ព្រឹក

ងាកចេញពីភាពតប់ប្រមល់ទៅរកសេចក្តីសុខសាន្ត
ដោយKatara Patton
March 27, 2023
កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ ភីលីព ៤:៦ ការផ្លាស់ប្តូរផ្ទះ ស្ថិតក្នុងចំណោមកត្តាដែលធ្វើឲ្យមានភាពតប់ប្រមល់បំផុត ក្នុងជីវិត។ ក្រុមគ្រួសារខ្ញុំបានផ្លាស់មករស់នៅក្នុងផ្ទះ ដែលយើងកំពុងរស់នៅក្នុងពេលបច្ចុប្បន្ន បន្ទាប់ពីយើងបានរស់នៅ ក្នុងផ្ទះចាស់ជិត២០ឆ្នាំ។ ខ្ញុំបានរស់នៅក្នុងផ្ទះចាស់នោះតែម្នាក់ឯង អស់រយៈពេល៨ឆ្នាំ មុនពេលខ្ញុំរៀបការ។ បន្ទាប់មក ស្វាមីខ្ញុំក៏បានផ្លាស់មករស់នៅជាមួយខ្ញុំ ដោយនាំរបស់ប្រើប្រាស់របស់គាត់មកជាមួយ។ ក្រោយមក ពេលយើងមានកូន គឺមានន័យថា យើងមានរបស់របរប្រើប្រាស់កាន់តែច្រើន ក្នុងផ្ទះ។ នៅថ្ងៃរើ ទៅនៅផ្ទះថ្មី អ្វីៗមិនទាន់មានភាពរលូនឡើយ។ នៅសល់តែ៥នាទីទៀតប៉ុណ្ណោះ អ្នកដឹកជញ្ជូននឹងមកដល់ហើយ តែខ្ញុំនៅមិនទាន់សរសេរសៀវភៅចប់ ឲ្យទាន់ពេលកំណត់។ ហើយផ្ទះថ្មីមានជណ្តើរច្រើន ដូចនេះ ខ្ញុំត្រូវការកម្លាំងដឹកជញ្ជូនច្រើនជាងនោះពីរដង លើសផែនការ។ តែខ្ញុំមិនមានអារម្មណ៍តប់ប្រមល់ខ្លាំង នៅថ្ងៃនោះទេ។ តែការថប់បារម្ភបានកើតមាន ពេលដែលខ្ញុំបានចំណាយពេលច្រើនម៉ោង ដើម្បីសរសេរសៀវភៅឲ្យចប់។ ដោយសារព្រះគុណព្រះ ខ្ញុំក៏បានចំណាយពេលអានព្រះគម្ពីរ អធិស្ឋាន និងសរសេរសៀវភៅ ឲ្យទាន់ពេលកំណត់។ ដូចនេះ ខ្ញុំជឿថា ការសិក្សា ព្រះគម្ពីរ និងការអធិស្ឋាន គឺជាគន្លឹះដែលនាំឲ្យខ្ញុំឈ្នះការថប់បារម្ភ។ សាវ័កប៉ុលបានបង្រៀនថា “កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង”(ភីលីព ៤:៦)។ ពេលណាយើងអធិស្ឋាន និងអរសប្បាយក្នុងព្រះអង្គ(ខ.៤) យើងបង្វែរគំនិតរបស់យើងចេញពីបញ្ហា ហើយងាកទៅរកព្រះដែលជាអ្នកផ្គត់ផ្គង់។ យើងប្រហែលជាចង់សូមព្រះអង្គជួយយើងជម្នះបញ្ហាដែលធ្វើឲ្យយើងថប់បារម្ភ តែយើងត្រូវតែនៅជាប់ព្រះអង្គ ព្រោះព្រះអង្គប្រទានសន្តិភាព ឬសេចក្តីសុខសាន្ត ដែលហួសលើសពីអស់ទាំងគំនិត(ខ.៧)។—KATARA PATTON
តើមានស្ថានភាពដ៏តប់ប្រមល់អ្វីខ្លះ ដែលអ្នកត្រូវការឲ្យព្រះទ្រង់ប្រទានសន្តិភាព នៅថ្ងៃនេះ? តើការអធិស្ឋានដោយការអរព្រះគុណបានកែប្រែគំនិតរបស់អ្នកដូចម្តេចខ្លះ?
