នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ជីវិតអស់កល្បជានិច្ច

ជីវិតអស់កល្បជានិច្ច

ដោយKaren Pimpo

May 2, 2023

នេះ​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិតតែ១ នឹង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង។ យ៉ូហាន ១៧:៣ ក្នុង​សៀវភៅរឿង​មាន​ចំណងជើង​ថា លោក​ថា​ក់ មានជីវិត​អមតៈ លោក​អូ​គូស ថា​ក់(Angus Tuck)បាន​ប្រាប់​កញ្ញា​វី​នី(Winnie)ថា “កុំ​ខ្លាច​សេចក្តី​ស្លាប់​អី តែ​ត្រូវ​ខ្លាច​ជីវិត​ដែល​គ្មានន័យ​វិញ”។ ក្រោយមក គេ​ក៏បាន​យក​សៀវភៅរឿង​នេះ​មក​ផលិត​ជា​ខ្សែភាពយន្ត។ តែ​សម្រង់​សម្តី​ខាងលើ​នេះ មាន​ចំណុច​គួរឲ្យ​ចាប់អារម្មណ៍​នៅត្រង់​ថា វា​ជា​សម្តី​របស់​តួអង្គ​ម្នាក់ ដែល​មានជីវិត​អមតៈ។ ក្នុង​រឿង​នេះ គ្រួសារ​របស់​លោក​ថា​ក់​បាន​ក្លាយជា​មនុស្ស​អមតៈ។ យុវជន ចេ​មន៍ ថា​ក់(James Tuck) បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​កញ្ញា​វី​នី ហើយក៏​បាន​អង្វរ​នាង​ឲ្យ​ស្វែងរក​ជីវិត​អមតៈ​ផង​ដែរ ដើម្បីឲ្យ​ពួក​គេ​អាច​រស់នៅ​ជាមួយគ្នា​ជា​រៀង​រហូត។ តែ​លោក​អ៊ូ​គូស ជា​មនុស្ស​មាន​ប្រាជ្ញា។ គាត់​ក៏​ដឹងផង​ដែរ​ថា ការ​មានជីវិត​អមតៈ មិន​អាច​នាំឲ្យ​ចិត្ត​ស្កប់ស្កល់​បានទេ។ វប្បធម៌​របស់​យើង​បាន​ប្រាប់​យើង​ថា បើ​យើង​អាច​មាន​សុខភាព​ល្អ មាន​វ័យក្មេង និង​មាន​កម្លាំង​ជា​រៀង​រហូត យើង​នឹង​មាន​សុភមង្គល ជា​ប្រាកដ។ តែ​យើង​មិន​អាច​រក​ឃើញ​ការ​ស្កប់ចិត្ត នៅក្នុង​របស់​ទាំងអស់​នេះ​បានទេ។ មុន​ពេល​ព្រះយេស៊ូវ​យាង​ទៅ​ឈើឆ្កាង ព្រះអង្គ​បាន​អធិស្ឋាន​ឲ្យ​សិស្សរបស់​ព្រះអង្គ និង​អធិស្ឋាន​ឲ្យ​អ្នកជឿ​នៅពេលអនាគត យ៉ាងដូច​នេះ​ថា “នេះ​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិតតែ១ នឹង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង”(យ៉ូហាន ១៧:៣)។ ភាព​ស្កប់ស្កល់ ក្នុង​ជីវិត​របស់​យើង កើត​ចេញពី​ទំនាក់ទំនង​ជាមួយ​ព្រះ តាមរយៈ​ជំនឿ​លើ​ព្រះគ្រីស្ទ។ ព្រះអង្គ​ជា​ក្តី​សង្ឃឹម​សម្រាប់​ពេល​អនាគត និង​ក្តី​អំណរ សម្រាប់​ពេល​បច្ចុប្បន្ន​ផង​ដែរ។ ព្រះយេស៊ូវ​បាន​អធិស្ឋាន​សូមឲ្យ​ពួក​សិស្សរបស់​ព្រះអង្គ មានការ​រស់នៅ​​បែប​ថ្មី ដែល​ស្តាប់​បង្គាប់​ព្រះ(ខ.៦) ជឿ​ថា ព្រះវរបិតា​បាន​ចាត់​ព្រះយេស៊ូវ​ឲ្យ​យាងចុះ​មក(ខ.៨) ហើយ​មានការ​រួបរួម​គ្នា​តែមួយ(ខ.១១)។ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះគ្រីស្ទ យើង​មើលទៅ​ជីវិត​អស់​កល្ប​នៅពេល​អនាគត ដែល​យើង​នឹងរស់​នៅ​ជាមួយ​ព្រះអង្គ។ តែ​ក្នុងអំឡុងពេល​ដែល​យើង​នៅ​មានជីវិត​លើផែនដី​នៅឡើយ យើង​អាច​រស់នៅ​ក្នុង​ជីវិត​ពេញ​បរិបូរ និង​ស្កប់ស្កល់(១០:១០) ដែល​ព្រះអង្គ​បាន​សន្យា​ថា យើង​នឹង​មាន​នៅ​ពេល​បច្ចុប្បន្ន។—KAREN PIMPO

តើ​អ្នករកឃើញ​ក្តី​អំណរ និង​ការ​ស្កប់ចិត្ត​ពិតប្រាកដ ក្នុង​ជីវិត​នេះ នៅកន្លែង​ណា? តើ​អ្នកបង្ហាញ​ឲ្យ​គេ​ឃើញ​ជីវិត​ថ្មី​របស់​អ្នក​ក្នុង​ព្រះគ្រីស្ទ ដោយ​របៀបណា?

ឱ​ព្រះយេស៊ូវ​ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​ជីវិត​ពេញ​បរិបូរ ដែល​ព្រះអង្គ​បាន​ប្រទាន​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ១ពង្សាវតា​ក្សត្រ ១២-១៣ និង លូកា ២២:១-២០

ល្ងាច

មិនអរសប្បាយនឹងការស្លាប់របស់មនុស្សអាក្រក់

មិនអរសប្បាយនឹងការស្លាប់របស់មនុស្សអាក្រក់

ដោយUltimately with R.C. Sproul

May 2, 2023

ព្រះ​ទ្រង់​មិន​អរ​សប្បាយ នឹង​សេចក្តី​ហិន​វិនាស​របស់​មនុស្ស​អាក្រក់​នោះ​ទេ។ តែ​ដោយសារ​ព្រះអង្គ​ល្អ នោះ​ព្រះអម្ចាស់​ធានា​ថា ព្រះអង្គ​នឹង​កាត់ទោស​មនុស្ស​ដោយ​យុត្តិធម៌។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​រំឭក​យើង​ថា ទោះ​ព្រះអង្គ​មាន​ព្រះទ័យ​សប្បុរស​ចំពោះ​មនុស្ស​មាន​បាប​យ៉ាងណា​ក៏ដោយ ក៏​ព្រះអង្គ​មិនដែល​បន្ថែមបន្ថយ​សេចក្តី​បរិសុទ្ធ​របស់​ព្រះអង្គ​ឡើយ។ អត្ថបទ ព្រះ​ទ្រង់​មិន​អរ​សប្បាយ នឹង​ការ​ស្លាប់​របស់​មនុស្ស​អាក្រក់​ទេ។ ទោះជាយ៉ាងណា​ក៏ដោយ ព្រះអង្គ​មិន​សប្បាយ​ព្រះទ័យ តែ​ព្រះអង្គ​នៅតែ​កំណត់​ឲ្យ​ពួក​គេ​ស្លាប់។ ដូចនេះ ចំណុច​ដែល​យើង​ត្រូវ​ចងចាំ​នោះ​គឺ ទោះ​ព្រះអង្គ​មាន​ព្រះទ័យ​សប្បុរស ក៏​ព្រះអង្គ​មិនបាន​កាត់បន្ថយ​សេចក្តី​សុចរិត ឬ​សេចក្តី​បរិសុទ្ធ​របស់​ព្រះអង្គ​ឡើយ។ ហើយ​ព្រះអង្គ​នៅតែ​កាត់ទោស​មនុស្ស​អាក្រក់ ទោះ​ព្រះអង្គ​មាន​ព្រះទ័យ​ល្អ ចំពោះ​ពួក​គេ តាំងពី​ដើម​មក​ក៏ដោយ។ ខ្ញុំ​ចូលចិត្ត​ប្រៀបប្រដូច​ការ​ជំនុំជម្រះ​របស់​ព្រះអង្គ ទៅ​នឹង​ការ​ជំនុំជម្រះ​របស់​ចៅក្រម មក​លើ​កូនប្រុស​គាត់ ដែល​បាន​ប្រព្រឹត្ត​អំពើ​ចោរកម្ម​កំរិត​ធ្ងន់ ហើយ​ត្រូវ​ជំនុំជម្រះ​ទោស​ក្នុង​តុលាការ។ ចៅក្រម​ដឹង​ថា​កូន​គាត់​មានទោស ដោយមាន​ភស្តុតាង​នឹង​សាក្សី​គ្រប់គ្រាន់។ ដូចនេះ ចៅក្រម​ត្រូវ​សម្រេច​ទោស​ភាគី​ដែល​មាន​ទោស តាម​ការ​តម្រូវ​របស់​ច្បាប់ មិន​អាច​យល់ញាតិ​ឃ្លាត​ច្បាប់​បាន​ឡើយ។ ក្នុង​កាលៈទេសៈ​នេះ ចៅក្រម​ដ៏​យុត្តិធម៌ នឹង​ដាក់ទោស​ដោយ​យុត្តិធម៌ ទោះ​ជន់​ជាប់ចោទ​ជា​កូនប្រុស​គាត់​ក៏ដោយ។ ទោះ​គាត់​មានការ​ព្រួយបារម្ភ មាន​សេចក្តី​ស្រឡាញ់​ចំពោះ​កូនប្រុស​គាត់ ក៏​គាត់​នឹង​កាត់ទោស​កូនប្រុស​គាត់​ឲ្យ​ជាប់គុក ដោយ​សេចក្តី​ស្រឡាញ់​ចំពោះ​ច្បាប់ សេចក្តី​សុចរិត និង​យុត្តិធម៌។ គាត់​ប្រហែលជា​សម្រេច​ទោស​កូន​គាត់​ទាំង​ទឹកភ្នែក តែ​ទោះជាយ៉ាងណា​ក៏ដោយ ដោយសារ​ចៅក្រម​មានការ​ប្ដេជ្ញា​ចិត្ត ចំពោះ​សេចក្តី​សុចរិត និង​យុត្តិធម៌ នោះ​គាត់​នឹង​ធ្វើអ្វី​ដែល​ត្រឹមត្រូវ។    

ប្រភេទ