បង្រៀនកូនៗយើងឲ្យស្គាល់ព្រះច្បាស់

ព្រះអម្ចាស់​បាន​ចាត់តាំង​គ្រួសារ ​ធ្វើជា​កន្លែង​ដែល​កូន​ត្រូវ​ទទួលការ​បណ្តុះបណ្តាល ឲ្យ​ស្គាល់​ព្រះ គឺ​មិនបាន​ចាត់តាំង​សាលារៀន ឬ​រដ្ឋ ឲ្យ​បំពេញ​ភារកិច្ច​នេះ​ទេ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​លើកឡើង អំពី​ការ​ទទួល​ខុស​ត្រូវ​ដ៏​សំខាន់​របស់​ឪពុក​ម្តាយ​ជា​គ្រីស្ទបរិស័ទ។

អត្ថបទ

យើង​កំពុង​រស់នៅ​ក្នុង​វប្បធម៌ ដែល​ចូលចិត្ត​ស្វែងរក​ស្ថាប័ន​ផ្សេងៗ ឲ្យ​ទទួល​ខុស​ត្រូវ​ជំនួស​យើង។ យើង​ចង់​ឲ្យ​ប្រព័ន្ធ​អប់រំ​របស់​សាលារៀន ផ្តល់​ឲ្យ​យើង​នូវ​ការអប់រំ។ ហើយ​នៅពេល​ណា​យើង​បានឃើញ​ការ​បង្រៀន​ក្នុង​ព្រះគម្ពីរ អំពី​វប្បធម៌ និង​លោកិយ នោះ​យើង​ក៏បាន​ដឹង​ថា គ្រួសារ​គឺជា​ស្ថាប័ន​សំខាន់​បំផុត ដែល​ព្រះ​ទ្រង់​បាន​ចាត់តាំង។ ហើយ​នៅពេល​ណា​យើង​មើល​ក្រឹត្យវិន័យ ក្នុង​កណ្ឌ​គម្ពីរ​ចោទិយកថា យើង​ឃើញ​ការ​ត្រាស់​ហៅ​ដ៏​គួរឲ្យ​ស្ញែង​ខ្លាច​ថា “ចូរ​ស្តាប់​ចុះ ឱ​អ៊ីស្រាអែល​អើយ ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះយេហូវ៉ា​តែ១អង្គ​ទ្រង់ ត្រូវឲ្យ​ឯង​ស្រឡាញ់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យអស់​ពីចិត្ត អស់ពី​ព្រលឹង ហើយ​អស់ពី​កំឡាំង​ឯង”(៦:៤-៥)។ ព្រះយេស៊ូវ​បាន​ហៅ​ក្រឹត្យវិន័យ​នេះ​ថា មហា​ព្រះរាជ​បញ្ជា ។ ពេលណា​ព្រះអម្ចាស់​នៃ​យើង​មាន​បន្ទូល​អំពី​ក្រឹត្យវិន័យ និង​មហា​ព្រះរាជ​បញ្ជា នោះ​យើង​ត្រូវ​យកចិត្ត​ទុកដាក់ និង​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង មក​លើ​ព្រះបន្ទូល​ព្រះអង្គ​ក្នុង​បរិបទ​នោះ។ ពេលណា​យើង​អាន​បទ​គម្ពីរ ចោទិយកថា ជំពូក៦ ភាគច្រើន​យើង​គ្រាន់តែ​បាន​ចាប់អារម្មណ៍ មក​លើ​ការប្រកាស​អំពី​មហា​ព្រះរាជ​បញ្ជា​ប៉ុណ្ណោះ។

ហើយ​បើ​យើង​បន្ត​អាន​ទៅមុខ​ទៀត យើង​នឹង​ឃើញ​សេចក្តី​បង្គាប់​ថា “ត្រូវឲ្យ​ប្រិតប្រៀន​សេចក្តី​ទាំងនេះ​ដល់​កូនចៅ​ឯង ព្រមទាំង​និយាយ​ដំណាល ក្នុង​កាលដែល​អង្គុយ​នៅក្នុង​ផ្ទះ​ហើយ​ដើរតាម​ផ្លូវ ក្នុង​កាលដែល​ដេក ហើយ​ក្រោក​ឡើង​ផង ត្រូវ​ចង​សេចក្តី​ទាំងនេះ​ជាប់​នៅ​ដៃ​ឯង ទុកជា​ទី​សំគាល់ ហើយ​ត្រូវ​ធ្វើជា​ស្លាក​នៅ​កណ្តាល​ថ្ងាស​ឯង​ផង ក៏​ត្រូវ​កត់​នៅ​ក្រប​ទ្វារផ្ទះ​ឯង ហើយ​នៅ​ទ្វារ​កំផែង​របស់​ឯង​ផង”(ខ.៧-៩)។ ហើយ​បទ​គម្ពីរ​នេះ​ទាំង​មូល​បាន​បង្ហាញថា ឪពុក​ម្តាយ​មានការ​ទទួលខុសត្រូវ នៅក្នុង​ការ​ដាក់​អាទិភាព​បង្រៀន​កូនៗ​របស់​ខ្លួន ឲ្យ​យល់​ច្បាស់ អំពី​លក្ខណៈ​សម្បត្តិ​របស់​ព្រះអម្ចាស់។ ពេលណា​ខ្ញុំ​ឮ​គ្រីស្ទបរិស័ទ ឬ​អ្នក​ដែល​ប្រកាស​ថា ខ្លួន​ជា​គ្រីស្ទបរិស័ទ និយាយ​ថា “ខ្ញុំ​នឹង​មិន​បង្រៀន​កូន​ៗ​របស់​ខ្ញុំ ឲ្យ​យល់​អ្វី​ៗ​គ្រប់​យ៉ាង​នោះ​ទេ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​សម្រេច​ចិត្ត​ដោយខ្លួនឯង” នោះ​គឺ​មានន័យថា ពួក​គេ​បាន​គេច​ចេញពី​ការទទួលខុសត្រូវ​ជា​គ្រីស្ទបរិស័ទ ហើយ​ខ្ញុំ​ក៏​មិន​មានការ​ភ្ញាក់ផ្អើល​ដែរ។

More articles