ឱព្រះដែលផ្គត់ផ្គង់ និងការពារទូលបង្គំ ទូលបង្គំសូមថ្វាយការថប់បារម្ភដល់ព្រះអង្គ។ សូមសេចក្តីសុខសាន្តរបស់ព្រះអង្គ ការពារចិត្ត និងគំនិតទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួកចៅហ្វាយ ៤-៦ និង លូកា ៤:៣១-៤៤
ប្រភេទ
ល្ងាច

បទចម្រៀងនៃស្ថានសួគ៌
ដោយUltimately with R.C. Sproul
March 27, 2023
ព្រះគម្ពីរច្រើនតែអបអរសាទរជ័យជម្នះរបស់ព្រះអម្ចាស់ ដោយបទចម្រៀង។ តែគេមិនទាន់ច្រៀងទំនុកសរសើរមួយ ក្នុងចំណោមទំនុកអបអរជ័យជម្នះទាំងនោះនៅឡើយទេ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមចែកចាយ អំពីបទចម្រៀងនៃពួកដែលព្រះបានលោះ ក្នុងកណ្ឌគម្ពីរវិវរណៈ ដោយអបអរជ័យជម្នះរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងចំណុចខ្ពស់បំផុតនៃប្រវត្តិសាស្ត្រ។ អត្ថបទ យើងចាំបាច់ត្រូវផ្តល់ការចាប់អារម្មណ៍មកលើបទចម្រៀងក្នុងព្រះគម្ពីរ។ ព្រះគម្ពីរមិនមែនជាសៀវភៅចម្រៀងនោះទេ តែយើងសង្កេតឃើញថា នៅក្រៅកណ្ឌគម្ពីរទំនុកដំកើង និងកណ្ឌគម្ពីរបទចម្រៀងផ្សេងទៀត ជួនកាល កណ្ឌគម្ពីរខ្លះក៏បានចែង ឬនិយាយអំពីបទចម្រៀងផងដែរ។ បើយើងមើលព្រះគម្ពីរសញ្ញាចាស់ យើងឃើញបទចម្រៀងនៃផ្លែដាវរបស់លោកឡាមេក ជាប្រភេទបទចម្រៀងទុច្ចរិត។ តែបន្ទាប់មក យើងឃើញបទចម្រៀងរបស់លោកម៉ូសេ និងនាងម៉ារាមអំពី “សត្វសេះ និងអ្នកជិះសេះ ដែលបានបោះចូលទៅក្នុងសមុទ្រ” ឬបទចម្រៀងរបស់អ្នកស្រីដេបូរ៉ា ដែលជាចៅហ្វាយស្រី ដែលបានដឹកនាំពួកអ៊ីស្រាអែលទាស់ប្រឆាំងនឹងខ្មាំងសត្រូវ ដែលដឹកនាំដោយស៊ីសេរ៉ា ហើយពេលនោះស៊ីសេរ៉ាក៏បានពោលថា “ផ្ទៃមេឃក៏បានជួយច្បាំង ផ្កាយទាំងប៉ុន្មានបានច្បាំងនឹងស៊ីសេរ៉ាពីទីគោចរ”។ ហើយក្នុងបទគម្ពីរសញ្ញាចាស់ទាំងមូល អ្នកនឹងឃើញថា គេបានច្រៀងទំនុកសរសើរនៅក្នុងពេលដ៏ជាក់លាក់ណាមួយ។ ប៉ុន្តែ ក្នុងប្រវត្តិសាស្រ្តអ៊ីស្រាអែល បទចម្រៀងដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺមានកត់ទុក ក្នុងដើមដំបូងនៃព្រះគម្ពីរសញ្ញាថ្មី ដែលមានដូចជាបទចម្រៀងរបស់នាងអេលីហ្សាបិត បទចម្រៀងរបស់លោកសាការី បទចម្រៀងរបស់លោកស៊ីម្មាន បទចម្រៀងរបស់នាងម៉ារា