រូបអង្គនៃព្រះដ៏មើលមិនឃើញ

ព្រះយេស៊ូវ​ជា “រូបអង្គ​នៃ​ព្រះ​ដ៏​មើល​មិនឃើញ” (កូល៉ុស ១:១៥)។ តើ​ហេតុអ្វី​បទ​គម្ពីរ​នេះ​បាន​ហៅ​ព្រះអង្គ​ថា “រូបអង្គ​នៃ​ព្រះ​ដ៏​មើល​មិនឃើញ”? នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ អំពី​ការ​ប្រកាស​ច្បាស់​បំផុត និង​គួរឲ្យ​ភ្ញាក់ផ្អើល​បំផុត​ក្នុង​ព្រះគម្ពីរ អំពី​ភាពជា​ព្រះ​របស់​ព្រះគ្រីស្ទ។

អត្ថបទ

“ព្រះយេស៊ូវ​ជា​រូបអង្គ​នៃ​ព្រះ​ដ៏​មើល​មិនឃើញ”។ តើ​ពាក្យ​មួយ​ឃ្លា​នេះ​មានន័យ​ដូចម្តេច? គឺ​មាន​ន័យ​ថា បើ​អ្នក​ចង់​មើលឃើញ​ព្រះ​ដែល​មើល​មិនឃើញ បើ​អ្នក​ចង់​មានបទពិសោធន៍​ជាមួយនឹង​ព្រះ ដោយ​ការ​មើល​ឃើញ តើ​អ្នក​ត្រូវ​ទៅ​កន្លែងណា? គឺ​ត្រូវ​ទៅ​រក​ព្រះយេស៊ូវ​។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​ចែងថា ព្រះយេស៊ូវ​ “ជា​រស្មី​ភ្លឺ​មក​ពី​សិរីល្អ​នៃ​ព្រះ ហើយ​ជា​រូបភាព​នៃ​អង្គ​ទ្រង់”។ នេះ​ជា​ការ​ពិពណ៌នា​អំពី​ភាពជា​ព្រះ​របស់​ព្រះអង្គ។ សូម​ចាំ​ថា ការថ្វាយបង្គំ​រូប​ព្រះ​គឺជា​អំពើបាប​ជា​មូលដ្ឋាន​របស់​ពួក​អ៊ីស្រាអែល។ ព្រះអង្គ​បាន​ហាម​ពួក​គេ​មិន​ឲ្យ​ធ្វើ​រូប​ព្រះ សម្រាប់​ថ្វាយបង្គំ​នោះ​ឡើយ។ ការ​មើលទៅ​រូប​ព្រះ ហើយ​ថ្វាយបង្គំ​រូប​នោះ ជា​ការ​អាក្រក់​ជា​មូលដ្ឋាន​របស់​ពួក​អ៊ីស្រាអែល។ តែ​ព្រះគម្ពីរ​សញ្ញាថ្មី​បាន​ចែងថា ព្រះយេស៊ូវ​ជា​រូបអង្គ​របស់​ព្រះ។ ហេតុនេះ​ហើយ​បាន​ជា​ព្រះ​ទ្រង់​ហាម​យើង​មិន​ឲ្យ​ថ្វាយបង្គំ​រូបភាព​អ្វី​ផ្សេង។ ព្រោះ​បើ​អ្នក​ចង់​មើល​ឃើញ​ព្រះ អ្នក​ត្រូវ​មើលទៅ​ព្រះ​យេស៊ូវ​។

សាវ័ក​ភីលីព​ធ្លាប់​បាន​ទូល​ព្រះយេស៊ូវ​ថា “ព្រះអម្ចាស់​អើយ សូម​បង្ហាញ​ព្រះវរបិតា​ឲ្យ​យើងខ្ញុំ​ឃើញ​ផង នោះ​យើងខ្ញុំ​ពេញចិត្ត​ហើយ”។ ហេតុអ្វី​គាត់​ទូល​សូម​​ដូចនេះ។ ព្រោះ​ពួក​សាវ័ក​បានឃើញ​ការ​អស្ចារ្យ​ជាច្រើន ដូចជា​ ព្រះអង្គ​បាន​ដើរ​លើទឹក ប្រទាន​អាហារ​ដល់​មនុស្ស៥ពាន់​នាក់ ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើងវិញ និង​ការ​អស្ចារ្យ​ជាច្រើន​ទៀត។ ដូចនេះ ពួក​គេ​ចង់​ឲ្យ​ព្រះអង្គ​បង្ហាញ​ពួក​គេ​ឲ្យ​ឃើញ​ព្រះវរបិតា ដែល​ជា​ការ​អស្ចារ្យ​បំផុត។ តើ​ព្រះអង្គ​ឆ្លើយតប​ដូចម្តេច? ព្រះអង្គ​ឆ្លើយ​ថា “ភីលីព​អើយ ខ្ញុំ​បាន​នៅជា​មួយ​នឹង​អ្នករាល់គ្នា​ជា​យូរ​ដល់​ម៉្លេះ ហើយ​អ្នក​មិនទាន់​ស្គាល់​ខ្ញុំ​ឬ អ្នកណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏បាន​ឃើញ​ព្រះ​វរបិតា​ដែរ ចុះ​ធ្វើ​ដូចម្តេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​ឲ្យ​ឃើញ​ព្រះវរបិតា​ផង​ដូច្នេះ តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅក្នុង​ព្រះវរបិតា ហើយ​ព្រះវរបិតា​គង់នៅ​ក្នុង​ខ្ញុំ​ទេ​ឬអី? អស់ទាំង​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ដល់​អ្នករាល់គ្នា នោះ​ខ្ញុំ​មិនមែន​ប្រាប់ ដោយអាង​ខ្លួនខ្ញុំ​ទេ គឺជា​ព្រះវរបិតា​ដែល​គង់​ក្នុង​ខ្ញុំ ទ្រង់​ធ្វើការ​ទាំងនោះ​វិញ?” ត្រង់​ចំណុច​នេះ ព្រះអង្គ​កំពុង​មាន​បន្ទូល​ច្បាស់​ថា ព្រះអង្គ​ជា​ព្រះ។

 

More articles