ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង។ អេសាយ ៦១:១
ខាសិន(Carson) ចូលចិត្តដំណើរកម្សាន្តនៅក្រៅផ្ទះណាស់ ដែលមានដូចជាការទៅស្ទូចត្រី បរបាញ់សត្វ ជិះម៉ូតូត្រៃ និងជិះក្តារំអិល។ តែមានពេលមួយ គាត់មានគ្រោះថ្នាក់ក្នុងការបើកបរម៉ូតូ ហើយក៏បានពិការមួយកំណាត់ខ្លួន ចុះពីទ្រូងមកក្រោម។ មិនយូរប៉ុន្មានគាត់ក៏មានជំងឺធ្លាក់ទឹកចិត្ត ហើយគាត់មិនសូវមានសង្ឃឹមសម្រាប់ពេលអនាគតទេ។ បន្ទាប់មក នៅថ្ងៃមួយ មិត្តភក្តិគាត់ខ្លះបាននាំគាត់ទៅបរបាញ់សត្វម្តងទៀត។ នៅពេលនោះ គាត់ក៏បានភ្លេចគិតអំពីរបួសរបស់គាត់ ហើយក៏បានអរសប្បាយនឹងភាពស្រស់ស្អាតនៅជុំវិញខ្លួនគាត់។ បទពិសោធន៍នេះបាននាំឲ្យគាត់ជាសះស្បើយក្នុងចិត្ត ហើយបណ្តាលចិត្តគាត់ឲ្យមានគោលបំណងថ្មីមួយ សម្រាប់ជីវិត គឺដើម្បីនាំអ្នកដែលមានបញ្ហាដូចគាត់ ទៅទទួលបទពិសោធន៍ដូចនេះផងដែរ តាមរយៈអង្គការមិនរកប្រាក់ចំណេញមួយ ឈ្មោះ ការប្រម៉ាញ់ដើម្បីការប្រោសឲ្យជា។ គាត់ថា គ្រោះថ្នាក់ដែលគាត់បានជួបគឺជាព្រះពរ ដែលបានលាក់មុខ … សព្វថ្ងៃនេះ គាត់អាចធ្វើការល្អសម្រាប់អ្នកដទៃ ដោយអំណរ។ គាត់មានចិត្តរំភើបរីករាយ ដែលបានផ្តល់កន្លែងសម្រាកព្យាបាលដល់ជនពិការដែលពិបាកផ្លាស់ទី និងអ្នកថែទាំជនពិការ ដើម្បីឲ្យពួកគេរកឃើញការប្រោសឲ្យជា។
ហោរាអេសាយបានថ្លែងទំនាយ អំពីការយាងមកវិញ របស់ព្រះមួយអង្គ ដែលនាំការប្រោសឲ្យជា ដល់មនុស្សដែលមានចិត្តសង្រេង(អេសាយ ៦១) និង “កម្សាន្តចិត្តអស់អ្នកដែលសោយសោក”(ខ.១-២)។ បន្ទាប់ពីព្រះយេស៊ូវបានអានខគម្ពីរនេះ ក្នុងសាលាប្រជុំ ក្នុងស្រុកកំណើតទ្រង់ហើយ ព្រះអង្គក៏បានមានបន្ទូលថា “នៅថ្ងៃនេះ បទគម្ពីរនេះបានសំរេចនៅត្រចៀកអ្នករាល់គ្នាហើយ”(លូកា ៤:២១)។ ព្រះយេស៊ូវបានយាងមកសង្រ្គោះយើង ហើយធ្វើឲ្យយើងមានភាពពេញលេញ។
តើអ្នកត្រូវការការប្រោសឲ្យជាក្នុងចិត្តឬទេ? ចូរងាកទៅរកព្រះយេស៊ូវ។ ព្រះអង្គនឹងប្រទានអ្នកនូវ “សេចក្តីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់”(អេសាយ ៦១:៣)។—ANNE CETAS
តើអ្នកត្រូវការការប្រោសឲ្យជាដូចម្តេចខ្លះ? តើអ្នកអាចចែកចាយអំពីព្រះអង្គ និងសេចក្តីសង្រ្គោះ ហើយនិងភាពពេញលេញ ដល់នរណាខ្លះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រោសឲ្យជា ដែលព្រះអង្គប្រទានទូលបង្គំ និងមនុស្សជាច្រើន។ ទូលបង្គំទន្ទឹងរង់ចាំការប្រោសឲ្យជាទំាងស្រុង នៅនគរស្ថានសួគ៌ នៅថ្ងៃមួយ។
For further study, read New Life: The Transforming Power of the Gospel at DiscoverySeries.org/Q0417.
គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ២ពង្សាវតាក្សត្រ ១-៣ និង លូកា ២៤:១-៣៥