ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង។ ២ធីម៉ូថេ ៤:៥
កាលស៊ីន យី(Shin Yi)កំពុងរង់ចាំថ្ងៃចូលរៀននៅសកលវិទ្យាល័យ ក្នុងវ័យ២០ឆ្នាំ នាងបានសម្រេចចិត្តលះបង់ពេល៣ខែ ក្នុងអំឡុងពេលឈប់សម្រាកនោះ ដើម្បីធ្វើការបម្រើព្រះ ក្នុងអង្គការបេសកកម្មយុវជនមួយ។ ការសម្រេចចិត្តនេះហាក់ដូចជាមិនទំនង ដោយសារបំរាមក្នុងពេលដែលជំងឺកូវីដ១៩កំពុងរាតត្បាត បានរារាំងមិនឲ្យមានការជួបជុំដោយផ្ទាល់។ តែមិនយូរប៉ុន្មាន ស៊ីន យី ក៏បានប្រើវិធីសាស្រ្តមួយទៀត ដើម្បីធ្វើការ។ នាងថា “យើងមិនអាចជួបសិស្សសាលា នៅតាមផ្លូវ ក្នុងផ្សាទំនើប ឬកន្លែងលក់អាហារ ដូចរាល់ដង តែយើងអាចបន្តទំនាក់ទំនងជាមួយសិស្សដែលជាគ្រីស្ទបរិស័ទ តាមប្រព័ន្ធហ្ស៊ូម ដើម្បីអធិស្ឋានឲ្យគ្នាទៅវិញទៅមក និងជួបអ្នកមិនជឿព្រះ តាមទូរស័ព្ទជាដើម”។
ស៊ីន យីបានធ្វើការអ្វី ដែលសាវ័កប៉ុលបានលើកទឹកចិត្តលោកធីម៉ូថេឲ្យធ្វើ គឺធ្វើការជាគ្រូផ្សាយដំណឹងល្អ(២ធីម៉ូថេ ៤:៥)។ សាវ័កប៉ុលបានដាស់តឿនគាត់ថា មនុស្សនឹងស្វែងរកគ្រូដែលបង្រៀនតែសេចក្តីអ្វី ដែលពួកគេចង់ស្តាប់ តែមិនមែនសេចក្តីអ្វីដែលពួកគេត្រូវការស្តាប់នោះទេ(ខ.៣-៤)។ តែសាវ័កប៉ុលបានបង្រៀនលោកធីម៉ូថេថា “ចូរអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តី ចូររំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្តគេ ដោយចិត្តអត់ធ្មត់ និងសេចក្តីប្រៀនប្រដៅគ្រប់យ៉ាង”(ខ.២)។
ទោះព្រះទ្រង់មិនហៅមនុស្សគ្រប់គ្នា ឲ្យធ្វើជាគ្រូផ្សាយដំណឹងល្អ ឬគ្រូអធិប្បាយក៏ដោយ ក៏យើងម្នាក់ៗ អាចមានចំណែក ក្នុងការចែកផ្សាយជំនឿយើង ដល់មនុស្សនៅជុំវិញយើង។ អ្នកមិនទាន់ជឿជាច្រើនកំពុងតែវិនាស ដោយមិនបានស្គាល់ព្រះគ្រីស្ទ។ អ្នកជឿត្រូវការពង្រឹងជំនឿឲ្យរឹងមាំ និងការលើកទឹកចិត្ត។ ដោយជំនួយមកពីព្រះ ចូរយើងប្រកាសដំណឹងល្អរបស់ព្រះអង្គ ទោះយើងនៅកន្លែងណា ឬស្ថិតក្នុងពេលណាក៏ដោយ។—POH FANG CHIA
តើមានអ្វីបំបាក់ទឹកចិត្តអ្នក មិនឲ្យចែកចាយសេចក្តីជំនឿរបស់អ្នក? តើការនឹកចាំថា ព្រះយេស៊ូវនឹងយាងមកវិញ បានជួយអ្នក ឲ្យជម្នះការភ័យខ្លាចរបស់អ្នកយ៉ាងណាខ្លះ?
ឱព្រះអម្ចាស់យេស៊ូវ សូមព្រះអង្គជួយទូលបង្គំ ឲ្យឆក់ឱកាសចែកចាយព្រះបន្ទូលព្រះអង្គ ដល់អ្នកដទៃ ដើម្បីឲ្យពួកគេរកឃើញក្តីសង្ឃឹម និងការកម្សាន្តចិត្ត ក្នុងព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ១សាំយ៉ូអែល ១៧-១៨ និង លូកា ១១:១-២៨