ដូច្នេះ មិនសំរេចនឹងអ្នកណាដែលចង់បាន ឬនឹងអ្នកណាដែលខំរត់តាមនោះទេ គឺស្រេចនឹងព្រះ ដែលមានសេចក្តីមេត្តាករុណាវិញ។ រ៉ូម ៩:១៦
ក្នុងនាមយើងជាអ្នកជឿព្រះអង្គ យើងត្រូវដឹងច្បាស់ថា នៅដើមឆ្នាំថ្មីនេះ អ្វីគ្រប់យ៉ាងដែលយើងនឹងទទួលពីព្រះអង្គ គឺដោយសារសេចក្តីមេត្តាករុណារបស់ព្រះអង្គ។ គ្រប់ទាំងការសប្បាយ ឬការឈឺចាប់ដែលយើងនឹងជួប គឺសុទ្ធតែ ដោយសារសេចក្តីមេត្តាកុរណា។
មូលហេតុដែលព្រះគ្រីស្ទយាងចុះមកក្នុងលោកិយនេះ គឺដើម្បី“ឲ្យពួកសាសន៍ដទៃ បានសរសើរដំកើងព្រះដែរ ដោយព្រោះសេចក្តីមេត្តាករុណារបស់ទ្រង់”(រ៉ូម ១៥:៩)។ យើងបានកើតជាថ្មី “តាមសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់”(១ពេត្រុស ១:៣)។ យើងអធិស្ឋានរាល់ថ្ងៃ “ដើម្បីទទួលសេចក្តីមេត្តាកុរណា”(ហេព្រើរ ៤:១៦) ហើយឥឡូវនេះ យើងកំពុងតែ “រង់ចាំសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ឲ្យបានជីវិតអស់កល្បជានិច្ច”(យូដាស ១:២០)។ បើគ្រីស្ទបរិស័ទណាម្នាក់បង្ហាញចេញនូវលក្ខណៈដែលគួរឲ្យជឿ នោះគឺគាត់មានលក្ខណៈគួរឲ្យជឿ ដោយសារ “សេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់” (១កូរិនថូស ៧:២៥)។
ក្នុងបទគម្ពីរ លូកា ១៧:៥-៦ ពួកសាវ័កបានទូលសូមព្រះអម្ចាស់ថា “សូមចម្រើនសេចក្តីជំនឿដល់យើងខ្ញុំទៀតផង!” ហើយព្រះយេស៊ូវមានបន្ទូលថា “បើអ្នករាល់គ្នាមានសេចក្តីជំនឿដូចគ្រាប់ពូជ១យ៉ាងល្អិត នោះនឹងនិយាយទៅដើមមននេះថា ចូរឯងរលើងទៅដុះក្នុងសមុទ្រទៅ នោះគង់តែនឹងស្តាប់បង្គាប់អ្នកដែរ”។ ម្យ៉ាងទៀត បញ្ហាក្នុងជីវិត និងការងារគ្រីស្ទបរិស័ទ គឺមិនស្ថិតនៅលើកម្លាំង ឬបរិមាណនៃជំនឿរបស់យើងទេ ព្រោះកម្លាំង ឬបរិមាណនៃជំនឿយើង មិនមែនធ្វើឲ្យដើមឈើនោះរលើងឫសឡើយ។ គឺព្រះទេដែលធ្វើឲ្យវារលើងឫស។ ដូចនេះ ជំនឿតូចបំផុត ដែលពិតជាតភ្ជាប់យើង ជាមួយព្រះគ្រីស្ទ នឹងនាំឲ្យយើងទទួលអំណាចគ្រប់គ្រាន់ សម្រាប់តម្រូវការរបស់យើង។
ប៉ុន្តែ នៅពេលដែលអ្នកបានស្តាប់បង្គាប់ព្រះអម្ចាស់ ដោយជោគជ័យ តើសេចក្តីមេត្តាករុណារបស់ព្រះ មានលក្ខណៈដូចម្តេចដែរ? តើការស្តាប់បង្គាប់របស់អ្នក មានន័យថា អ្នកឈប់ទូលសូមសេចក្តីមេត្តាករុណាពីព្រះអង្គឬ? ព្រះយេស៊ូវបានប្រទានចម្លើយសម្រាប់សំណួរនេះ ក្នុងបទគម្ពីរ លូកា ១៧:៧-១០ ដែលបានចែងដូចតទៅ៖
“ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានបាវកំពុងតែភ្ជួរ ឬឃ្វាលសត្វ លុះកាលណាវាវិលមកពីចំការ តើនឹងនិយាយទៅវាភ្លាមថា មកអង្គុយស៊ីបាយសិន ឬអី គឺនឹងប្រាប់វាយ៉ាងនេះវិញទេតើ ថា ចូររៀបចំអាហារឲ្យអញ រួចក្រវាត់ខ្លួនមកបំរើអញដែលកំពុងតែស៊ី រួចសឹមឯងស៊ីជាក្រោយចុះ តើចៅហ្វាយដឹងគុណបាវនោះ ដោយព្រោះវាធ្វើតាមបង្គាប់ ឬដូចម្តេច ខ្ញុំយល់ថា មិនមែនទេ ឯអ្នករាល់គ្នា ក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានធ្វើតាមបង្គាប់គ្រប់ជំពូកហើយ នោះត្រូវរាប់ថា យើងជាបាវបំរើឥតកំរៃដល់ម្ចាស់ទេ ដ្បិតយើងបានធ្វើត្រឹមតែការដែលយើងត្រូវធ្វើប៉ុណ្ណោះ”។
ដូចនេះ ខ្ញុំសូមសន្និដ្ឋានថា ការស្តាប់បង្គាប់ដែលពេញលេញបំផុត និងជំនឿតូចបំផុត សុទ្ធតែនាំឲ្យយើងទទួលបានសេចក្តីមេត្តាកុរណាពីព្រះ ។ ជំនឿដ៏តូចដូចគ្រាប់ពូជអាចធ្វើឲ្យដើមឈើរលើងឫសបាន ដោយសេចក្តីមេត្តាករុណារបស់ព្រះ។ ហើយការស្តាប់បង្គាប់ដ៏ឥតខ្ចោះ នាំឲ្យយើងពឹងផ្អែកទាំងស្រុងមកលើសេចក្តីមេត្តាកុរណារបស់ព្រះអង្គ។
ចំណុចសំខាន់នោះគឺ ៖ យើងមិនអាចឈប់ទទួលសេចក្តីមេត្តាករុណារបស់ព្រះបានឡើយ ទោះស្ថិតក្នុងពេលណា ឬសេចក្តីមេត្តារបស់ព្រះអង្គ មានលក្ខណៈដូចម្តេចក៏ដោយ។ យើងតែងតែពឹងផ្អែកទាំងស្រុង មកលើអ្វីដែលយើងមិនសមនឹងទទួល។
ដូចនេះ ចូរយើងបន្ទាបខ្លួន និងអរសប្បាយ ហើយថ្វាយសិរីល្អដល់ព្រះ ដោយសារសេចក្តីមេត្តាករុណារបស់ព្រះអង្គ។