តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់ តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភក្ត្រទ្រង់? ទំនុកដំកើង ១៣៩:៧
បន្ទាប់ពីមន្រ្តីពន្ធនាគារបានឆែកឆេរខ្លួនខ្ញុំហើយ ខ្ញុំក៏បានបោះជំហានចូលទៅក្នុងមន្ទីរឃុំឃាំង ហើយចុះហត្ថលេខានៅលើបញ្ជីឈ្មោះអ្នកចូលសួរសុខទុក្ខអ្នកទោស រួចអង្គុយនៅកន្លែងរង់ចាំដែលមានមនុស្សកកកុញ។ ខ្ញុំក៏បានអធិស្ឋានយ៉ាងស្ងាត់ស្ងៀម ដោយមើលទៅមនុស្សធំនៅមិនសុខ ហើយដកដង្ហើមវែង ខណៈពេលដែលក្មេងៗរអ៊ូរទាំអំពីការរង់ចាំវេនចូលជួបអ្នកទោស។ ប្រហែល១ម៉ោងក្រោយមក អ្នកយាមប្រដាប់ដោយអាវុធក៏បានហៅឈ្មោះក្នុងបញ្ជីរ ដែលមានឈ្មោះខ្ញុំផងដែរ។ គាត់ក៏បាននាំក្រុមរបស់យើង ចូលទៅក្នុងបន្ទប់មួយ ហើយក៏បានប្រាប់យើងឲ្យទៅអង្គុយនៅលើកៅអី ដែលគេបានកំណត់។ ពេលដែលកូនចុងរបស់ខ្ញុំបានអង្គុយចុះ នៅលើកៅអី នៅផ្នែកម្ខាងទៀតនៃបន្ទប់ ដែលខណ្ឌជាពីរ ដោយកញ្ចក់បង្អួចក្រាស់ៗ ហើយក៏បានលើកទូរស័ព្ទ ដើម្បីនិយាយជាមួយខ្ញុំ ជម្រៅនៃភាពអស់សង្ឃឹមក៏បានគ្របសង្កត់ចិត្តខ្ញុំ។ តែក្នុងពេលខ្ញុំកំពុងយំនោះ ព្រោះទ្រង់បានធានាដល់ខ្ញុំថា កូនចុងរបស់ខ្ញុំនៅតែស្ថិតក្រោមការថែរក្សារបស់ព្រះអង្គទេ។
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៣៩ ស្តេចដាវីឌបានទូលព្រះអម្ចាស់ថា “ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង …ក៏ស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំដែរ”(ខ.១-៣)។ ការប្រកាសរបស់ទ្រង់ អំពីព្រះដែលជ្រាបអំពីអ្វីៗទាំងអស់ បាននាំឲ្យទ្រង់ពោលសរសើរព្រះអម្ចាស់អំពីការថែរក្សា និងការពារដ៏ស្និទ្ធស្នាលរបស់ព្រះអង្គ(ខ.៥)។ ស្តេចដាវីឌមានការស្ញប់ស្ញែងចំពោះភាពអស្ចារ្យនៃប្រាជ្ញារបស់ព្រះអម្ចាស់ និងចំពោះជម្រៅនៃការប៉ះពាល់ចិត្តទ្រង់ បានជាទ្រង់សួរសំណួរពីរ ក្នុងន័យសរសើរដំកើងថា “តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់ តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភក្ត្រទ្រង់?”(ខ.៧)។
ពេលណាយើង ឬមនុស្សជាទីស្រឡាញ់របស់យើង ស្ថិតក្នុងស្ថានភាពទាល់ច្រក ដែលបណ្តាលឲ្យយើងអស់សង្ឃឹម ហើយមិនអាចជួយខ្លួនឯងបាន ព្រះហស្តព្រះអង្គនៅតែរឹងមាំ ហើយរង់ចាំជួយយើងជានិច្ច។ ទោះយើងមានអារម្មណ៍ថា យើងបានដាច់ចេញឆ្ងាយពីសេចក្តីប្រោសលោះនៃសេចក្តីស្រឡាញ់របស់ព្រះអង្គក៏ដោយ ក៏យើងនៅតែអាចឈោងទៅរកព្រះអង្គបានគ្រប់ពេល។—XOCHITL DIXON
តើការស្គាល់ទំហំនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ បានជួយឲ្យជំនឿរបស់អ្នកមានការចម្រើនឡើងដូចម្តេចខ្លះ? តើព្រះអង្គបានកម្សាន្តចិត្តអ្នកដូចម្តេចខ្លះ ក្នុងអំឡុងពេលដែលអ្នកមានអារម្មណ៍អស់សង្ឃឹម?
ឱព្រះវរបិតានៃសេចក្តីស្រឡាញ់ សូមព្រះអង្គជួយទូលបង្គំឲ្យចាំថា ព្រះអង្គតែងតែស្ម័គ្រចិត្ត និងអាចឈោងមករកទូលបង្គំ និងមនុស្សជាទីស្រឡាញ់របស់ទូលបង្គំជានិច្ច។
To learn more about trusting God in times of suffering, visit ODBU.org/courses/CA211.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២កូរិនថូស ១៩-២០ យ៉ូហាន ១៣:២១-៣៨