អំណាចនៃពាក្យសម្តី

មើល អញ​បាន​ដាក់ពាក្យ​របស់​អញ​នៅក្នុង​មាត់​ឯង​ហើយ។ យេរេមា ១:៩

វាគ្មិន​ដែល​មានអំណាច​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ ច្រើនតែ​ជា​អ្នកដឹកនាំ ដែល​បាន​ប្រើ​ពាក្យ​សម្តី​របស់​ខ្លួន ដើម្បី​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន។ សូម​យើង​ពិចារណា​អំពី​លោក​ហ្វ្រេ​ឌ្រិ​ក ដូ​ក្លា​ស(Frederick Douglass) ចុះ ព្រោះ​​សន្ទរកថា​ដែល​គាត់​បាន​ថ្លែង​ជា​សាធារណៈ អំពី​ការ​លប់​បំបាត់​របប​ទាសភាព និង​អំពី​សេរីភាព បាន​ជំរុញ​ឲ្យ​មាន​ចលនា​មួយ ដែល​បាន​នាំឲ្យមាន​ការ​បញ្ចប់​របប​ទាសភាព ក្នុង​សហរដ្ឋអាមេរិក។ ចុះបើ​សិន​ជា​គាត់​សម្រេចចិត្ត​នៅ​ស្ងៀម​មិន​និយាយ​អ្វី​សោះ? យើង​រាល់គ្នា​សុទ្ធតែ​មាន​សមត្ថភាព​ប្រើ​ពាក្យ​សម្តី​របស់​យើង ដើម្បី​លើកទឹកចិត្ត និង​ជួយ​អ្នកដទៃ តែ​ការភ័យខ្លាច​មិន​ហ៊ាន​និយាយ​ស្តី អាច​ធ្វើឲ្យ​យើង​មិន​អាច​និយាយ​អ្វី​កើត។ ក្នុង​ពេល​បែប​នោះ ពេលណា​ការភ័យខ្លាច​គ្រប​សង្កត់​យើង យើង​អាច​មើលទៅ​ព្រះអម្ចាស់ ដែល​ជា​ប្រភព​នៃ​ប្រាជ្ញា និង​ការ​លើកទឹកចិត្ត​មក​ពី​ស្ថានសួគ៌។

កាល​ព្រះ​ទ្រង់​ត្រាស់​ហៅ​លោក​យេរេមា ឲ្យ​ធ្វើជា​ហោរា ដើម្បី​ប្រកាស​ព្រះបន្ទូល​ព្រះអង្គ ភ្លាមៗ​នោះ គាត់​ចាប់ផ្តើម​មានការ​មិន​ទុកចិត្ត​សមត្ថភាព​ខ្លួនឯង។ គាត់​ក៏បាន​ស្រែក​ឡើង​ថា “មើល ទូលបង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ ដ្បិត​ទូលបង្គំ​ជា​មនុស្សក្មេង​សុទ្ធ”(យេរេមា ១:៦)។ តែ​ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​ការភ័យខ្លាច​របស់​លោក​យេរេមា ក្លាយ​ជា​ឧបសគ្គ​រារាំង​ការ​ត្រាស់​ហៅ​របស់​ព្រះអង្គ ឲ្យ​នាំ​ព្រះបន្ទូល​ទៅកាន់​មនុស្ស​មួយ​ជំនាន់ តាមរយៈ​មាត់​របស់​គាត់។ ផ្ទុយទៅវិញ ព្រះអង្គ​បាន​បង្គាប់​លោក​ហោរា​ឲ្យ​ទុកចិត្ត​ព្រះអង្គ ដោយ​និយាយ និង​ធ្វើការ​អ្វី​ដែល​ព្រះអង្គ​បាន​បង្គាប់(ខ.៧)។ ព្រះអង្គ​មិនគ្រាន់​តែ​បាន​មាន​បន្ទូល​បញ្ជាក់​ដល់​លោក​យេរេមា​ប៉ុណ្ណោះទេ តែ​ថែមទាំង​បាន​ប្រទាន​គាត់​នូវ​លទ្ធភាព។ គឺ​ដូច​ព្រះអង្គ​មាន​បន្ទូល​ថា ព្រះអង្គ​បាន​ដាក់​ព្រះបន្ទូល​ព្រះអង្គ​ក្នុង​មាត់​របស់​គាត់​ហើយ(ខ.៩)។

ពេល​ណា​យើង​ទូល​សូម​សួរ​ព្រះអង្គ​ថា តើ​ព្រះអង្គ​សព្វព្រះទ័យ​នឹង​ប្រើប្រាស់​យើង​ដូចម្តេច​ខ្លះ ព្រះអង្គ​នឹង​ប្រទាន​យើង​នូវ​លទ្ធភាព ដើម្បី​សម្រេច​គោលបំណង​របស់​ព្រះអង្គ។ ដោយ​ជំនួយ​មក​ពី​ព្រះអង្គ យើង​អាច​ប្រើ​ពាក្យ​សម្តី​របស់​យើង ដោយចិត្ត​ក្លាហាន ដើម្បី​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន មក​លើ​មនុស្ស​នៅ​ជុំវិញ​យើង។—KIMYA LODER

តើ​អ្នក​មិន​ហ៊ាន​បើក​មាត់​និយាយ នៅពេល​ណាខ្លះ? តើ​អ្នក​អាច​ពឹងផ្អែក​លើ​កម្លាំង និង​ប្រាជ្ញា​របស់​ព្រះ​អង្គ ដូចម្តេច​ខ្លះ ដើម្បី​និយាយ​ស្តី?

ឱ​ព្រះ​វរបិតា​ដែល​គង់នៅ​ស្ថានសួគ៌ សូម​ព្រះអង្គ​ប្រទាន​ទូលបង្គំ​នូវ​កម្លាំង ដើម្បី​ប្រើ​អំណាច​នៃ​ព្រះបន្ទូល ដើម្បី​ជះឥទ្ធិពល​ជា​វិជ្ជមាន មក​លើ​មនុស្ស​នៅ​ជុំវិញ​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ៧-៩ និង កិច្ចការ ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles