លោតទៅមុខ ដោយជំនឿ

ត្រូវឲ្យ​ទទួលស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់ទាំង​ផ្លូវច្រក​របស់​ឯង។ សុភាសិត ៣:៦

មាន​ពេល​មួយ​ខ្ញុំ​បាន​ជិះ​ខ្សែ​សំរូត ពីលើ​កន្លែង​ខ្ពស់​ជាងគេ ក្នុង​ព្រៃ​ទឹកភ្លៀង នៅ​កោះ​សេន លូ​សៀ ក្នុង​ប្រជុំកោះ​ខារីប៊ីន។ ពេល​ខ្ញុំ​រៀប​ចំ​ខ្លួន​ជិះ​ខ្សែ​សំរូត​នោះ ការភ័យខ្លាច​បាន​កើនឡើង​កាន់តែ​ខ្លាំង នៅក្នុង​ចិត្ត​ខ្ញុំ។ រយៈពេល​ប៉ុន្មាន​វិនាទី មុន​ពេល​ខ្ញុំ​លោត​ទៅមុខ ខ្ញុំ​បាន​គិត​អំពី​គ្រោះថ្នាក់​គ្រប់​យ៉ាង​ដែល​អាច​កើតឡើង។ តែ​ដោយ​សេចក្តី​ក្លាហាន​ដែល​ខ្ញុំ​អាច​ប្រមែ​ប្រ​មូល (និង​ជម្រើស​ថយ​ក្រោយ​មកវិញ) ខ្ញុំ​ក៏បាន​លែងដៃ។ ខ្ញុំ​បាន​ជិះ​ខ្សែ​សំរូត​កាត់​តាម​ចុង​ព្រៃ​ព្រឹក្សា ដែល​មាន​ដើមឈើ​បៃតងខ្ចី និង​ខ្យល់បក់​ផាត់​សក់​ខ្ញុំ ការ​ព្រួយបារម្ភ​របស់ខ្ញុំ​ក៏បាន​រលាយ​បាត់​បន្តិច​ម្តងៗ។ ខណៈ​ពេល​ដែល​ខ្ញុំ​ផ្លាស់ទី​នៅ​លើ​អាកាស ដោយ​អនុញ្ញាត​ឲ្យ​ទំនាញផែនដី​ទ្រ​ខ្ញុំ ខ្ញុំ​ក៏​មើលឃើញ​កន្លែង​ឈប់​កាន់តែ​ច្បាស់។ ខ្ញុំ​ក៏បាន​ឈប់​តាម​សម្រួល ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ទៅដល់​កន្លែង​ឈប់​ដោយ​សុវត្ថិភាព។

ការ​ចំណាយពេល​របស់ខ្ញុំ​ជាមួយ​ខ្សែ​សំរូត បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​ដែល​ព្រះ​ទ្រង់​ឲ្យ​យើង​ធ្វើ​កិច្ចការ​ថ្មី​មួយ ដែល​ត្រូវ​មាន​បញ្ហា​ប្រឈម​ជាច្រើន។ ព្រះគម្ពីរ​បាន​បង្រៀន​យើង ឲ្យ​ពឹង​ដល់​ព្រះអង្គ ឲ្យអស់​អំពី​ចិត្ត “កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ”(សុភាសិត ៣:៥) ពេលណា​យើង​មាន​អារម្មណ៍​សង្ស័យ និង​មិន​ច្បាស់លាស់។ ពេលណា​គំនិត​យើង​មាន​ពេញដោយ​ការភ័យខ្លាច និង​ការសង្ស័យ យើង​ប្រហែល​មើលឃើញ​ផ្លូវ​មិន​ច្បាស់។ តែ​ពេលណា​យើង​សម្រេចចិត្ត​បោះជំហាន​ទៅមុខ ដោយ​ជំនឿ ដោយ​ទុកដាក់​ផ្លូវ​របស់​យើង​នឹង​ព្រះអង្គ ព្រះអង្គ​នឹង​តម្រង់ផ្លូវ​យើង(ខ.៦)។ យើង​មាន​ទំនុក​ចិត្ត​កាន់តែ​ខ្លាំង ក្នុង​ការ​ហក់​ទៅមុខ ដោយ​ជំនឿ ដោយ​រៀន​ស្គាល់​ព្រះអង្គ​ជា​នរណា តាមរយៈ​ការ​ចំណាយ​ពេល​អធិស្ឋាន និង​អាន​ព្រះគម្ពីរ។

យើង​អាច​រក​ឃើញ​សេរីភាព និង​ភាព​ស្ងប់ស្ងាត់ សូម្បីតែ​ក្នុង​ពេល​ជីវិត​យើង​ជួប​បញ្ហា​ប្រឈម ខណៈ​ពេល​ដែល​យើង​តោង​ព្រះអង្គ​ជាប់ ហើយ​អនុញ្ញាត​ព្រះអង្គ ឲ្យ​ដឹកនាំ​យើង ឆ្លងកាត់​ការ​ផ្លាស់​ប្តូរ ក្នុង​ជីវិត​យើង។—KIMYA LODER

តើមាន​ការ​ផ្លាស់​ប្តូរ ឬ​បញ្ហា​ប្រឈម​អ្វី​ក្នុង​ជីវិត​អ្នក ដែល​តម្រូវឲ្យ​អ្នក​ទុកចិត្ត​ព្រះអង្គ​ទាំងស្រុង? តើមាន​អ្វី​រារាំង​អ្នក មិន​ឲ្យ​ហក់​ទៅមុខ​ដោយ​ជំនឿ​បាន?

ឱ​ព្រះ​វរបិតា សូម​ព្រះអង្គ​ប្រទាន​ទូលបង្គំ​នូវ​ប្រាជ្ញា និង​កម្លាំង ដែល​ទូលបង្គំ​ត្រូវការ ដើម្បី​ទុកចិត្ត​ព្រះអង្គ ក្នុង​ការរស់នៅ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ៣៤-៣៦ និង យ៉ូហាន ១៩:១-២២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles