ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ។ កូល៉ុស ៣:១៧
កាលចេហ្វ(Jeff) មានអាយុ១៤ឆ្នាំ ម្តាយគាត់ បាននាំគាត់ទៅមើលអ្នកចម្រៀងដ៏ល្បីល្បាញម្នាក់។ លោក ប៊ី ចេ ថូម៉ាស(B. J. Thomas) បានជាប់ខ្លួន នៅក្នុងការរស់នៅដែលបំផ្លាញខ្លួនឯង ក្នុងការធ្វើដំណើរប្រគំតន្ត្រី គឺមិនខុសពីអ្នកចម្រៀងជាច្រើន នៅសម័យនោះ។ តែនេះជាបញ្ហាដែលគាត់មាន មុនពេលគាត់ និងភរិយាគាត់ បានឮអំពីព្រះយេស៊ូវ។ ជីវិតរបស់ពួកគេមានការផ្លាស់ប្តូរយ៉ាងខ្លាំង ពេលដែលពួកគេទទួលជឿព្រះគ្រីស្ទ។
នៅពេលយប់នៃការប្រគំតន្រ្តី អ្នកចម្រៀងរូបនេះបានចាប់ផ្តើមផ្តល់ឲ្យនូវការកម្សាន្តសប្បាយដល់ហ្វូងមនុស្សដែលកំពុងមានចិត្តក្លៀវក្លា។ តែបន្ទាប់ពីបានច្រៀងបទចម្រៀងដ៏ល្បីល្បាញរបស់គាត់បានពីរបីបទ មានបុរសម្នាក់បានស្រែកពីក្នុងចំណោមហ្វូងមនុស្ស ឲ្យគាត់ច្រៀងបទចម្រៀងមួយបទថ្វាយព្រះយេស៊ូវ។ លោកប៊ី ចេ ក៏បានឆ្លើយតបដោយគ្មានការស្ទាក់ស្ទើរថា គាត់ទើបតែបានច្រៀងបទចម្រៀងបួនបទថ្វាយព្រះយេស៊ូវហើយ។
រឿងនេះបានកន្លងផុតទៅ៤ទសវត្សរ៍ហើយ តែលោកចេហ្វ នៅតែនឹកចាំពេលដែលគាត់ដឹងថា អ្វីៗដែលយើងធ្វើក៏ដោយ គឺគួរតែធ្វើថ្វាយព្រះយេស៊ូវ គឺសូម្បីតែកិច្ចការដែលមិនទាក់ទងនឹងជំនឿក៏ដោយ។
ជួនកាល ក្នុងជីវិតយើង យើងមិនដឹងថា មានកិច្ចការអ្វីខ្លះដែលពិតជាថ្វាយសិរីល្អដល់ព្រះនោះទេ។ ព្រះគម្ពីរបានផ្តល់ឲ្យយើងនូវក្បួនខ្នាតដើម្បីវាស់ឲ្យដឹងថា មានកិច្ចការអ្វីខ្លះដែលយើងអាចធ្វើថ្វាយព្រះ។ តើយើងកំពុងតែបង្ហាញចេញនូវការបន្ទាបខ្លួន និងសេចក្តីស្រឡាញ់ ហើយបានធ្វើជាគំរូល្អ ក្នុងកិច្ចការដែលយើងធ្វើ ដែលមានដូចជាការច្រៀង ការធ្វើកិច្ចការផ្ទះ ឬការធ្វើការងារ នៅការិយាល័យដែរឬទេ?
បទគម្ពីរកូល៉ុស ៣:១៦ បានរំឭកយើងថា ព្រះបន្ទូលព្រះគ្រីស្ទបានបង្ហាញចេញមកតាមរយៈយើង នៅក្នុងសកម្មភាព ដូចជា ការបង្រៀន ការច្រៀងសរសើរ និងការអរព្រះគុណ តែ ខ.១៧ បានរៀបរាប់អំពីសកម្មភាពជាច្រើនទៀត។ បទគម្ពីរនេះបាននិយាយសង្កត់ធ្ងន់ថា ក្នុងនាមយើងជាកូនព្រះ “ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ”។
ចូរយើងធ្វើកិច្ចការទាំងអស់ថ្វាយព្រះអង្គ។—CINDY HESS KASPER
តើអ្នកអាចធ្វើកិច្ចការទាំងអស់ ដោយព្រះនាមព្រះយេស៊ូវ ដូចម្តេចខ្លះ? តើអ្នកអាចអនុញ្ញាតឲ្យព្រះអម្ចាស់ ប្រើសកម្មភាព និងពាក្យសម្តីរបស់អ្នក ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ ដូចម្តេចខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ សូមព្រះអង្គជួយទូលបង្គំ ឲ្យចុះចូលព្រះអង្គ ក្នុងសកម្មភាព និងពាក្យសម្តីទាំងអស់របស់ទូលបង្គំ។
For further study, read God’s Expectations at DiscoverySeries.org.
គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ១របាក្សត្រ ២៥-២៧ និង យ៉ូហាន ៩:១-២៣