ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា។ ១ពេត្រុស ៣:១៥
កាលរដូវផ្ការីកឆ្នាំមុន នៅពេលយប់ មុនពេលខ្ញុំជីកដីនៅក្នុងទីធ្លាផ្ទះខ្ញុំ មានខ្យល់ព្យុះមួយបានបក់បោកមកយ៉ាងគំហុក ធ្វើឲ្យគ្រាប់របស់ដើមមេភលធ្លាប់ចុះមកព្រមៗគ្នា។ ដូចនេះ ពេលយើងប្រើម៉ាស៊ីនជីកដី ដើម្បីធ្វើឲ្យដីរឹងប្រែជាទន់ យើងក៏បានដាំគ្រាប់ពូជរបស់ដើមមេភលរាប់រយគ្រាប់ ដោយមិនដឹងខ្លួន។ គ្រាន់តែពីរសប្តាហ៍សោះ ព្រៃដើមមេភលបានចាប់ផ្តើមដុះឡើង នៅក្នុងទីធ្លាផ្ទះរបស់ខ្ញុំ។
ខណៈពេលដែលខ្ញុំបោសសម្អាតស្លឹកឈើ ខ្ញុំមានការភ្ញាក់ផ្អើលចំពោះជីវិតថ្មី ដែលបានកើតចេញជាបរិបូរ ពីដើមឈើតែមួយដើមនោះ។ កូនឈើនីមួយៗបានធ្វើឲ្យខ្ញុំនឹកចាំ អំពីជីវិតថ្មី ដែលខ្ញុំមានក្នុងព្រះគ្រីស្ទ ដែលក្នុងនាមជាមនុស្សម្នាក់ ព្រះអង្គអាចប្រើខ្ញុំនាំមនុស្សជាច្រើន ឲ្យទទួលជីវិតថ្មីពីព្រះអង្គ។ យើងម្នាក់ៗមានឱកាសច្រើនរាប់មិនអស់ ដើម្បីប្រាប់គេ អំពីមូលហេតុដែលយើងមានក្តីសង្ឃឹម(១ពេត្រុស ៣:១៥) ក្នុងការរស់នៅពេញមួយជីវិត។
ពេលណាយើង “រងទុក្ខ ដោយសារសេចក្តីសុចរិត” ដោយក្តីសង្ឃឹមមកពីព្រះយេស៊ូវ(ខ.១៤) មនុស្សជុំវិញយើង ដែលមិនទាន់ជឿព្រះអាចមើលឃើញយើងមានក្តីសង្ឃឹម ហើយចង់ដឹង អំពីមូលហេតុដែលយើងមានក្តីសង្ឃឹម។ បើយើងបានត្រៀមខ្លួនជាស្រេច ពេលគេសួរយើង នោះយើងអាចចែករំលែកគ្រាប់ពូជ ដែលព្រះទ្រង់អាចប្រើ ដើម្បីនាំមកនូវជីវិតថ្មី។ យើងមិនចាំបាច់ត្រូវចែករំលែកជាមួយមនុស្សទាំងអស់ក្នុងពេលតែមួយនោះទេ។ ផ្ទុយទៅវិញ យើងអាចទម្លាក់គ្រាប់ពូជនៃជំនឿ ដោយចិត្តសុភាព និងការគោរព ចូលទៅក្នុងចិត្តដែលបានបើកចំហ។—KIRSTEN HOLMBERG
តើមាននរណាខ្លះ ដែលបានចែករំលែក ឬសួរអ្នកអំពីមូលហេតុដែលអ្នកមានសេចក្តីសង្ឃឹម? តើអ្នកនឹង
ចែករំលែកអ្វីខ្លួះជាមួយពួកគេ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការបណ្ដុះគ្រាប់ពូជនៃជំនឿក្នុងជីវិតទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំចែកចាយឲ្យអ្នកដទៃដឹងថា ព្រះអង្គជាមូលហេតុដែលទូលបង្គំមានសេចក្តីសង្ឃឹម គឺចែកចាយដល់អ្នកដែលសួរ ហើយសូមឲ្យពួកគេកើតមានសេចក្តីស្រឡាញ់ចំពោះព្រះអង្គ។
To learn more about sharing and defending your faith, visit ODBU.org/CA101.
គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ១ពង្សាវតាក្សត្រ ១០-១១ និង លូកា ២១:២០-៣៨