​និយាយ​ត្រង់​ៗ​ថា “មនុស្ស​មិនបាន​កើតមក​ដើម្បី​សប្បាយចិត្ត​នោះ​ទេ តែ​សម្រាប់​តែ​រស់រាន និង​បន្ត​ពូជ​ប៉ុណ្ណោះ”។ គាត់​និយាយ​បន្ថែម​ទៀត​ថា “យើង​ត្រូវ​បណ្តា​សារ​ឲ្យ​ដេញ​ចាប់​ការ​ស្កប់ចិត្ត ដែល​ប្រៀប​ដូចជា​សត្វ​មេអំបៅ​នៃ​ភាព​ស្រមើល​ស្រ​ម៉ៃ ហើយ​មិន​តែងតែ​ចាប់​វា​បាន​នោះ​ទេ”។

ខ្ញុំ​ឆ្ងល់​ថា ប្រេ​នដា​មាន​អារម្មណ៍​យ៉ាងណា ពេល​ដែល​បាន​អាន​ពាក្យ​របស់​គ្រូពេទ្យ​ចិត្ត​សាស្រ្ត​ម្នាក់​នេះ ហើយ​តើ​អារម្មណ៍​នាង​នឹង​មានការ​ផ្លាស់​ប្តូរ​យ៉ាងណា បើសិនជា​នាង​បាន​អាន​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១៣១ វិញ។ ក្នុង​បទ​គម្ពីរ​នេះ ស្តេច​ដាវីឌ​បាន​ឆ្លុះបញ្ចាំង អំពី​របៀប​ស្វែងរក​ការ​ស្កប់ចិត្ត។ ទ្រង់​បាន​ចាប់ផ្តើម​ស្វែងរក​ការ​ស្កប់ចិត្ត​ដោយ​ឥរិយាបថ​នៃ​ការ​បន្ទាបខ្លួន ដោយ​លះបង់​ចោល​មហិច្ឆតា​របស់​ទ្រង់​ជា​ស្តេច ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏បាន​ឈប់​សួរ​សំណួរ​ធំៗ និង​ពិបាក​ហួស​ល្បត់ អំពី​ជីវិត (ខ.១)។ បន្ទាប់មក ទ្រង់​ក៏​មាន​ព្រះទ័យ​ស្ងប់​រម្ងាប់ នៅ​ចំពោះ​ព្រះ(ខ.២) ដោយ​ថ្វាយ​ពេល​អនាគត ក្នុង​ព្រះហស្ត​ព្រះអង្គ(ខ.៣)។ ជា​លទ្ធផល ទ្រង់​មាន​បន្ទូល​ថា ទ្រង់​បាន​ស្កប់ចិត្ត ដូចជា​ក្មេង​ដែល​បាន​ផ្តាច់​ដោះ ដែល​បាន​នៅជា​មួយ​ម្តាយ​ខ្លួន(ខ.២)។

ក្នុង​លោកិយ​ដែល​ប្រេះ​បែក ពេលខ្លះ យើង​មាន​អារម្មណ៍​ថា យើង​មិន​អាច​មានការ​ស្កប់ចិត្ត។ តែ​ក្នុង​បទ​គម្ពីរ​ភីលីព ៤:១១-១៣ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ថា យើង​ត្រូវ​រៀន​​ស្កប់​ចិត្ត។ តែបើ​យើង​ជឿ​ថា យើង​កើត​មក​សម្រាប់​តែ​រស់រាន និង​បន្ត​ពូជ ដើម្បី​កុំ​ឲ្យ​មនុស្សជាតិ​ផុតពូជ​នៅ​លើ​ផែនដី នោះ​ការ​ស្កប់ចិត្ត​ប្រៀប​ដូចជា​សត្វ​មេអំបៅ​ដែល​មិន​អាច​ដេញ​ចាប់បាន។ តែ​ស្តេច​ដាវីឌ​បាន​បង្ហាញ​យើង​ថា ដើម្បីឲ្យ​យើង​មានការ​ស្កប់ចិត្ត យើង​ត្រូវ​សម្រាក​នៅក្នុង​ព្រះវ​ត្ត​មាន​ព្រះ។—SHERIDAN VOYSEY

តើ​អ្នកមាន​អារម្មណ៍​ស្កប់ចិត្ត​បំផុត នៅពេល​ណា? តើ​អ្នក​អាច​លះបង់​ពេល​បន្ទាន់ ដូចម្តេច​ខ្លះ ដើម្បីឲ្យ​អ្នក​អាច​ចំណាយពេល​ស្ងាត់ស្ងៀម​ជាមួយ​ព្រះអង្គ នៅ​ថ្ងៃនេះ?

ឱ​ព្រះអម្ចាស់ ទូលបង្គំ​សូម​សម្រាក​ក្នុង​ព្រះអង្គ ក្នុង​ការ​ស្កប់ចិត្ត​​ដ៏​ជ្រាលជ្រៅ​បំផុត។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ៤-៦ និង លូកា ១:១-២០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles