ទ្រង់នឹងវិនិច្ឆ័យរវាងអស់ទាំងនគរ ហើយនឹងសំរេចរឿងដល់សាសន៍ជាច្រើន។ អេសាយ ២:៤
ខ្សែបន្ទាត់ព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសកាណាដា មានប្រវែងវែងជាងគេបំផុត នៅលើពិភពលោក ដែលទាំងព្រំប្រទល់ដីគោក និងទឹកមានប្រវែងជាសរុប ៨៨៨៩គីឡូម៉ែត្រ។ គេបានកាប់ឆ្កាព្រៃនៅលើផ្ទៃដីមានទទឹង៣ម៉ែត្រ នៅសង្ខាងខ្សែបន្ទាត់ព្រំដែននោះ ជាទៀងទាត់ ដើម្បីកុំឲ្យមានការយល់ច្រឡំ អំពីខ្សែបន្ទាត់ព្រំដែន។ ផ្ទៃដីវែងដែលមិនមានដើមឈើដុះនេះ ត្រូវបានគេហៅថា “តំបន់កាប់ឆ្កាព្រៃ” និងមានបង្គោលព្រំដែនជាង៨ពាន់ដើម ដើម្បីឲ្យអ្នកដំណើរទាំងឡាយ ដឹងថា ខ្សែបន្ទាត់ដែលបានចែកប្រទេសទាំងពីរដាច់ពីគ្នា ស្ថិតនៅកន្លែងណា។
ការកាប់ឆ្កាព្រៃនៅជាប់ខ្សែបន្ទាត់ព្រំដែននេះ ជាតំណាងឲ្យការញែកដាច់ពីគ្នារវាងរដ្ឋាភិបាល និងវប្បធម៌។ សម្រាប់អ្នកជឿព្រះយេស៊ូវ យើងរង់ចាំពេលដែលព្រះទ្រង់នឹងលប់បំបាត់ព្រំដែនទាំងអស់ ហើយបង្រួបបង្រួមគ្រប់ជាតិសាសន៍ នៅលើពិភពលោក នៅក្រោមការគ្រងរាជរបស់ព្រះអង្គ។ ហោរាអេសាយបានថ្លែងទំនាយ អំពីពេលអនាគត ដែលព្រះវិហារព្រះអង្គ នឹងត្រូវបានគេសាងសង់ឡើងវិញយ៉ាងរឹងមាំ និងលើកដំកើងឲ្យខ្ពស់ឡើង(អេសាយ ២:២)។ មនុស្សមកពីគ្រប់ជាតិសាសន៍នឹងជួបជុំគ្នា ដើម្បីដើរតាមផ្លូវរបស់ព្រះអង្គ(ខ.៣)។ យើងនឹងមិនពឹងផ្អែកទៅលើការប្រឹងប្រែងរបស់មនុស្ស ដែលមិនអាចបញ្ចៀសសង្គ្រាមបាននោះទេ។ ក្នុងនាមព្រះអង្គជាស្តេចដ៏ពិតរបស់យើង ព្រះអង្គនឹងជំនុំជម្រះជាតិសាសន៍ទាំងឡាយ ហើយដោះស្រាយរាល់បញ្ហាជម្លោះ(ខ.៤)។
តើអ្នកអាចស្រមៃឃើញពិភពលោកដែលគ្មានការបែកបាក់ និងជម្លោះ យ៉ាងណាខ្លះ? នោះជាអ្វីដែលព្រះទ្រង់បានសន្យាប្រទានយើង! ទោះយើងធ្លាប់មានការបែកបាក់យ៉ាងណាក៏ដោយ យើងនឹងអាច “ដើរក្នុងពន្លឺរបស់ព្រះអម្ចាស់”(ខ.៥) ហើយសម្រេចចិត្តថ្វាយព្រះអង្គនូវភាពស្មោះស្ម័គ្រ នៅពេលឥឡូវនេះ។ យើងដឹងថា ព្រះទ្រង់គ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង ហើយថ្ងៃមួយ ព្រះអង្គនឹងបង្រួបបង្រួមរាស្រ្តព្រះអង្គ នៅក្រោមទង់ជ័យតែមួយ។—KAREN PIMPO
តើមានការបែកបាក់អ្វីក្នុងលោកិយនេះ ដែលបានធ្វើជាបន្ទុកដ៏ធ្ងន់ក្នុងចិត្តអ្នកនៅថ្ងៃនេះ? តើការសម្លឹងឆ្ពោះទៅរកនគរដ៏អស់កល្បរបស់ព្រះអង្គ បាននាំឲ្យអ្នកមានកម្លាំងឡើង យ៉ាងណាខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំទទួលស្គាល់អំណាចគ្រប់គ្រងរបស់ព្រះអង្គ មកលើអំណាចទាំងអស់ នៅក្នុងពិភពលោក សព្វថ្ងៃនេះ! ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ១៧-១៨ និង យ៉ូហាន ១៣:១-២០