ការស្រាវជ្រាវអំពីជីដូន

ទ្រង់​នឹង​មាន​សេចក្តី​រីករាយ​អរ​សប្បាយ​ចំពោះ​ឯង។ សេផានា ៣:១៧

អ្នកស្រាវជ្រាវ នៅ​សកលវិទ្យាល័យ​អេម៉ូរី បាន​ប្រើ​ម៉ា​ស៊ីន​ស្គែន MRI ដើម្បី​សិក្សា​អំពី​ខួរក្បាល​របស់​ស្រ្តី​មួយ​ចំនួន​ដែល​មាន​ចៅ​។ ​គេ​ក៏បាន​ធ្វើការ​វាស់​ស្ទង់​​ក្តី​អាណិត​របស់​ពួកគេ ពេល​ពួក​គេ​បាន​ឃើញ​រូបភាព ដែល​រាប់បញ្ចូល​ទាំង​រូបថត​របស់​ចៅបង្កើត និង​កូនបង្កើត​ដែល​ជា​មនុស្ស​ពេញវ័យ និង​កូន​របស់​អ្នកដទៃ ដែល​ពួក​គេ​មិន​ស្គាល់។ ការសិក្សា​បាន​បង្ហាញថា ជីដូន​ទាំងឡាយ​មានចិត្ត​អាណិត​ចំពោះ​ចៅ​របស់​ខ្លួន ខ្លាំង​ជាង​កូនបង្កើត​ដែល​ជា​មនុស្ស​ពេញវ័យ។ ពួក​គេ​សន្និដ្ឋាន​ថា “ភាព​គួរឲ្យ​ស្រឡាញ់”របស់​ចៅ ជា​កត្តា​នាំឲ្យ​ពួក​គេ​គិតថា ចៅ​របស់​ពួក​គេ មាន​ភាព​គួរឲ្យ​ស្រឡាញ់​ជាង​កូន​ដែល​ជា​មនុស្ស​ធំ។

លោក​ចេ​មស៍ រី​លលីង(James Rilling) ជា​អ្នក​ដឹក​នំា​ការស្រាវជ្រាវ​នេះ បាន​មានប្រសាសន៍​ថា “បើ​ចៅ​ញញឹម នោះ​ជីដូន​របស់​គាត់ ក៏​សប្បាយចិត្ត​ជាមួយ​គាត់​ផង​ដែរ។ ហើយ​បើ​ចៅ​កំពុងតែ​យំ ជីដូន​របស់​គាត់​ក៏​មាន​អារម្មណ៍​ឈឺចាប់ និង​ពិបាកចិត្ត​ជាមួយ​គាត់​ផង​ដែរ”។

រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ពិពណ៌នា​របស់​ហោរា​សេផានា អំពី​អារម្មណ៍​របស់​ព្រះអម្ចាស់ ពេល​ព្រះអង្គ​ទតមើល​រាស្រ្ត​ព្រះអង្គ យ៉ាងដូច​នេះ​ថា “ទ្រង់​នឹង​មាន​សេចក្តី​រីក​រាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង”(សេផានា ៣:១៧)។ ព្រះអង្គ​ក៏​មាន​ព្រះទ័យ​ឈឺចាប់ ជាមួយ​យើង ដូច​ជីដូន​ដែល​មាន​អារម្មណ៍​ឈឺចាប់​ជាមួយ​ចៅ​ផង​ដែរ។ “ក្នុង​គ្រប់​ទាំង​សេចក្តី​ទុក្ខវេទនា​របស់​គេ នោះ​ទ្រង់​ក៏​រងទុក្ខ​ដែរ”(អេសាយ ៦៣:៩) ហើយ​ព្រះអង្គ​មាន​ព្រះទ័យ​រីករាយ​ជាមួយផងដែរ(ទំនុកដំកើង ១៤៩:៤)។

ពេលណា​យើង​មាន​អារម្មណ៍​បាក់ទឹកចិត្ត យើង​ចាំបាច់​ត្រូវ​ចំា​ថា ព្រះ​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​យើង យ៉ាង​ពិតប្រាកដ។ ព្រះអង្គ​មិន​គង់នៅ​ឆ្ងាយ ដោយ​មិន​ខ្វល់​ពី​យើង​សោះ តែ​ជា​ព្រះ​ដែល​ស្រឡាញ់ និង​អរ​សប្បាយ​នឹង​យើង។ នេះ​ជា​ពេល​យើង​ត្រូវ​ចូល​ទៅ​ជិត​ព្រះអង្គ ដោយ​ដឹង​ថា ព្រះអង្គ​កំពុង​ញញឹមដាក់​យើង។—KENNETH PETERSEN

តើ​អ្នក​បានដឹង​ថា ព្រះ​ទ្រង់​មាន​ព្រះទ័យ​រីករាយ​ចំពោះ​អ្នក ដូចម្តេច​ខ្លះ? តើ​ការ​នេះ​ធ្វើឲ្យ​អ្នកមាន​អារម្មណ៍​យ៉ាងណា?

ឱ​ព្រះ​អម្ចាស់ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​នឹក​ចាំ​ថា ព្រះអង្គ​កំពុង​ញញឹមដាក់​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ១របាក្សត្រ ៤-៦ និង យ៉ូហាន ៦:១-២១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles