យើងខ្ញុំបានប្រព្រឹត្តនឹងអ្នករាល់គ្នានីមួយៗ ដូចជាឪពុកនឹងកូន ទាំងទូន្មាន និងកំសាន្តចិត្តផង។ ១ថែស្សាឡូនិច ២:១១
ថ្មីៗនេះ ខ្ញុំបានមើលវីដេអូដ៏ល្បីល្បាញមួយ ឃើញមេខ្លាឃ្មុំកំពុងព្យាយាមនាំកូនខ្លាឃ្មុំដ៏រពិស៤ក្បាល ឆ្លងថ្នល់ ដែលកំពុងមានយានយន្តបើកកាត់យ៉ាងមមាញឹក។ ទិដ្ឋភាពនេះបាននាំឲ្យខ្ញុំមានទឹកមុខញញឹម យ៉ាងចិត្តរីករាយ ព្រោះខ្ញុំនឹកចាំថា ខ្ញុំក៏ធ្លាប់មានរឿងស្រដៀងនេះផងដែរ។ នៅក្នុងការមើលវាពាំកូនវាម្តងមួយៗ ឆ្លងថ្នល់ តែកូនវាក៏បានរត់មកម្ខាងផ្លូវវិញ។ បន្ទាប់ពីបានព្យាយាមជាច្រើនលើកច្រើនសារ ដោយចិត្តនឿយណាយ ទីបំផុតមេខ្លាឃ្មុំក៏បានឃុំគ្រងកូនខ្លាឃ្មុំទាំង៤ក្បាល ហើយក៏បានឆ្លងថ្នល់ទាំងអស់គ្នា ដោយសុវត្ថិភាព។
ការឃុំគ្រងកូន ដោយមិនគិតពីការនឿយហត់ដែលបានបង្ហាញមក ក្នុងវីដេអូនោះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនក្នុងន័យធៀបដែលសាវ័កប៉ុលបានប្រើ ដើម្បីពិពណ៌នា អំពីរបៀបដែលគាត់បានថែរក្សាពួកជំនុំ នៅទីក្រុងថែស្សាឡូនីច។ គាត់មិនបាននិយាយសង្កត់ធ្ងន់អំពីសិទ្ធិអំណាចរបស់គាត់ជាសាវ័កទេ តែបានប្រៀបធៀបការងារដែលគាត់បានធ្វើក្នុងចំណោមពួកគេ ទៅនឹងភារកិច្ចរបស់ឪពុកម្តាយ ដែលថែរក្សាកូនតូច(១ថែស្សាឡូនិច ២:៧,១១)។ សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលគាត់មានចំពោះពួកជំនុំនៅទីក្រុងថែស្សាឡូនីច(ខ.៨) បានបណ្តាលចិត្តគាត់ ឲ្យបន្តលើកទឹកចិត្ត កម្សាន្តចិត្ត និងជំរុញពួកគេ ឲ្យរស់នៅ ឲ្យសក្តិសមជាកូនព្រះ(ខ.១២)។ ការត្រាស់ហៅឲ្យរស់នៅ ដោយគោរពប្រតិបត្តិព្រះ បានកើតចេញពីសេចក្តីស្រឡាញ់ ដែលចង់ឲ្យពួកគេថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតពួកគេ។
យើងអាចយកតម្រាប់តាមគំរូរបស់សាវ័កប៉ុល នៅពេលណាយើងមានឱកាសធ្វើជាអ្នកដឹកនាំ ជាពិសេសនៅពេលដែលយើងមានការហត់នឿយ។ ដោយអំណាចមកពីព្រះវិញ្ញាណបរិសុទ្ធ យើងអាចស្រឡាញ់អ្នកដែលយើងកំពុងថែរក្សា ដោយចិត្តសុភាព និងការព្យាយាម ខណៈពេលដែលយើងលើកទឹកចិត្ត និងដឹកនាំពួកគេ ទៅរកព្រះយេស៊ូវ។—LISA M. SAMRA
តើអ្នកបានដកពិសោធន៍ជាមួយការដឹកនាំដោយក្តីស្រឡាញ់ ដូចម្តេចខ្លះ? តើអ្នកអាចលើកទឹកចិត្តមនុស្សដែលអ្នកកំពុងថែរក្សា យ៉ាងណាខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំ ឲ្យថែរក្សាអ្នកដទៃ ដោយសេចក្តីស្រឡាញ់ ដូចដែលព្រះអង្គថែរក្សាទូលបង្គំ ដោយព្រះគុណព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ២ពង្សាវតាក្សត្រ ១៩-២១ និង យ៉ូហាន ៤:១-៣០