អំណាចនៃការអត់ទោស

ដ្បិត​ឱ​ព្រះអម្ចាស់​អើយ ទ្រង់​ល្អ ទ្រង់​បំរុង​តែ​នឹង​អត់ទោស ក៏​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ ចំពោះ​អស់អ្នក​ណា​ដែល​អំពាវនាវ​ដល់​ទ្រង់។ ទំនុកដំកើង ៨៦:៥

កាលពី​ឆ្នាំ២០២១ មាន​ព័ត៌មាន​មួយ​បាន​ផ្សាយ​ថា បេសកជន១៧នាក់ ត្រូវ​ជនពាល​មួយ​ក្រុម​ចាប់ជំរិត។ ពួក​ជនពាល​បាន​គំរាម​ថា នឹង​សម្លាប់​បេសកជន​មួយ​ក្រុម​នេះ(រាប់បញ្ចូល​ទាំង​ក្មេងៗ​ផង) បើសិនជា​ពួក​គេ​មិនបាន​ទទួល​ប្រាក់​លោះ​ទេ​នោះ។ រឿង​មិន​គួរឲ្យ​ជឿ​ក៏បាន​កើតឡើង ពេល​ដែល​បេសកជន​ទាំងអស់​បាន​រត់គេច​ខ្លួន ឬ​ត្រូវ​គេ​ដោះលែង ឲ្យ​មាន​សេរីភាព​ឡើងវិញ។ បន្ទាប់ពី​បាន​ទៅដល់​កន្លែង​សុវត្ថិភាព​ហើយ ពួក​គេ​ក៏បាន​ផ្ញើ​សារ​មួយ ទៅ​ពួក​ចាប់​ជំរិត​ទាំង​នោះ​ថា “ព្រះយេស៊ូវ​បាន​បង្រៀន​យើងខ្ញុំ តាមរយៈ​ព្រះបន្ទូល និង​គំរូ​របស់​ព្រះអង្គ​ថា អំណាច​នៃ​សេចក្តី​ស្រឡាញ់​ដែល​មានការ​អត់ទោស គឺ​ខ្លាំង​ជាង​សេចក្តី​សម្អប់​ដែល​មាន​អំពើ​ហិង្សា។ ដូចនេះ យើងខ្ញុំ​បាន​អត់ឱន​ទោស​ឲ្យ​ក្រុម​របស់​អ្នក​ហើយ”។

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ច្បាស់​ថា ការ​អត់ទោស​មានអំណាច​ណាស់។ គឺ​ដូចដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា “ដ្បិត​បើ​អ្នករាល់គ្នា​អត់ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​មនុស្សលោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​នឹង​អត់ទោស​ឲ្យ​អ្នករាល់គ្នា​ដែរ”(ម៉ាថាយ ៦:១៤)។ ក្រោយមក ពេល​សាវ័ក​ពេត្រុស​សួរ​ព្រះអង្គ​ថា គាត់​ត្រូវ​អត់ទោស​ឲ្យ​គេ​ប៉ុន្មាន​ដង ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ឆ្លើយ​ថា “ខ្ញុំ​មិនថា ឲ្យ​អ្នក​អត់ទោស​ត្រឹមតែ៧ដង​ទេ គឺ​ដល់៧ចិតសិប​ដង​ទៅទៀត”(១៨:២២ មើល ខ.២១-៣៥)។ ហើយ​នៅ​លើ​ឈើឆ្កាង ព្រះអង្គ​ក៏បាន​បង្ហាញ​ចេញ​នូវ​ការ​អត់ទោស​បាប ដោយ​អធិស្ឋាន​ថា “ឱ​ព្រះ​វរបិតា​អើយ សូម​អត់ទោស​ដល់​អ្នក​ទាំងនេះ​ផង ដ្បិត​គេ​មិនដឹងជា​គេ​ធ្វើអ្វី​ទេ”(លូកា ២៣:៣៤)។

ការ​អត់ទោស​ដ៏​ពេញលេញ​អាច​កើតមាន ពេលណា​ភាគ​គី​ទាំង​សង្ខាង​បោះជំហាន​ឆ្ពោះទៅ​រក​ការ​ប្រោស​ឲ្យ​ជា និង​ការផ្សះផ្សា។ ការ​អត់ទោស​មិនបាន​ជួយ​ឲ្យ​យើង​រួចផុត​ពី​ផលវិបាក​នៃ​ទង្វើ​អាក្រក់​ដែលគេ​ធ្វើ​មក​លើ​យើង ហើយ​យើង​ក៏​ត្រូវ​លើក​យក​បញ្ហា​ទំនាក់ទំនង​ដ៏​ឈឺចាប់​មក​និយាយ​ផង​ដែរ តែ​ការ​អត់ទោស​នាំមក​នូវ​ការផ្សះផ្សា​ទំនាក់ទំនង ជា​បន្ទាល់​ពី​សេចក្តី​ស្រឡាញ់ និង​ព្រះ​ចេស្តា​របស់​ព្រះ។ ចូរ​យើង​ព្យាយាម “អត់ទោស​ឲ្យ​គេ” ដើម្បី​ថ្វាយព្រះ​កិ​ត្ត​នាម​ដល់​ព្រះអង្គ។—DAVE BRANON

តើ​ការ​អត់ទោស​មានការ​ពិបាក​បំផុត នៅពេល​ណា? តើ​ធ្វើ​ដូចម្តេច​ឲ្យ​អ្នក​អាច​ទុកចិត្ត​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​អ្នកឲ្យ​អត់ទោស​ឲ្យ​គេ?

ឱ​ព្រះយេស៊ូវ​ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ឈោង​ទៅ​រក​អ្នក​ដែល​ត្រូវការ​ការ​អត់ទោស​របស់​ទូលបង្គំ ជា​បន្ទាល់​នៃ​ព្រះ​ចេស្តា និង​សេចក្តីល្អ​របស់​ព្រះអង្គ។

To learn more about how to forgive yourself and others, visit ODBU.org​/SF107.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ២សាំ​យ៉ូអែល ១៤-១៥ និង លូកា ១៧:១-១៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles