មើល អញបានដាក់ពាក្យរបស់អញនៅក្នុងមាត់ឯងហើយ។ យេរេមា ១:៩
វាគ្មិនដែលមានអំណាចបំផុតក្នុងប្រវត្តិសាស្ត្រ ច្រើនតែជាអ្នកដឹកនាំ ដែលបានប្រើពាក្យសម្តីរបស់ខ្លួន ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន។ សូមយើងពិចារណាអំពីលោកហ្វ្រេឌ្រិក ដូក្លាស(Frederick Douglass) ចុះ ព្រោះសន្ទរកថាដែលគាត់បានថ្លែងជាសាធារណៈ អំពីការលប់បំបាត់របបទាសភាព និងអំពីសេរីភាព បានជំរុញឲ្យមានចលនាមួយ ដែលបាននាំឲ្យមានការបញ្ចប់របបទាសភាព ក្នុងសហរដ្ឋអាមេរិក។ ចុះបើសិនជាគាត់សម្រេចចិត្តនៅស្ងៀមមិននិយាយអ្វីសោះ? យើងរាល់គ្នាសុទ្ធតែមានសមត្ថភាពប្រើពាក្យសម្តីរបស់យើង ដើម្បីលើកទឹកចិត្ត និងជួយអ្នកដទៃ តែការភ័យខ្លាចមិនហ៊ាននិយាយស្តី អាចធ្វើឲ្យយើងមិនអាចនិយាយអ្វីកើត។ ក្នុងពេលបែបនោះ ពេលណាការភ័យខ្លាចគ្របសង្កត់យើង យើងអាចមើលទៅព្រះអម្ចាស់ ដែលជាប្រភពនៃប្រាជ្ញា និងការលើកទឹកចិត្តមកពីស្ថានសួគ៌។
កាលព្រះទ្រង់ត្រាស់ហៅលោកយេរេមា ឲ្យធ្វើជាហោរា ដើម្បីប្រកាសព្រះបន្ទូលព្រះអង្គ ភ្លាមៗនោះ គាត់ចាប់ផ្តើមមានការមិនទុកចិត្តសមត្ថភាពខ្លួនឯង។ គាត់ក៏បានស្រែកឡើងថា “មើល ទូលបង្គំគ្មានវោហារអធិប្បាយទេ ដ្បិតទូលបង្គំជាមនុស្សក្មេងសុទ្ធ”(យេរេមា ១:៦)។ តែព្រះអង្គមិនអនុញ្ញាតឲ្យការភ័យខ្លាចរបស់លោកយេរេមា ក្លាយជាឧបសគ្គរារាំងការត្រាស់ហៅរបស់ព្រះអង្គ ឲ្យនាំព្រះបន្ទូលទៅកាន់មនុស្សមួយជំនាន់ តាមរយៈមាត់របស់គាត់។ ផ្ទុយទៅវិញ ព្រះអង្គបានបង្គាប់លោកហោរាឲ្យទុកចិត្តព្រះអង្គ ដោយនិយាយ និងធ្វើការអ្វីដែលព្រះអង្គបានបង្គាប់(ខ.៧)។ ព្រះអង្គមិនគ្រាន់តែបានមានបន្ទូលបញ្ជាក់ដល់លោកយេរេមាប៉ុណ្ណោះទេ តែថែមទាំងបានប្រទានគាត់នូវលទ្ធភាព។ គឺដូចព្រះអង្គមានបន្ទូលថា ព្រះអង្គបានដាក់ព្រះបន្ទូលព្រះអង្គក្នុងមាត់របស់គាត់ហើយ(ខ.៩)។
ពេលណាយើងទូលសូមសួរព្រះអង្គថា តើព្រះអង្គសព្វព្រះទ័យនឹងប្រើប្រាស់យើងដូចម្តេចខ្លះ ព្រះអង្គនឹងប្រទានយើងនូវលទ្ធភាព ដើម្បីសម្រេចគោលបំណងរបស់ព្រះអង្គ។ ដោយជំនួយមកពីព្រះអង្គ យើងអាចប្រើពាក្យសម្តីរបស់យើង ដោយចិត្តក្លាហាន ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន មកលើមនុស្សនៅជុំវិញយើង។—KIMYA LODER
តើអ្នកមិនហ៊ានបើកមាត់និយាយ នៅពេលណាខ្លះ? តើអ្នកអាចពឹងផ្អែកលើកម្លាំង និងប្រាជ្ញារបស់ព្រះអង្គ ដូចម្តេចខ្លះ ដើម្បីនិយាយស្តី?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គប្រទានទូលបង្គំនូវកម្លាំង ដើម្បីប្រើអំណាចនៃព្រះបន្ទូល ដើម្បីជះឥទ្ធិពលជាវិជ្ជមាន មកលើមនុស្សនៅជុំវិញទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ៧-៩ និង កិច្ចការ ៣