នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ងាកចេញពីភាពតប់ប្រមល់ទៅរកសេចក្តីសុខសាន្ត

ងាកចេញពីភាពតប់ប្រមល់ទៅរកសេចក្តីសុខសាន្ត

ដោយKatara Patton

March 28, 2023

កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នករាល់គ្នា​ក្នុង​គ្រប់ការ​ទាំងអស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរព្រះគុណ​ផង។ ភីលីព ៤:៦ ការ​ផ្លាស់​ប្តូរ​ផ្ទះ ស្ថិត​ក្នុងចំណោម​កត្តា​ដែល​ធ្វើឲ្យ​មាន​ភាព​តប់​ប្រមល់​បំផុត ក្នុង​ជីវិត។ ក្រុម​គ្រួសារ​ខ្ញុំ​បាន​ផ្លាស់មក​រស់នៅ​ក្នុង​ផ្ទះ ដែល​យើង​កំពុង​រស់នៅ​ក្នុង​ពេល​បច្ចុប្បន្ន បន្ទាប់ពី​យើង​បាន​រស់នៅ ក្នុង​ផ្ទះ​ចាស់​ជិត២០ឆ្នាំ។ ខ្ញុំ​បាន​រស់នៅ​ក្នុង​ផ្ទះ​ចាស់​នោះ​តែម្នាក់ឯង អស់​រយៈពេល៨ឆ្នាំ មុន​ពេល​ខ្ញុំ​រៀបការ។ បន្ទាប់មក ស្វាមី​ខ្ញុំ​ក៏បាន​ផ្លាស់មក​រស់នៅ​ជាមួយ​ខ្ញុំ ដោយ​នាំ​របស់​ប្រើប្រាស់​របស់​គាត់​មក​ជាមួយ។ ក្រោយ​មក ពេល​យើង​មាន​កូន គឺ​មានន័យថា យើង​មាន​របស់​របរ​ប្រើប្រាស់​កាន់តែ​ច្រើន ក្នុង​ផ្ទះ។ នៅ​ថ្ងៃ​រើ ទៅ​នៅផ្ទះ​ថ្មី អ្វីៗ​មិន​ទាន់​មាន​ភាព​រលូន​ឡើយ។ នៅ​សល់​តែ៥នាទី​ទៀត​ប៉ុណ្ណោះ អ្នក​ដឹកជញ្ជូន​នឹង​មកដល់​ហើយ តែ​ខ្ញុំ​នៅ​មិនទាន់​សរសេរ​សៀវភៅ​ចប់ ឲ្យ​ទាន់ពេល​កំណត់។ ហើយ​ផ្ទះ​ថ្មី​មាន​ជណ្តើរ​ច្រើន ដូចនេះ ខ្ញុំ​ត្រូវការ​កម្លាំង​ដឹកជញ្ជូន​ច្រើនជាង​នោះ​ពីរ​ដង លើស​ផែន​ការ។ តែ​ខ្ញុំ​មិន​មាន​អារម្មណ៍​តប់ប្រមល់​ខ្លាំង នៅ​ថ្ងៃ​នោះ​ទេ។ តែ​ការ​ថប់បារម្ភ​បាន​កើតមាន ពេល​ដែល​ខ្ញុំ​បាន​ចំណាយពេល​ច្រើន​ម៉ោង ដើម្បី​សរសេរ​សៀវភៅ​ឲ្យ​ចប់។ ដោយសារ​ព្រះគុណ​ព្រះ ខ្ញុំ​ក៏បាន​ចំណាយពេល​អាន​ព្រះគម្ពីរ អធិស្ឋាន និង​សរសេរ​សៀវភៅ ឲ្យ​ទាន់ពេល​កំណត់។ ដូចនេះ ខ្ញុំ​ជឿ​ថា ការសិក្សា ព្រះគម្ពីរ និង​ការអធិស្ឋាន គឺជា​គន្លឹះ​ដែល​នាំឲ្យ​ខ្ញុំ​ឈ្នះ​ការ​ថប់បារម្ភ។ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នករាល់គ្នា​ក្នុង​គ្រប់ការ​ទាំងអស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរព្រះគុណ​ផង”(ភីលីព ៤:៦)។ ពេល​ណា​យើង​អធិស្ឋាន និង​អរ​សប្បាយ​ក្នុង​ព្រះអង្គ(ខ.៤) យើង​បង្វែរ​គំនិត​របស់​យើង​ចេញពី​បញ្ហា ហើយ​ងាក​ទៅ​រក​ព្រះ​ដែល​ជា​អ្នក​ផ្គត់​ផ្គង់។ យើង​ប្រហែលជា​ចង់​សូម​ព្រះអង្គ​ជួយ​យើង​ជម្នះ​បញ្ហា​ដែល​ធ្វើឲ្យ​យើង​ថប់បារម្ភ តែ​យើង​ត្រូវតែ​នៅ​ជាប់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ប្រទាន​សន្តិភាព ឬ​សេចក្តី​សុខសាន្ត ដែល​ហួស​លើស​ពី​អស់ទាំង​គំនិត(ខ.៧)។—KATARA PATTON

