ឱពួកអ្នកបរិសុទ្ធរបស់ទ្រង់អើយ ចូរច្រៀងសរសើរដល់ព្រះយេហូវ៉ាចុះ ចូរអរព្រះគុណ ដោយនឹកចាំពីសេចក្តីបរិសុទ្ធនៃទ្រង់។ ទំនុកដំកើង ៣០:៤
កាលប៉ុន្មានឆ្នាំមុន ខ្ញុំបានថែទាំម្តាយខ្ញុំ ខណៈពេលដែលគាត់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ខ្ញុំក៏បានអរព្រះគុណព្រះអង្គ ដែលក្នុងរយៈពេល៤ខែនេះ ព្រះអង្គបានអនុញ្ញាតឲ្យខ្ញុំធ្វើការបម្រើ ជាអ្នកថែទាំ និងបានសូមព្រះអង្គជួយខ្ញុំ ឆ្លងកាត់ដំណាក់កាលនៃការសោកសង្រេង។ ជាញឹកញាប់ ខ្ញុំពិបាកសរសើរដំកើងព្រះ ពេលដែលខ្ញុំកំពុងតយុទ្ធនឹងអារម្មណ៍ច្របូកច្របល់។ តែខណៈពេលដែលម្តាយខ្ញុំបានផុតដង្ហើម ខ្ញុំបានយំយ៉ាងខ្លាំង ដោយមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ ខ្ញុំក៏បានអធិស្ឋានខ្សិបៗថា “ហាលេលូយ៉ា”។ ខ្ញុំមានអារម្មណ៍ប្រកាន់ទោសខ្លួនឯង ក្នុងពេលដ៏សោកសៅនោះ រហូតដល់ប៉ុន្មានឆ្នាំក្រោយមក ខ្ញុំក៏បានសិក្សាបទគម្ពីរទំនុកដំកើងជំពូក៣០ ស៊ីជម្រៅជាងមុន។
ក្នុងទំនុកដំកើងរបស់ស្តេចដាវីឌ សម្រាប់ពិធីសម្ភោទព្រះវិហារ ទ្រង់បានថ្វាយបង្គំព្រះអម្ចាស់ ដោយសារសេចក្តីមេត្តា និងសេចក្តីស្មោះត្រង់របស់ព្រះអង្គ(ខ.១-៣)។ ទ្រង់ក៏បានលើកទឹកចិត្តអ្នកដទៃ ឲ្យ “សរសើរដំកើងព្រះនាមដ៏បរិសុទ្ធរបស់ព្រះអម្ចាស់”(ខ.៤)។ បន្ទាប់មក ស្តេចដាវីឌក៏បានស្វែងយល់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងទុក្ខលំបាក និងក្តីសង្ឃឹម(ខ.៥)។ ទ្រង់ទទួលស្គាល់ពេលសោកសង្រេង និងពេលអរសប្បាយ ពេលសុខសប្បាយ និងពេលដ៏តក់ស្លុត(ខ.៦-៧)។ ទ្រង់បានស្រែករកជំនួយពីព្រះអម្ចាស់ ដោយមានទំនុកចិត្តលើព្រះអង្គ(ខ.៧-១០)។ ការសរសើរដំកើងរបស់ស្តេចដាវីឌ បានកើតមាន នៅពេលដែលការសោកសង្រេងបានប្រែក្លាយជាការត្រេកអរ(ខ.១១)។ ស្តេចដាវីឌក៏បានប្រកាស អំពីការប្ដេជ្ញាចិត្តគ្មានទីបញ្ចប់ ចំពោះព្រះអម្ចាស់ ដោយទទួលស្គាល់អាថ៌កំបាំង និងភាពស្មុគស្មាញ នៃការអត់ទ្រាំ ការរងទុក្ខ និងការទុកចិត្តលើសេចក្តីស្មោះត្រង់របស់ព្រះអង្គ(ខ.១២)។
យើងក៏អាចច្រៀងដូចស្តេចដាវីឌថា “ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងសរសើរដំកើងព្រះអង្គជារៀងរហូត”(ខ.១២)។ ទោះយើងកំពុងតែសប្បាយចិត្ត ឬមានការឈឺចាប់ក្តី ព្រះទ្រង់អាចជួយយើងប្រកាសថា យើងទុកចិត្តព្រះអង្គ ហើយដឹកនាំយើងឲ្យថ្វាយបង្គំព្រះអង្គ ដោយការស្រែកច្រៀងសរសើរ ដោយអំណរ លាយទឹកភ្នែក។—XOCHITL DIXON
តើព្រះទ្រង់បានជួយអ្នកទុកចិត្តព្រះអង្គដូចម្តេចខ្លះ ពេលអ្នកមានអារម្មណ៍ច្របូកច្របល់? តើធ្វើដូចម្តេច ឲ្យអ្នកអាចសរសើរដំកើងព្រះអង្គ ដូចម្តេចខ្លះ ក្នុងពេលដែលអ្នកកំពុងមានទុក្ខលំបាក?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យទុកចិត្តព្រះអង្គ ហើយសរសើរដំកើងព្រះអង្គ ខណៈពេលដែលទុលបង្គំកំពុងមានអារម្មណ៍ច្របូកច្របល់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ១សាំយ៉ូអែល ២២-២៤ និង លូកា ១២:១-៣១