ទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង។ អេសាយ ៥៣:៥
នៅថ្ងៃបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ដែលត្រូវជាថ្ងៃអាទិត្យ ឆ្នាំ២០២០ គេបានបញ្ចាំងរូបចម្លាក់ព្រះគ្រីស្ទជាព្រះអង្គសង្រ្គោះ ក្នុងទីក្រុងរីអូ ដេ ជែនេរ៉ូ ប្រទេសប្រេស៊ីល តាមរបៀបដែលធ្វើឲ្យគេឃើញរូបចម្លាក់នោះ មានសំលៀកបំពាក់ដូចគ្រូពេទ្យ។ ការបង្ហាញរូបចម្លាក់ព្រះយេស៊ូវ ឲ្យមានលក្ខណៈដូចគ្រូពេទ្យ គឺដើម្បីលើកទឹកចិត្តគ្រូពេទ្យ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូរ៉ូណា នៅសមរភូមិមុខ។ ការបញ្ចាំងរូបភាពដូចនេះ ក៏បានពិពណ៌នាអំពីព្រះយេស៊ូវ ដែលជាគ្រូពេទ្យដ៏ធំប្រសើរ(ម៉ាកុស ២:១៧)។
ព្រះយេស៊ូវបានប្រោសអ្នកជំងឺជាច្រើនឲ្យជា ក្នុងអំឡុងពេលដែលព្រះអង្គធ្វើព្រះរាជកិច្ចរបស់ព្រះអង្គ នៅលើផែនដី ដែលមានដូចជា លោកបារទីមេ ជាមនុស្សពិការភ្នែក(១០:៤៦-៥២) មនុស្សកើតឃ្លង់(លូកា ៥:១២-១៦) ជនពិការដៃជើង(ម៉ាថាយ ៩:១-៨) ជាដើម។ ព្រះអង្គក៏បានបង្ហាញព្រះទ័យទុកដាក់ចំពោះសុខភាពរបស់អ្នកដើរតាមព្រះអង្គ ដោយការបំបាត់ការស្រេកឃ្លានរបស់ពួកគេ ដោយធ្វើឲ្យអាហារតែបន្តិចក្លាយជាអាហារជាច្រើនបរិបូរ ដើម្បីចម្អែតពួកគេ(យ៉ូហាន ៦:១-១៣)។ ការអស្ចារ្យទាំងនេះបានបើកបង្ហាញព្រះចេស្តា និងសេចក្តីស្រឡាញ់ពិតប្រាកដរបស់ព្រះអង្គ ដល់ពួកបណ្តាជន។
ទោះជាយ៉ាងណាក៏ដោយ ការប្រោសជំងឺដ៏អស្ចារ្យបំផុតរបស់ព្រះអង្គ បានកើតមាន តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញ ដូចដែលហោរាអេសាយបានថ្លែងទំនាយ។ គឺដោយសាររបួសរបស់ព្រះយេស៊ូវ នោះយើងបានទទួលការប្រោសឲ្យជាធំបំផុត ឲ្យរួចផុតពីការដាច់ចេញពីព្រះ ដែលជាផលវិបាកនៃបាបយើង(អេសាយ ៥៣:៥)។ ទោះសុខភាពរបស់យើងនៅផែនដីមិនអាចល្អឥតខ្ចោះក៏ដោយ ក៏យើងនៅតែអាចទុកចិត្តថា ព្រះអង្គអាចបំពេញតម្រូវការដែលជ្រាលជ្រៅបំផុតរបស់យើង ដែលជាការផ្សះផ្សាឲ្យជានឹងព្រះអង្គ ដើម្បីឲ្យយើងអាចមានការប្រកបទាក់ទងជាមួយព្រះអង្គ។—KIRSTEN HOLMBERG
តើអ្នកបានទទួលការប្រោសឲ្យជាខាងវិញ្ញាណពីព្រះ ដូចម្តេចខ្លះ? តើការលះបង់របស់ព្រះយេស៊ូវ ដែលបាននាំមកនូវការផ្សះផ្សាឲ្យយើងបានជានឹងព្រះវរបិតា បានជួយឲ្យអ្នកអាចអត់ទ្រាំនឹងជំងឺខាងរូបកាយដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការលះបង់របស់ព្រះអង្គ ដែលបាននាំមកនូវ ការប្រោសឲ្យជាខាងវិញ្ញាណរបស់ទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យទុកចិត្តព្រះអង្គ ក្នុងការប្រឈមមុខដាក់បញ្ហាខាងរូបកាយរបស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ១សាំយ៉ូអែល ១៣-១៤ និង លូកា ១០:១-២៤