មើល អញនឹងបង្អុរភ្លៀងជានំបុ័ងពីលើមេឃមកឲ្យឯងរាល់គ្នា។ និក្ខមនំ ១៦:៤
អ៊ូស្រីម៉ាហ្ការែត(Margaret) ពិតជាពូកែសន្សំសំចៃណាស់។ បន្ទាប់ពីគាត់បានលាចាកលោក ក្មួយៗរបស់គាត់ក៏បានចាប់ផ្តើមរៀបចំរបស់របរ ដែលគាត់បានបន្សល់ទុក ដោយការនឹកចាំអំពីគាត់។ ពួកគេបានរកឃើញខ្សែអំបោះខ្លីៗក្នុងកូនថង់តូចមួយ នៅក្នុងថតតុ។ នៅលើថង់នោះមានអក្សរដែលគាត់បានសរសេរថា “ខ្សែខ្លីពេក មិនអាចប្រើកើត”។
តើមានអ្វីបណ្តាលចិត្តនរណាម្នាក់ ឲ្យរក្សាទុក្ខរបស់របរដែលពួកគេដឹងថាគ្មានប្រយោជន៍? ប្រហែលជាគាត់ធ្លាប់ជួបការខ្វះខាតយ៉ាងខ្លាំង។
កាលពួកអ៊ីស្រាអែលបានរត់គេចពីភាពជាទាសករ នៅស្រុកអេស៊ីព្ទ ពួកគេបានចាកចេញពីជីវិត ដែលមានការពិបាកជាច្រើន។ ប៉ុន្តែ មិនយូរប៉ុន្មាន ពួកគេក៏បានភ្លេចការអស្ចារ្យដែលព្រះទ្រង់បានធ្វើសម្រាប់ពួកគេ ក្នុងការនាំពួកគេរត់គេចនោះ ហើយពួកគេក៏បានចាប់ផ្តើមរអ៊ូរទាំអំពីការខ្វះខាតអាហារ នៅវាលរហោស្ថាន។
ព្រះទ្រង់សព្វព្រះទ័យឲ្យពួកគេទុកចិត្តព្រះអង្គ។ ទ្រង់បានប្រទាននំម៉ាណា ឲ្យពួកគេបរិភោគប្រចាំថ្ងៃ ដោយប្រាប់លោកម៉ូសេថា “ត្រូវឲ្យបណ្តាជនចេញទៅរើសឲ្យល្មមតែ១ថ្ងៃរាល់ៗថ្ងៃ”(និក្ខមនំ ១៦:៤)។ ព្រះទ្រង់ក៏បានបង្គាប់ពួកគេឲ្យប្រមូលទុកឲ្យបានច្រើនជាងមុនពីរដង នៅថ្ងៃទី៦ ព្រោះនៅថ្ងៃទី៧ ជាថ្ងៃឈប់សម្រាក មិនមាននំម៉ាណាធ្លាក់ចុះមកទេ(ខ.៥,២៥)។ ពួកអ៊ីស្រាអែលខ្លះក៏បានស្តាប់ តែខ្លះមិនបានស្តាប់ ហើយក៏បានជួបផលវិបាក(ខ.២៧-២៨)។
ក្នុងពេលដែលយើងសម្បូរសប្បាយ និងក្នុងពេលដែលខ្វះខាត យើងច្រើនតែចង់ព្យាយាមបង្គរទ្រព្យទុក ដើម្បីឲ្យយើងអាចគ្រប់គ្រងស្ថានការ។ តែយើងមិនចាំបាច់ត្រូវខំស្រវេស្រវា ដោយការភ័យខ្លាចនោះឡើយ។ តែយើងចាំបាច់ត្រូវមានជំនឿលើព្រះ ដែលបានសន្យាថា “អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ”(ហេព្រើរ ១៣:៥)។—TIM GUSTAFSON
តើជួនកាល អ្នកមានការព្រួយបារម្ភអំពីការខ្វះខាតយ៉ាងណាខ្លះ? តើព្រះទ្រង់បានបង្ហាញសេចក្តីស្មោះត្រង់របស់ព្រះអង្គ ដូចម្តេចខ្លះ កាលពីមុន?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំ ឲ្យជឿព្រះបន្ទូលព្រះអង្គ ហើយទុកចិត្តព្រះអង្គព្រះអង្គ ក្នុងរឿងគ្រប់យ៉ាង។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ២សាំយ៉ូអែល ១៩-២០ និង លូកា ១៨:១-២៣