តើមាន​ស្ថានភាព​ដ៏​តប់​ប្រមល់​អ្វីខ្លះ ដែល​អ្នក​ត្រូវការ​ឲ្យ​ព្រះ​ទ្រង់ប្រទាន​សន្តិភាព នៅ​ថ្ងៃនេះ? តើ​ការ​អធិស្ឋាន​ដោយ​ការ​អរព្រះគុណ​បាន​កែប្រែ​គំនិត​របស់​អ្នក​ដូចម្តេច​ខ្លះ?

ឱ​ព្រះ​ដែល​ផ្គត់ផ្គង់ និង​ការពារ​ទូលបង្គំ ទូលបង្គំ​សូម​ថ្វាយ​ការ​ថប់បារម្ភ​ដល់​ព្រះអង្គ។ សូម​សេចក្តី​សុខសាន្ត​របស់​ព្រះអង្គ ការពារ​ចិត្ត និង​គំនិត​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួក​ចៅហ្វាយ ៤-៦ និង លូកា ៤:៣១-៤៤

ល្ងាច

បទចម្រៀងនៃស្ថានសួគ៌

បទចម្រៀងនៃស្ថានសួគ៌

ដោយUltimately with R.C. Sproul

March 28, 2023

ព្រះគម្ពីរ​ច្រើនតែ​អបអរសាទរ​ជ័យជម្នះ​របស់​ព្រះអម្ចាស់ ដោយបទ​ចម្រៀង។ តែ​គេ​មិនទាន់​ច្រៀង​ទំនុក​សរសើរ​មួយ ក្នុងចំណោម​ទំនុក​អបអរ​ជ័យជម្នះ​ទាំងនោះ​នៅឡើយ​ទេ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ចែកចាយ អំពី​បទចម្រៀង​នៃ​ពួក​ដែល​ព្រះ​បាន​លោះ ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ ដោយ​អបអរ​ជ័យជម្នះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្នុង​ចំណុច​ខ្ពស់​បំផុត​នៃ​ប្រវត្តិ​សាស្ត្រ។ អត្ថបទ យើង​ចាំបាច់​ត្រូវ​ផ្តល់​ការចាប់អារម្មណ៍​មក​លើ​បទចម្រៀង​ក្នុង​ព្រះគម្ពីរ។ ព្រះគម្ពីរ​មិនមែន​ជា​សៀវភៅ​ចម្រៀង​នោះ​ទេ តែ​យើង​សង្កេតឃើញ​ថា នៅ​ក្រៅ​កណ្ឌ​គម្ពីរ​ទំនុកដំកើង និង​កណ្ឌ​គម្ពីរ​បទចម្រៀង​ផ្សេងទៀត ជួនកាល កណ្ឌ​គម្ពីរ​ខ្លះ​ក៏បាន​ចែង ឬ​និយាយ​អំពី​បទចម្រៀង​ផង​ដែរ។ បើ​យើង​មើល​ព្រះគម្ពីរ​សញ្ញាចាស់ យើង​ឃើញ​បទចម្រៀង​នៃ​ផ្លែដាវ​របស់​លោក​ឡា​មេក ជា​ប្រភេទ​បទចម្រៀង​ទុច្ចរិត។ តែ​បន្ទាប់មក យើង​ឃើញ​បទចម្រៀង​របស់​លោក​ម៉ូសេ និង​នាង​ម៉ារាម​អំពី “សត្វ​សេះ និង​អ្នក​ជិះសេះ ដែល​បាន​បោះ​ចូល​ទៅ​ក្នុង​សមុទ្រ” ឬប​ទ​ចម្រៀង​របស់​អ្នកស្រី​ដេបូរ៉ា