ជាបទលើកដំកើងព្រះ។ អ្នកប្រហែលជាឆ្ងល់ថា ហេតុអ្វីបទចម្រៀងទាំងនោះមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ជាងគេ? ព្រោះ ក្នុងទឹកដីអ៊ីស្រាអែល តួនាទីរបស់បទចម្រៀងទាំងនេះ គឺដើម្បីអបអរជ័យជម្នះរបស់ព្រះអម្ចាស់ ក្នុងពេលណាមួយនៃប្រវត្តិសាស្រ្ត។ ហើយក្នុងកណ្ឌគម្ពីរវិវរណៈ សាវ័កយ៉ូហានបានបង្ហាញឲ្យយើងដឹងថា យើងច្រៀងបទចម្រៀង យើងនឹកចាំទំនុកបរិសុទ្ធ ហើយយើងច្រៀងបទចម្រៀង ដែលបាននិពន្ធរាប់សតវត្សរ៍ហើយ តែថ្ងៃមួយ ព្រះអម្ចាស់នឹងប្រទានបទចម្រៀងថ្មីដល់រាស្រ្តព្រះអង្គ។ ក្នុងពេលនៃជ័យជម្នះជាលើកចុងក្រោយ យើងនឹងមានបទចម្រៀងថ្មីមួយ។ ហើយព្រះទ្រង់អនុញ្ញាតឲ្យយើងដឹងជាមុន តាមរយៈព្រះបន្ទូលព្រះអង្គ អំពីព្រឹត្តិការណ៍នៅពេលអនាគត។ ព្រះអង្គឲ្យលោកយ៉ូហាន ក៏ដូចយើងរាល់គ្នា ដឹងជាមុន អំពីជ័យជម្នះចុងក្រោយ និងបានស្គាល់បទចម្រៀងនោះជាមុនផងដែរ។ ហើយពួកគេនឹងច្រៀងបទថ្មីនោះថា “ទ្រង់គួរនឹងយកក្រាំងនេះ ហើយនិងបកត្រាផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី”(វិវរណៈ ៥:៩-១០)។ ទំនុកច្រៀងនេះមិនមែនមានតែប៉ុណ្ណេះទេ តែជាសេចក្តីផ្តើមនៃបទចម្រៀង ព្រោះខបន្ទាប់លោកយ៉ូហានប្រាប់យើងថា “នោះខ្ញុំឃើញ ហើយក៏ឮសំឡេងទេវតាជាច្រើននៅជុំវិញបល្ល័ង្ក ព្រមទាំងតួមានជីវិត និងពួកចាស់ទុំផង ឯចំនួននៃទេវតានោះ មានទាំងម៉ឺនទាំងសែន ហើយទាំងពាន់រាប់ជាពាន់”។ បទចម្រៀងនេះក៏បានបន្ទរថា “កូនចៀមដែលគេបានសំឡាប់ នោះគួរនឹងបានព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និងព្រះពរ”។ គ្រប់ទាំងអស់ដែលមានជីវិត នៅស្ថានសួគ៌នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ និងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះនិយាយថា “សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្តា ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ”។ យើងបម្រើព្រះគ្រីស្ទ ហើយថ្វាយបង្គំ និងស្រឡាញ់ព្រះអង្គ ដោយការដឹងគុណ និងក្តីស្រឡាញ់ តែដែលសំខាន់បំផុតនោះ គឺដោយសារព្រះអង្គសក្តិសមនឹងឲ្យយើងថ្វាយបង្គំ។