គេក៏នឹកថា អញធ្វើការនឿយហត់ ហើយបង្អត់សេចក្តីល្អដល់ព្រលឹងដូច្នេះ នោះតើសំរាប់អ្នកណា? សាស្តា ៤:៨
សម្រាប់មនុស្សជាច្រើននៅទូទាំងពិភពលោក ការរស់នៅកំពុងតែមានភាពឯកោកាន់តែខ្លាំង។ ចំនួនប្រជាជនអាមេរិក ដែលគ្មានមិត្តភក្តិបានកើនឡើង៤ដង ចាប់តាំងពីឆ្នាំ១៩៩០។ នៅប្រទេសខ្លះ ក្នុងទ្វីបអឺរ៉ុប ចំនួនមនុស្សឯកោបានកើនឡើង២០ភាគរយ ហើយចំណែកឯប្រទេសជប៉ុនវិញ មនុស្សចាស់ខ្លះបានដាច់ចិត្តទៅប្រព្រឹត្តអំពើឧក្រិដ្ឋ ដើម្បីឲ្យខ្លួនអាចមានមិត្តភក្តិនៅក្នុងពន្ធធនាគារ។
អ្នកជំនួញមួយចំនួនក៏បាននាំមកនូវ “ដំណោះស្រាយ” មួយ សម្រាប់ការរាតត្បាតនៃជំងឺឯកោនេះ ដោយឲ្យគេជួលមនុស្សម្នាក់ធ្វើជាមិត្តភក្តិ។ គេក៏បានជួលមនុស្សឲ្យធ្វើជាមិត្តភក្តិ ដោយបង់ថ្លៃឈ្នួលក្នុងមួយម៉ោង សម្រាប់ការជួបគ្នានៅហាងកាហ្វេ ដើម្បីជជែកគ្នាលេង ឬរួមដំណើរជាមួយពួកគេទៅពិធីជប់លៀងជាដើម។ គេក៏បានសួរអ្នកស៊ីឈ្នួលម្នាក់ អំពីភ្ញៀវរបស់គាត់។ គាត់ក៏បានឆ្លើយថា ភ្ញៀវរបស់គាត់ជាមនុស្សឯកោ អាយុនៅចន្លោះ៣០ ដល់៤០ឆ្នាំ ជាអ្នកមានការងារធ្វើច្រើនម៉ោងពេក ដល់ថ្នាក់គ្មានពេលបង្កើតមិត្តភាពជាមួយអ្នកដទៃ។
បទគម្ពីរសាស្តាជំពូក៤ បានពិពណ៌នា អំពីមនុស្សម្នាក់ ជាមនុស្សឯកោ ដោយគ្មានកូនប្រុស ឬគ្មានបងប្អូន។ “ការនឿយហត់របស់អ្នកនោះមិនចេះអស់មិនចេះហើយឡើយ ភ្នែកគេក៏មិនបានស្កប់ស្កល់ដោយទ្រព្យសម្បត្តិដែរ”(ខ.៨)។ គេក៏នឹកថា “អញធ្វើការនឿយហត់ ហើយបង្អត់សេចក្តីល្អដល់ព្រលឹងដូច្នេះ នោះតើសំរាប់អ្នកណា”។ យកល្អ គាត់គួរតែស្វែងរកមិត្តភាពដែលនឹងជួយបន្ធូរបន្ថយបន្ទុករបស់គាត៉ ហើយជួយគាត់ ក្នុងពេលដែលគាត់មានបញ្ហា(ខ.៩-១២)។ ព្រោះទីបំផុត ភាពជោគជ័យ ដោយគ្មានមិត្តភាព “គឺគ្មានន័យអ្វីទេ”(ខ.៨)។
បទគម្ពីរសាស្តាក៏បានប្រាប់យើងផងដែរថា ខ្សែពួរដែលមានបីធ្លុងមិនងាយដាច់ទេ(ខ.១២)។ ប៉ុន្តែ ការវេញខ្សែជាច្រើនធ្លុងចូលគ្នាធ្វើជាខ្សែពួរ មិនមែនជាការងាយទេ។ ដោយសារយើងមិនអាចជួលនរណាម្នាក់ ឲ្យធ្វើជាមិត្តភក្តិពិតប្រាកដបាន ចូរយើងចំណាយពេលបង្កើតមិត្តភាព ដោយមានព្រះទ្រង់ជាធ្លុងទី៣ ដែលវេញយើងចូលគ្នាយ៉ាងមាំ។—SHERIDAN VOYSEY
តើអ្នកកំពុងតែចំណាយពេលវេលា និងកម្លាំង ដើម្បីមិត្តភាពរបស់អ្នកដូចម្តេចខ្លះ? តើអ្នកអាចស្វាគមន៍នរណាខ្លះ ចូលទៅក្នុងរង្វង់មិត្តភាពរបស់អ្នក ក្នុងពេលសព្វថ្ងៃនេះ?
ឱព្រះវរបិតា សូមជួយទូលបង្គំឲ្យធ្វើជាមិត្តភក្តិល្អ និងស្មោះត្រង់ សម្រាប់អ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ២សាំយ៉ូអែល ៦-៨ និង លូកា ១៥:១-១០