រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ។ កិច្ចការ ២:៤
ក្នុងអំឡុងពេលពិភាក្សាគ្នា អំពីសៀវភៅមួយក្បាល ស្តីអំពីព្រះវិញ្ញាណបរិសុទ្ធ និពន្ធដោយ ទេវវិទូអាឡឺម៉ង់ អាយុ៩៤ឆ្នាំ ឈ្មោះ យ័រហ្គិន មុលម៉ាន់(Jürgen Moltmann) អ្នកសម្ភាសម្នាក់បានសួរគាត់ថា “តើអ្នកធ្វើដូចម្តេច ឲ្យព្រះវិញ្ញាណធ្វើការក្នុងជីវិតអ្នក? តើអ្នកលេបថ្នាំឬ? តើក្រុមហ៊ុនផលិតថ្នាំពេទ្យ ផ្តល់ឲ្យយើងនូវព្រះវិញ្ញាណឬ?” លោកមុលម៉ាន់ក៏បានជ្រួញចិញ្ចើម គ្រវីក្បាល ហើយឆ្លើយថា “តើខ្ញុំអាចធ្វើអ្វីបាន? យើងមិនត្រូវធ្វើកិច្ចការអ្វីមួយ ឲ្យព្រះវិញ្ញាណធ្វើការនោះទេ។ ចូររង់ចាំព្រះអង្គ ហើយព្រះអង្គនឹងធ្វើការរបស់ព្រះអង្គ”។
លោកមុលម៉ាន់បាននិយាយសង្កត់ធ្ងន់ អំពីកំហុសរបស់យើង ដែលជឿថា កម្លាំង និងជំនាញរបស់យើង ធ្វើឲ្យមានអ្វីៗកើតឡើង។ បទគម្ពីរកិច្ចការបានបង្ហាញថា ព្រះទ្រង់ធ្វើឲ្យអ្វីៗកើតមាន។ ក្នុងសម័យពួកជំនុំដំបូង ព្រះទ្រង់បានធ្វើឲ្យការអស្ចារ្យកើតឡើង មិនមែនដោយសារយុទ្ធសាស្ត្រ ឬសមត្ថភាពដឹកនាំដ៏អស្ចារ្យរបស់មនុស្សនោះទេ។ ផ្ទុយទៅវិញ ព្រះវិញ្ញាណបានយាងចុះមក “ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង”(២:២)ចូលទៅក្នុងបន្ទប់ ដែលពួកសាវ័កជួបជុំគ្នា។ បន្ទាប់មក ព្រះវិញ្ញាណក៏បានវាយបំបែកការប្រកាន់វណ្ណៈ ដោយប្រមូលផ្តុំមនុស្សមានប្រវត្តិខុសគ្នា ចូលក្នុងសហគមន៍ថ្មីមួយ។ ពួកសាវ័កក៏មានការភ្ញាក់ផ្អើល ដូចអ្នកដទៃផងដែរ ពេលដែលបានឃើញព្រះធ្វើការ ក្នុងពួកគេ។ ពួកគេមិនបានធ្វើឲ្យមានព្រឹត្តការណ៍ណាមួយកើតឡើងទេ តែដោយជំនួយពីព្រះវិញ្ញាណបរិសុទ្ធ(ខ.៤)។
ពួកជំនុំ និងកិច្ចការដែលយើងធ្វើរួមគ្នា ក្នុងលោកិយនេះ មិនអាស្រ័យទៅលើការអ្វីដែលយើងអាចធ្វើបាននោះទេ។ យើងពឹងផ្អែកទាំងស្រុង ទៅលើការអ្វីដែលមានតែព្រះវិញ្ញាណទេ អាចធ្វើបាន។ ការនេះអនុញ្ញាតឲ្យយើងមានចិត្តក្លាហាន និងមានការសម្រាក។ នៅថ្ងៃនេះ ចូរយើងពឹងផ្អែកលើការដឹកនាំ និងអំណាចពីព្រះវិញ្ញាណបរិសុទ្ធ។—WINN COLLIER
តើអ្នកបានជួបការល្បួងឲ្យពឹងផ្អែកលើកម្លាំងខ្លួនឯង ដូចម្តេចខ្លះ នៅថ្ងៃនេះ? តើអ្នកចាំបាច់ត្រូវរង់ចាំការអ្វីដែលមានតែព្រះវិញ្ញាណទេអាចធ្វើបាន នៅត្រង់ចំណុចណាខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំបានធ្វើឲ្យខ្លួនឯងហត់នឿយ ដោយជឿថា ទូលបង្គំត្រូវធ្វើអ្វីៗដោយអាងកម្លាំង និងប្រាជ្ញាខ្លួនឯង។ សូមព្រះវិញ្ញាណព្រះអង្គ ជួយដឹកនាំ និងចម្រើនកម្លាំងទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ២របាក្សត្រ ៤-៦ និង យ៉ូហាន ១០:២៤-៤២