ដែល​ជា​ចៅហ្វាយ​ស្រី ដែល​បាន​ដឹកនាំ​ពួក​អ៊ីស្រាអែល​ទាស់​ប្រឆាំង​នឹង​ខ្មាំងសត្រូវ ដែល​ដឹកនាំ​ដោយ​ស៊ី​សេ​រ៉ា ហើយ​ពេលនោះ​ស៊ី​សេ​រ៉ា​ក៏បាន​ពោល​ថា “ផ្ទៃមេឃ​ក៏បាន​ជួយ​ច្បាំង ផ្កាយ​ទាំងប៉ុន្មាន​បាន​ច្បាំង​នឹង​ស៊ី​សេ​រ៉ា​ពី​ទី​គោចរ”។ ហើយ​ក្នុង​បទ​គម្ពីរ​សញ្ញាចាស់​ទាំងមូល អ្នក​នឹង​ឃើញថា គេ​បាន​ច្រៀង​ទំនុក​សរសើរ​នៅក្នុង​ពេល​ដ៏​ជាក់លាក់​ណាមួយ។ ប៉ុន្តែ ក្នុង​ប្រវត្តិ​សាស្រ្ត​អ៊ីស្រាអែល បទចម្រៀង​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ជាងគេ គឺ​មាន​កត់ទុក ក្នុង​ដើមដំបូង​នៃ​ព្រះគម្ពីរ​សញ្ញាថ្មី ដែល​មាន​ដូចជា​បទចម្រៀង​របស់​នាង​អេលីហ្សាបិត បទចម្រៀង​របស់​លោក​សាការី បទចម្រៀង​របស់​លោក​ស៊ីម្មាន បទ​ចម្រៀង​របស់​នាង​ម៉ារា ជា​បទ​លើក​ដំកើង​ព្រះ។ អ្នក​ប្រហែលជា​ឆ្ងល់​ថា ហេតុអ្វី​បទចម្រៀង​ទាំងនោះ​មាន​លក្ខណៈ​គួរឲ្យ​ចាប់អារម្មណ៍​ជាងគេ? ព្រោះ ក្នុងទឹក​ដី​អ៊ីស្រាអែល តួនាទី​របស់​បទចម្រៀង​ទាំងនេះ គឺ​ដើម្បី​អបអរ​ជ័យជម្នះ​របស់​ព្រះអម្ចាស់ ក្នុង​ពេលណា​មួយ​នៃ​ប្រវត្តិ​សាស្រ្ត។ ហើយ​ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ សាវ័ក​យ៉ូហាន​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើង​ច្រៀង​បទ​ចម្រៀង យើង​នឹក​ចាំ​ទំនុក​បរិសុទ្ធ ហើយ​យើង​ច្រៀង​បទ​ចម្រៀង ដែល​បាន​និពន្ធ​រាប់​សតវត្សរ៍​ហើយ តែ​ថ្ងៃមួយ ព្រះអម្ចាស់​នឹង​ប្រទាន​បទ​ចម្រៀង​ថ្មី​ដល់​រាស្រ្ត​ព្រះអង្គ។ ក្នុង​ពេល​នៃ​ជ័យជម្នះ​ជា​លើក​ចុងក្រោយ យើង​នឹង​មាន​បទចម្រៀង​ថ្មី​មួយ។ ហើយ​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ដឹង​ជាមុន តាមរយៈ​ព្រះបន្ទូល​ព្រះអង្គ អំពី​ព្រឹត្តិ​ការណ៍​នៅពេលអនាគត។ ព្រះអង្គ​ឲ្យ​លោក​យ៉ូហាន ក៏​ដូច​យើង​រាល់គ្នា ដឹង​ជាមុន