ឥឡូវនេះ មិនមានសល់អ្វីទៀតទេ

ទីក្រុង​ដែល​ពីដើម​មាន​ពេញដោយ​មនុស្ស ឥឡូវ​បាន​ត្រមោច​នៅ​យ៉ាងណា​ហ្ន៎។ បរិទេវ ១:១

បងប្អូន​ខ្ញុំ​​ប្រុសៗ និង​ក្រុម​គ្រួសារ​របស់​យើង បាន​ចំណាយ​ពេល​មួយថ្ងៃ ដើម្បី​រើ​របស់របរ​របស់​ឪពុក​ម្តាយ​យើង ចេញពីផ្ទះ​ដែល​យើង​ធ្លាប់​រស់នៅ​ជុំគ្នា​កាល​ពី​ក្មេង។ នៅ​ពេល​ល្ងាច យើង​ក៏បាន​វិលត្រឡប់​មក​ប្រមូលរបស់​របរ​ចុងក្រោយ ហើយក៏​បានដឹង​ថា ពេលនោះ​ជា​ពេល​ចុងក្រោយ​របស់​ក្រុម​គ្រួសារ​យើង​ក្នុង​ផ្ទះ​នោះ ដូចនេះ យើង​ក៏បាន​ថតរូប​ជុំគ្នា នៅ​រានហាល​ក្រោយផ្ទះ។ ម្តាយ​ខ្ញុំ​បាន​ងាក​មក​រក​ខ្ញុំ ហើយ​និយាយ​ថា “ឥឡូវនេះ មិន​មាន​អ្វី​នៅសល់​ក្នុង​ផ្ទះ​នេះ​ទៀត​ទេ”។ ពាក្យពេចន៍​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​ស្ទើរតែ​ទប់ទឹក​ភ្នែក​មិន​ជាប់។ ផ្ទះ​ដែល​មាន​អនុស្សាវរីយ៍​រយៈពេល​៥៤ឆ្នាំ បាន​ក្លាយជា​ផ្ទះ​ទទេ​ហើយ។ ខ្ញុំ​ក៏​ខំ​ឃាត់ខ្លួន​ឯង​មិន​ឲ្យ​គិត​អំពី​រឿង​នេះ​ទៀត។

ការឈឺចាប់​ក្នុងចិត្ត​ខ្ញុំ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យពេចន៍​របស់​ហោរា​យេរេមា ក្នុង​បទ​គម្ពីរ​បរិទេវ ដែល​បាន​ពោល​ថា “ទីក្រុង​ដែល​ពីដើម​មាន​ពេញដោយ​មនុស្ស ឥឡូវ​បាន​ត្រមោច​នៅ​យ៉ាងណា​ហ្ន៎”(១:១)។ ភាព​ខុសប្លែក​គ្នា​ដ៏​សំខាន់​រវាង​រឿង​របស់ខ្ញុំ និង​រឿង​របស់​ទីក្រុង​យេរូសាឡិម គឺ​ស្ថិតនៅ​ត្រង់​ចំណុច​ដែរ​ថា ទីក្រុង​យេរូសាឡិម​ប្រែ​ជា​ទទេ ដោយសារ​អំពើបាប​ជាច្រើន​របស់​ទីក្រុង​នេះ(ខ.៥)។ ព្រះ​ទ្រង់​បាន​និរទេស​រាស្រ្ត​ទ្រង់ ទៅ​ទីក្រុង​បា​ប៊ី​ឡូន ព្រោះ​ពួក​គេ​បាន​បះបោរ​ទាស់​ព្រះអង្គ ហើយ​មិនព្រម​ប្រែចិត្ត(ខ.១៨)។ ឪពុក​ម្តាយ​ខ្ញុំ​បាន​រើផ្ទះ មិនមែន​ដោយសារយើងបាន​ប្រព្រឹត្ត​​អំពើបាបណា​មួយ​នោះ​ទេ តែ​យ៉ាងហោចណាស់​ បាន​ទទួល​ផលប៉ះ​ពាល់ដោយ​ប្រយោល​​ពី​អំពើ​បាប។ តែ​ចាប់តាំងពី​ពេល​ដែល​លោក​អ័ដាម​ធ្លាក់​ចូលក្នុង​អំពើបាប ក្នុង​សួនច្បារ​អេដែន សុខភាព​របស់​មនុស្ស​ម្នាក់​ៗ​មាន​អន់ខ្សោយ​បន្តិច​ម្តងៗ ពេល​ពួកគេ​មាន​វ័យ​កាន់​តែ​ចាស់។ ពេល​យើង​មាន​វ័យចាស់ ជា​ធម្មតា យើង​ចង់​រស់នៅ​ក្នុង​ផ្ទះ​ដែល​យើង​ងាយស្រួល​មើលថែ។

ខ្ញុំ​អរព្រះគុណ​ព្រះអង្គ សម្រាប់​អនុស្សាវរីយ៍ ដែល​បាន​ធ្វើឲ្យ​ផ្ទះ​ចាស់​របស់​យើង ក្លាយជា​ទីកន្លែង​ពិសេស។ ការឈឺចាប់ គឺជា​ការ​លះបង់ ដើម្បី​សេចក្តី​ស្រឡាញ់។ ខ្ញុំ​ដឹង​ថា ការ​និយាយ​លា​គ្នា នៅពេល​ក្រោយ​ទៀត មិនមែន​ជា​ការ​និយាយ​លា​ផ្ទះ​ឪពុក​ម្តាយ​ខ្ញុំ​ទៀត​ទេ តែ​ជា​ពេល​ដែល​ពួក​គាត់​នឹង​លាចាក​លោក។ ហើយ​ខ្ញុំ​ក៏បាន​យំ ពេល​គិត​ដល់​រឿង​នេះ។ ខ្ញុំ​ក៏បាន​ស្រែក​រក​ព្រះយេស៊ូវ​ សូម​ព្រះអង្គ​ឆាប់​យាង​មក ដើម្បី​បញ្ចប់​ការ​បែកគ្នា ហើយ​ស្អាង​អ្វី​ៗ​គ្រប់​យ៉ាង​ឲ្យ​ល្អ​ឡើងវិញ។ ក្តី​សង្ឃឹម​របស់ខ្ញុំ ជាប់​នៅក្នុង​ព្រះអង្គ។—MIKE WITTMER

តើ​ទីកន្លែង​អ្វីខ្លះ ដែល​អ្នកមាន​អនុស្សាវរីយ៍​ជ្រាលជ្រៅ​បំផុត? សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​មនុស្ស​ដែល​ស្រឡាញ់​អ្នក​នៅ​ទីនោះ។ តើ​អ្នក​នឹង​បង្កើត​អនុស្សាវរីយ៍​ថ្មីៗ​ដូច​ម្តេច​ខ្លះ ក្នុង​ពេល​សព្វថ្ងៃ?

ឱ​ព្រះ​វរបិតា ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ឲ្យ​ទូលបង្គំ​ចូលក្នុង​មហា​គ្រួសារ​របស់​ព្រះអង្គ​ជា​រៀង​រហូត។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ៦-៨ និង យ៉ូហាន ២១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles