ការកែតម្រង់ដោយសេចក្តីស្រឡាញ់

បើ​បង​ឬប្អូន​ធ្វើបាប​នឹង​អ្នក នោះ​ឲ្យ​ទៅ​បន្ទោស​គាត់ ក្នុង​កាលដែល​មានតែ​អ្នក​ហើយ និង​គាត់។ ម៉ាថាយ ១៨:១៥

កាលពី​ឆ្នាំ២០១០ រលក​យក្ស​ស៊ូណាមិ​បាន​វាយប្រហារ​មក​លើ​កោះ​ស៊ូ​ម៉ា​ត្រា បណ្តាល​ឲ្យ​មនុស្ស​ជាង៤០០នាក់ បាត់បង់ជីវិត។ ប៉ុន្តែ គេ​អាច​បញ្ចៀស ឬ​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​នេះ បើសិនជា​ប្រព័ន្ធ​ប្រកាស​អាសន្ន​អំពី​រលក​យក្ស​ស៊ូណាមិ មានដំណើរ​ការត្រឹមត្រូវ។ ឧបករណ៍​វាស់​ស្ទង់​ស៊ូណាមិ​បាន​ដាច់ខ្សែ ហើយក៏​បាន​រសាត់​អណ្ដែត​ទៅបាត់ មុន​ពេល​គ្រោះមហន្តរាយ​នេះ​កើតឡើង។

ព្រះយេស៊ូវ​មាន​បន្ទូល​ថា សិស្សរបស់​ព្រះអង្គ​មានការ​ទទួលខុសត្រូវ ក្នុង​ការដាស់តឿន​គ្នា​ទៅវិញទៅមក អំពី​ការអ្វី​ដែល​អាច​ធ្វើឲ្យ​ពួក​គេ​រងគ្រោះ​ខាងវិញ្ញាណ ដែល​រាប់បញ្ចូល​ទាំង​អំពើបាប​ដែល​មិនបាន​ប្រែចិត្ត។ ព្រះអង្គ​បាន​បង្ហាញ​របៀបការ​កែ​តម្រង់ ពេលណា​អ្នកជឿ​ម្នាក់​ដែល​បាន​ធ្វើអំពើ​បាប​ទាស់​នឹង​អ្នកជឿ​ម្នាក់ទៀត។ គេ​អាច​កែ​តម្រង់​អ្នកប្រព្រឹត្តខុស​នោះ ដោយ​ការ​បន្ទាបខ្លួន ដោយ​ស្ងាត់​ៗ និង​ដោយ​ការអធិស្ឋាន(ម៉ាថាយ ១៨:១៥)។ បើ​អ្នកនោះ​ប្រែចិត្ត នោះ​ជម្លោះ​នោះ​អាច​មាន​ដំណោះស្រាយ ហើយ​ទំនាក់ទំនង​អាច​ផ្សះផ្សា​ឡើង​វិញ។ បើ​គ្រីស្ទបរិស័ទ​នោះ​មិនព្រម​ប្រែចិត្ត​ទេ នោះ “ត្រូវ​យក​ម្នាក់ ឬ២នាក់​ទៅ​ជា​មួយ” ដើម្បី​ជួយ​កែ​តម្រង់​គាត់(ខ.១៦)។ បើ​អ្នក​ដែល​ប្រព្រឹត្ត​អំពើបាប​នោះ នៅ​តែ​មិន​កែប្រែ គេ​ត្រូវ​ទៅ​ប្រាប់​ពួក​ជំនុំ(ខ.‌១៧)។ បើ​គាត់​នៅតែ​មិន​ប្រែចិត្ត​ទៀត គេ​ត្រូវ​កាត់​គាត់​ចេញពី​ពួក​ជំនុំ តែ​គេ​នៅតែ​អាច​អធិស្ឋាន​ឲ្យ​គាត់ ហើយ​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​គាត់។

ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ​ ចូរ​យើង​អធិស្ឋាន​សូម​ប្រាជ្ញា និង​សេចក្តី​ក្លាហាន ដើម្បី​ដាស់តឿន និង​កែ​តម្រង់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ក្តី​ស្រឡាញ់ អំពី​គ្រោះថ្នាក់​នៃ​អំពើបាប​ដែល​មិន​បាន​ប្រែចិត្ត និង​អំពី​ក្តី​អំណរ​នៃ​ការផ្សះផ្សា​ឡើងវិញ ជាមួយ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ និង​អ្នកជឿ​ដទៃទៀត។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “ដ្បិត​កន្លែងណា​ដែល​មាន២ឬ៣អ្នក ប្រជុំ​ជាមួយគ្នា ដោយនូវ​ឈ្មោះខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​កណ្តាល​ចំណោម​អ្នក​ទាំងនោះ​ដែរ”(ខ.២០)។—MARVIN WILLIAMS

តើ​អ្នក​អាច​កែ​តម្រង់​នរណា​ម្នាក់ ដោយ​ការ​បន្ទាបខ្លួន និង​សេចក្តី​ស្រឡាញ់ ដោយ​របៀបណា? តើ​អំពើបាប​ដែល​មិន​ប្រែចិត្ត នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​អ្វីខ្លះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ស្រឡាញ់​អ្នកដទៃ​ល្មម​នឹងអាច​ដាស់តឿន​ពួក​គេ ពេលណា​ពួក​គេ​ធ្លាក់​ចូលក្នុង​អំពើបាប។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ២៨-២៩ និង យ៉ូហាន ១៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles