ថ្វាយដាច់ដល់ព្រះអង្គ

កុំ​ឲ្យ​ផ្គត់ផ្គង់ ដើម្បីនឹង​បំពេញ​សេចក្តី​ប៉ងប្រាថ្នា ខាង​ឯ​សាច់ឈាម​ឡើយ។ រ៉ូម ១៣:១៤

សៀវភៅ​ជីវប្រវត្តិ ដែល​លោកគ្រូ​អូ​គូស្ទីន(Augustine) បាន​និពន្ធ​មាន​ចំណងជើង​ថា ការ​លន់តួ​បាប បាន​ពិពណ៌នា អំពី​ការ​ធ្វើដំណើរ​ដ៏​វែងឆ្ងាយ​របស់​គាត់ តាម​ផ្លូវ​ក្រង៉ិកក្រង៉ក់ ឆ្ពោះទៅ​រក​ព្រះយេស៊ូវ​។ នៅពេល​មួយ​នោះ គាត់​ជិះរទេះ​សេះ ទៅ​កាន់​រាជវាំង ដើម្បី​ថ្លៃង​សន្ទរកថា​បែប​បញ្ជោរ​ថ្វាយព្រះ​ចៅ​អធិរាជ។ នៅ​តាមផ្លូវ គាត់​មានការ​ព្រួយបារម្ភ​អំពី​ពាក្យបញ្ជោរ ដែល​គាត់​ត្រូវ​ទូល​ថ្វាយ​ទ្រង់។ ពេលនោះ គាត់​ក៏បាន​សង្កេតឃើញ​អ្នកសុំទាន​ម្នាក់ ដែល​កំពុង​ស្រវឹងស្រា។ អ្នកសុំទាន​នោះ​កំពុងតែ “និយាយ​កំប្លែង ហើយក៏​បាន​សើច​តែម្នាក់ឯង”។ គាត់​ក៏បាន​ដឹង​ថា ​អ្នកសុំទាន​ប្រមឹក​នោះ​កំពុងតែ​មាន​ភាព​សប្បាយ​រីករាយ​ដែល​មាន​រយៈពេល​ខ្លី ពីមុខ​របរ​របស់​ខ្លួន ដោយ​ចំណាយ​កម្លាំង​តិច​ជាង​គាត់។ ដូចនេះ លោកគ្រូ​អូគូស្ទីន ក៏បាន​ឈប់​ព្យាយាម​ស្វែង​រក​ភាព​ជោគជ័យ​បែប​លោកិយ​ទៀត។

ប៉ុន្តែ​គាត់​នៅតែ​ជាប់​ក្នុង​ភាពជា​ទាសករ​របស់​ភាព​ស្រើបស្រាល។ គាត់​ដឹង​ថា គាត់​មិន​អាច​ងាក​ទៅ​រក​ព្រះយេស៊ូវ​ ដោយ​មិនបាន​ងាក​បែរ​ចេញ​ពី​អំពើ​បាប​បាន​ឡើយ តែ​គាត់​នៅតែ​ប្រឈមមុខ​ដាក់​អំពើ​អសីលធម៌​ផ្លូវភេទ។ ដូចនេះ គាត់​ក៏បាន​អធិស្ឋាន​សូម​ព្រះអង្គ​ប្រទាន​គាត់ នូវ​ភាព​បរិសុទ្ធ​ខាង​ផ្លូវភេទ តែ​ទន្ទឹម​នឹង​នោះ គាត់​នៅតែ​មានការ​ស្ទាក់ស្ទើរ។

លោកគ្រូ​អូគូស្ទីន​បាន​ជំពប់​ដួល ដោយ​ពិបាក​ដើរតាម​ផ្លូវ​នៃ​សេចក្តី​សង្គ្រោះ ខណៈ​ពេល​ដែល​គាត់​បន្ត​រស់នៅ​ក្នុង​អំពើបាប រហូតដល់​ពេល​មួយ គាត់​ក៏បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ថ្វាយ​ព្រះ​អង្គ។ បន្ទាប់ពី​បាន​ទទួលការ​លើកទឹកចិត្ត​ពី​អ្នកដទៃ ដែល​បាន​ងាក​បែរមក​រក​ព្រះយេស៊ូវ​ គាត់​ក៏បាន​បើក​ព្រះគម្ពីរ អាន​បទ​គម្ពីរ រ៉ូម ១៣:១៣-១៤ ដែល​បាន​ចែងថា “ត្រូវឲ្យ​យើង​ដើរតាម​ដែល​គួរគប្បី ដូចជា​ដើរ​នៅពេល​ថ្ងៃ មិនមែន​ដោយ​ស៊ីផឹក លេងល្បែង ឬមាន​ស្រីញី ឬដោយ​ឈ្លោះប្រកែក និង​ឈ្នានីស នោះ​ឡើយ គឺ​ត្រូវ​ប្រដាប់ខ្លួន ដោយ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​វិញ ហើយ​កុំ​ឲ្យ​ផ្គត់ផ្គង់ ដើម្បីនឹង​បំពេញ​សេចក្តី​ប៉ងប្រាថ្នា ខាង​ឯសាច់ឈាម​ឡើយ”។

ព្រះ​ទ្រង់​ក៏បាន​ប្រើ​ព្រះបន្ទូល​ដ៏​មានអំណាច ដើម្បី​កាត់​ផ្តាច់​ចំណង​នៃ​ភាព​ស្រើបស្រាល​របស់​លោកគ្រូ​អូ​គូស្ទីន ហើយក៏​បាន​នាំ​គាត់​ចូល​ទៅ​ក្នុង​នគរ​នៃ​ព្រះរាជបុត្រា ដែល​ក្នុង​ព្រះអង្គ យើង​មានការ​ប្រោស​លោះ និង​ការ​អត់ទោស​បាប(កូល៉ុស ១:១៣-១៤)។ លោកគ្រូ​អូគូស្ទីន​ក៏​បាន​ក្លាយជា​អ្នកបម្រើ​ព្រះ ដែល​នៅតែ​ជួប​ការ​ល្បួង​ឲ្យ​ស្រឡាញ់​កេរ្តិ៍ឈ្មោះ និង​ភាព​ស្រើបស្រាល តែ​គាត់​ដឹង​ថា គាត់​ត្រូវ​ចូល​ទៅ​រក​នរណា ពេល​គាត់​ធ្លាក់​ក្នុង​អំពើបាប។ គឺ​គាត់​បាន​ចូល​ទៅ​រក​ព្រះយេស៊ូវ។ ចុះ​ចំណែក​អ្នក​វិញ?—MIKE WITTMER

តើមាន​អ្វី​រារាំង​អ្នក​មិន​ឲ្យ​ថ្វាយ​ជីវិត​អ្នក​ដាច់​ដល់​ព្រះយេស៊ូវ​? តើ​ជីវិត​អ្នកមាន​ការ​ផ្លាស់​ប្រែ​យ៉ាងណា ពេល​អ្នក​ថ្វាយ​ជីវិត​អ្នក​ដល់​ព្រះអង្គ?

ឱ​ព្រះវរបិតា សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ជម្នះ​ការ​ល្បួង ដែល​រារាំង​ទូលបង្គំ​មិន​ឲ្យ​ចូល​ទៅ​រក​ព្រះអង្គ។

For further study, read Remade in the Image of Jesus at DiscoverySeries.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ២សាំ​យ៉ូអែល ២១-២២ និង លូកា ១៨:២៤-៤៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles