កុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ។ រ៉ូម ១៣:១៤
សៀវភៅជីវប្រវត្តិ ដែលលោកគ្រូអូគូស្ទីន(Augustine) បាននិពន្ធមានចំណងជើងថា ការលន់តួបាប បានពិពណ៌នា អំពីការធ្វើដំណើរដ៏វែងឆ្ងាយរបស់គាត់ តាមផ្លូវក្រង៉ិកក្រង៉ក់ ឆ្ពោះទៅរកព្រះយេស៊ូវ។ នៅពេលមួយនោះ គាត់ជិះរទេះសេះ ទៅកាន់រាជវាំង ដើម្បីថ្លៃងសន្ទរកថាបែបបញ្ជោរថ្វាយព្រះចៅអធិរាជ។ នៅតាមផ្លូវ គាត់មានការព្រួយបារម្ភអំពីពាក្យបញ្ជោរ ដែលគាត់ត្រូវទូលថ្វាយទ្រង់។ ពេលនោះ គាត់ក៏បានសង្កេតឃើញអ្នកសុំទានម្នាក់ ដែលកំពុងស្រវឹងស្រា។ អ្នកសុំទាននោះកំពុងតែ “និយាយកំប្លែង ហើយក៏បានសើចតែម្នាក់ឯង”។ គាត់ក៏បានដឹងថា អ្នកសុំទានប្រមឹកនោះកំពុងតែមានភាពសប្បាយរីករាយដែលមានរយៈពេលខ្លី ពីមុខរបររបស់ខ្លួន ដោយចំណាយកម្លាំងតិចជាងគាត់។ ដូចនេះ លោកគ្រូអូគូស្ទីន ក៏បានឈប់ព្យាយាមស្វែងរកភាពជោគជ័យបែបលោកិយទៀត។
ប៉ុន្តែគាត់នៅតែជាប់ក្នុងភាពជាទាសកររបស់ភាពស្រើបស្រាល។ គាត់ដឹងថា គាត់មិនអាចងាកទៅរកព្រះយេស៊ូវ ដោយមិនបានងាកបែរចេញពីអំពើបាបបានឡើយ តែគាត់នៅតែប្រឈមមុខដាក់អំពើអសីលធម៌ផ្លូវភេទ។ ដូចនេះ គាត់ក៏បានអធិស្ឋានសូមព្រះអង្គប្រទានគាត់ នូវភាពបរិសុទ្ធខាងផ្លូវភេទ តែទន្ទឹមនឹងនោះ គាត់នៅតែមានការស្ទាក់ស្ទើរ។
លោកគ្រូអូគូស្ទីនបានជំពប់ដួល ដោយពិបាកដើរតាមផ្លូវនៃសេចក្តីសង្គ្រោះ ខណៈពេលដែលគាត់បន្តរស់នៅក្នុងអំពើបាប រហូតដល់ពេលមួយ គាត់ក៏បានធ្វើការប្ដេជ្ញាចិត្តថ្វាយព្រះអង្គ។ បន្ទាប់ពីបានទទួលការលើកទឹកចិត្តពីអ្នកដទៃ ដែលបានងាកបែរមករកព្រះយេស៊ូវ គាត់ក៏បានបើកព្រះគម្ពីរ អានបទគម្ពីរ រ៉ូម ១៣:១៣-១៤ ដែលបានចែងថា “ត្រូវឲ្យយើងដើរតាមដែលគួរគប្បី ដូចជាដើរនៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ”។
ព្រះទ្រង់ក៏បានប្រើព្រះបន្ទូលដ៏មានអំណាច ដើម្បីកាត់ផ្តាច់ចំណងនៃភាពស្រើបស្រាលរបស់លោកគ្រូអូគូស្ទីន ហើយក៏បាននាំគាត់ចូលទៅក្នុងនគរនៃព្រះរាជបុត្រា ដែលក្នុងព្រះអង្គ យើងមានការប្រោសលោះ និងការអត់ទោសបាប(កូល៉ុស ១:១៣-១៤)។ លោកគ្រូអូគូស្ទីនក៏បានក្លាយជាអ្នកបម្រើព្រះ ដែលនៅតែជួបការល្បួងឲ្យស្រឡាញ់កេរ្តិ៍ឈ្មោះ និងភាពស្រើបស្រាល តែគាត់ដឹងថា គាត់ត្រូវចូលទៅរកនរណា ពេលគាត់ធ្លាក់ក្នុងអំពើបាប។ គឺគាត់បានចូលទៅរកព្រះយេស៊ូវ។ ចុះចំណែកអ្នកវិញ?—MIKE WITTMER
តើមានអ្វីរារាំងអ្នកមិនឲ្យថ្វាយជីវិតអ្នកដាច់ដល់ព្រះយេស៊ូវ? តើជីវិតអ្នកមានការផ្លាស់ប្រែយ៉ាងណា ពេលអ្នកថ្វាយជីវិតអ្នកដល់ព្រះអង្គ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំ ឲ្យជម្នះការល្បួង ដែលរារាំងទូលបង្គំមិនឲ្យចូលទៅរកព្រះអង្គ។
For further study, read Remade in the Image of Jesus at DiscoverySeries.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ២សាំយ៉ូអែល ២១-២២ និង លូកា ១៨:២៤-៤៣