អំពី​ជ័យជម្នះ​ចុងក្រោយ និង​បាន​ស្គាល់​បទចម្រៀង​នោះ​ជាមុន​ផង​ដែរ។ ហើយ​ពួក​គេ​នឹង​ច្រៀង​បទ​ថ្មី​នោះ​ថា “ទ្រង់​គួរ​នឹង​យក​ក្រាំង​នេះ ហើយនិង​បក​ត្រា​ផង ដ្បិត​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​ទ្រង់​បាន​លោះ​យើង​រាល់គ្នា ដោយ​ព្រះ​លោហិត​ទ្រង់ ចេញពី​គ្រប់​ទាំងពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយពី​គ្រប់​ទាំង​សាសន៍ ថ្វាយ​ដល់​ព្រះ ក៏​តាំង​យើង​រាល់គ្នា​ឡើងជា​នគរ ហើយ​ជា​ពួក​សង្ឃ ថ្វាយ​ដល់​ព្រះ​នៃ​យើង​រាល់គ្នា ឲ្យ​យើង​បាន​សោយរាជ្យ​លើ​ផែនដី”(វិវរណៈ ៥:៩-១០)។ ទំនុកច្រៀង​នេះ​មិនមែន​មានតែ​ប៉ុណ្ណេះ​ទេ តែ​ជា​សេចក្តី​ផ្តើម​នៃ​បទចម្រៀង ព្រោះ​ខ​បន្ទាប់​លោក​យ៉ូហាន​ប្រាប់​យើង​ថា “នោះ​ខ្ញុំ​ឃើញ ហើយក៏​ឮ​សំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំវិញ​បល្ល័ង្ក ព្រមទាំង​តួ​មានជីវិត និង​ពួក​ចាស់ទុំ​ផង ឯ​ចំនួន​នៃ​ទេវតា​នោះ មាន​ទាំង​ម៉ឺន​ទាំង​សែន ហើយ​ទាំង​ពាន់​រាប់​ជា​ពាន់”។ បទចម្រៀង​នេះ​ក៏បាន​បន្ទរ​ថា “កូនចៀម​ដែលគេ​បាន​សំឡាប់ នោះ​គួរ​នឹង​បាន​ព្រះ​ចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា ឥទ្ធិ​ឫទ្ធិ កិត្តិនាម សិរីល្អ និង​ព្រះពរ”។ គ្រប់​ទាំងអស់​ដែល​មានជីវិត នៅ​ស្ថានសួគ៌​នៅ​ផែនដី នៅ​ក្រោម​ដី ហើយ​នៅក្នុង​សមុទ្រ និង​គ្រប់​ទាំងអស់​ដែល​នៅ​ស្ថាន​ទាំងនោះ​និយាយ​ថា “សូម​ថ្វាយព្រះពរ កិត្តិនាម សិរីល្អ និង​ព្រះ​ចេស្តា ដល់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ដល់​កូនចៀម នៅ​អស់​កល្ប​ជានិច្ច​រៀងរាប​តទៅ”។ យើង​បម្រើ​ព្រះគ្រីស្ទ ហើយ​ថ្វាយបង្គំ និង​ស្រឡាញ់​ព្រះអង្គ ដោយ​ការ​ដឹងគុណ និង​ក្តី​ស្រឡាញ់ តែ​ដែល​សំខាន់​បំផុត​នោះ គឺ​ដោយសារ​ព្រះអង្គ​សក្តិ​សមនឹង​ឲ្យ​យើង​ថ្វាយបង្គំ។  

ប្រភេទ