ដើម្បីឲ្យមានការប្រកបស្និទ្ធស្នាលដ៏ជាប់លាប់

នោះ​ត្រូវឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទទ្វារ រួច​អធិស្ឋាន​ដល់​ព្រះវរបិតា​នៃ​អ្នក។ ម៉ាថាយ ៦:៦

អ្នកស្រី ម៉ា​ដេលេ​ន អែល អី​ហ្គល(Madeleine L’Engle) ​មាន​ទម្លាប់​ទូរស័ព្ទ​ទៅ​ម្តាយ​គាត់ មួយ​សប្តាហ៍​ម្តង។ ពេល​ដែល​ម្តាយ​គាត់​មាន​វ័យ​កាន់តែ​ចាស់ជរា អ្នកនិពន្ធ​សៀវភៅ​គ្រីស្ទបរិស័ទ​រូប​នេះ ក៏បាន​ទូរស័ព្ទ​ទៅ​ម្តាយ​គាត់​កាន់តែ​ញឹកញាប់ ដើម្បី​​ឲ្យ​ទំនាក់​ទំនង​មាន​ភាព​ជាប់​លាប់។ អ្នកស្រី​ម៉ាដេលេន​ចង់​ឲ្យ​កូនៗ​របស់​គាត់ ទូរស័ព្ទ​មក​គាត់ ហើយ​រក្សា​ទំនាក់ទំនង​យ៉ាងដូច​នេះ​ផង​ដែរ។ ជួនកាល ពួក​គេ​ជជែក​គ្នា​យូរៗ ដោយមាន​សំណួរ និង​ចម្លើយ​សំខាន់​ៗ​ជាច្រើន។ ពេលខ្លះ​ទៀត ពួក​គេ​ទូរស័ព្ទ​គ្រាន់តែ​ដើម្បីឲ្យ​ដឹង​ច្បាស់​ថា លេខទូរស័ព្ទ​របស់​គាត់​នៅ​អាច​ទទួលការ​ហៅ​ចូល​ឬ​អត់។ កាល​គាត់​និពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា ការ​ដើរ​នៅ​លើទឹក គាត់​បាន​សរសេរ​ថា “កូន​ចាំបាច់​ត្រូវ​រក្សា​ទំនាក់ទំនង​ជាមួយ​ឪពុក​ម្តាយ ហើយ​យើង​រាល់គ្នា​ក៏​ចាំបាច់​ត្រូវ​រក្សា​ទំនាក់ទំនង​ជាមួយ​ព្រះវរបិតា​នៃ​យើង​ផង​ដែរ”។

អ្នកជឿ​ភាគច្រើន​បាន​ស្គាល់​សេចក្តី​អធិស្ឋាន​របស់​ព្រះអម្ចាស់ ក្នុង​បទ​គម្ពីរ ម៉ាថាយ ៦:៩-១៣។ តែ​ខគម្ពីរ​នៅមុន​បទ​គម្ពីរ​នេះ ក៏​មាន​សារៈសំខាន់​ដូចគ្នា ព្រោះ​ខគម្ពីរ​នោះ​បាន​បង្ហាញ​យើង​អំពី​របៀប​ដែល​យើង​ត្រូវ​អធិស្ឋាន។ យើង​មិន​ត្រូវ​អធិស្ឋាន ដើម្បីឲ្យ​អ្នកដទៃ​មើលឃើញ​យើង​អធិស្ឋាន​នោះ​ទេ(ខ.៥)។ ព្រះគម្ពីរ​មិន​បាន​ចែងថា ការអធិស្ឋាន​របស់​យើង​ត្រូវ​មាន​រយៈពេល​យូរប៉ុណ្ណា​ដែរ តែ​ការ​ពោល​ពាក្យ​ជា​ច្រើន(ខ.៧) មិន​មានតម្លៃ​ស្មើនឹង​គុណភាព​នៃ​ការអធិស្ឋាន​អស់​ពី​ចិត្ត​នោះ​ឡើយ។ បទ​គម្ពីរ​នេះ​ហាក់ដូចជា​សង្កត់ធ្ងន់​ទៅលើ​ការ​បន្ត​ទំនាក់ទំនង​ជា​ទៀង​ទាត់ ជាមួយ​ព្រះវរបិតា​យើង ដែល​ជ្រាប​អំពី​តម្រូវការ​យើង “មុន​ពេល​យើង​ទូល​សូម​ព្រះអង្គ”(ខ.៨)។ ព្រះយេស៊ូវ​មាន​បន្ទូល​សង្កត់ធ្ងន់ អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ប្រកប​ស្និទ្ធស្នាល​ជាមួយ​ព្រះវរបិតា ឲ្យបាន​ជាប់លាប់។ បន្ទាប់មក ព្រះអង្គ​ក៏បាន​បង្រៀន​យើង​ថា “ដូច្នេះ ចូរ​អធិស្ឋាន​បែបយ៉ាង​នេះ​វិញ​ថា”(ខ.៩)។

ការអធិស្ឋាន​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង និង​ជា​ជម្រើស​សំខាន់​បំផុត ព្រោះ​ការអធិស្ឋាន​បាន​ជួយ​យើង​ឲ្យ​មានការ​ប្រកប​ដ៏​ជាប់លាប់​ជាមួយ​ព្រះវរបិតា​នៃ​យើង​រាល់គ្នា។—JOHN BLASÉ

តើ​ធ្វើ​ដូចម្តេច ឲ្យ​អ្នក​អាច​មាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ កាន់តែ​ប្រសើរ​ឡើង? តើ​អ្នកមាន​បទពិសោធន៍​យ៉ាងណា នៅក្នុង​ការ​ប្រកប​ជាមួយ​ព្រះវរបិតា?

ឱ​ព្រះ​វរបិតា ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ជ្រាប់​អំពី​តម្រូវការ​ទូលបង្គំ មុន​ពេល​ទូលបង្គំ​ទូល​ថ្វាយព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ១របាក្សត្រ ១០-១២ និង យ៉ូហាន ៦:៤៥-៧១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles