ដល់ម៉្លេះបានជាបណ្តាជនរកស្គាល់សូរសំឡេងណាដែលអរសប្បាយ និងសូរសំឡេងរបស់អ្នកដែលយំ នោះមិនបានទេ។ អែសរ៉ា ៣:១៣
គ្រួសាររបស់អេនជេឡា(Angela) បានជាប់នៅក្នុងការសោកសង្រេង ដោយសារពួកគេមានការកាន់ទុក្ខជាបន្តបន្ទាប់ ចំពោះការស្លាប់របស់មនុស្សបីនាក់ ក្នុងរយៈពេលតែ៤សប្តាហ៍ប៉ុណ្ណោះ។ បន្ទាប់ពីការកាន់ទុក្ខ ដោយសារការបាត់បង់ជីវិតភ្លាមៗរបស់ក្មួយប្រុសរបស់គាត់ គាត់ក៏បានជួបជុំគ្នាជាមួយបងប្អូនស្រីរបស់គាត់ពីរនាក់ នៅជុំវិញតុ ក្នុងផ្ទះបាយ អស់រយៈពេល៣ថ្ងៃ ហើយក៏បានចេញពីផ្ទះ ដើម្បីទិញកោដិដាក់ធាតុ ទិញអាហារនៅក្រៅផ្ទះ និងចូលរួមពិធីបុណ្យសព។ ខណៈពេលដែលពួកគេទួញយំ ដោយសារការស្លាប់របស់មេសិន(Mason) ពួកគេក៏បានអរសប្បាយផងដែរ ចំពោះរូបថតអេកូរបស់កូន ដែលកំពុងលូតលាស់ក្នុងផ្ទៃរបស់ប្អូនស្រីពៅរបស់គាត់។
ពេលមួយ អេនជេឡាក៏បានរកឃើញការកម្សាន្តចិត្ត ក្នុងកណ្ឌអែសរ៉ានៃព្រះគម្ពីរសញ្ញាចាស់។ បទគម្ពីរនោះបានពិពណ៌នា អំពីការដែលរាស្រ្តរបស់ព្រះវិលត្រឡប់មកទីក្រុងយេរូសាឡិមវិញ បន្ទាប់ពីចក្រភពបាប៊ីឡូនបានបំផ្លាញព្រះវិហារ និងនិរទេសពួកគេ ចេញពីទីក្រុងជាទីស្រឡាញ់របស់ពួកគេ(មើល អែសរ៉ា ១)។ ខណៈពេលដែលលោកអែសរ៉ាឃើញគេសាងសង់ព្រះវិហារឡើងវិញ គាត់ក៏បានឮសម្លេងសរសើរដំកើងព្រះ ដោយអំណរ(៣:១០-១១)។ ប៉ុន្តែ ទន្ទឹមនឹងនោះ គាត់ក៏បានស្តាប់សម្លេងទួញយំ របស់អ្នកដែលបាននឹកចាំ អំពីការរស់នៅ មុនពេលការនិរទេស (ខ.១២)។
អេនជេឡាបានរកឃើញការកម្សាន្តចិត្តជាពិសេស ក្នុងបទគម្ពីរដែលបានចែងថា “បណ្តាជនរកស្គាល់សូរសំឡេងណាដែលអរសប្បាយ និងសូរសំឡេងរបស់អ្នកដែលយំ នោះមិនបានទេ ពីព្រោះគេស្រែកជាយ៉ាងខ្លាំង ហើយសូរសំរែកនោះ ក៏ឮទៅឆ្ងាយផង”(ខ.១៣)។ គាត់បានទទួលស្គាល់ថា ទោះគាត់កំពុងលិចលង់ក្នុងការសោកសង្រេងជ្រៅយ៉ាងណាក៏ដោយ ក៏ក្តីអំណរនៅតែអាចកើតមាន។
យើងក៏អាចសោកសង្រេងចំពោះការស្លាប់របស់មនុស្សជាទីស្រឡាញ់ ឬកាន់ទុក្ខចំពោះការបាត់បង់ផ្សេងទៀត។ ស្ថិតក្នុងពេលបែបនេះ យើងបង្ហាញចេញដល់ព្រះអង្គ នូវការទួញយំ ដោយការឈឺចាប់ ហើយទន្ទឹមនឹងនោះ យើងក៏អាចបង្ហាញចេញនូវក្តីអំណរ ដោយដឹងថាព្រះអង្គស្តាប់ឮយើង ហើយឱបយើង។—AMY BOUCHER PYE
ហេតុអ្វី យើងអាចមានក្តីអំណរ និងការសោកសង្រេង ក្នុងពេលតែមួយ? តើអ្នកអាចស្វែងរកក្តីអំណរ នៅថ្ងៃនេះ ដោយរបៀបណា?
ឱព្រះដ៏រស់ ក្នុងលោកិយនេះ យើងខ្ញុំមានការឈឺចាប់ និងទុក្ខវេទនា។ សូមព្រះអង្គប្រទានពន្លឺនៃក្តីអំណរ ក្នុងយើងខ្ញុំ ខណៈពេលដែលយើងខ្ញុំស្វែងរកក្តីសង្ឃឹម និងសន្តិភាព ក្នុងព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ២របាក្សត្រ ១៣-១៤ និង យ៉ូហាន ១២:១-២៦