ជំនឿពិតប្រាកដអន្ទះសារចង់ឲ្យព្រះគ្រីស្ទយាងមកវិញ

ព្រះគ្រីស្ទ​ក៏​បែបយ៉ាង​នោះ​ដែរ ដែល​ទ្រង់​បាន​ថ្វាយព្រះ​អង្គ​ទ្រង់១ដង ហើយដោយ​ព្រោះ​បាប​របស់​មនុស្សជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្តង​ទៀត ក្រៅពី​រឿង​អំពើបាប គឺ​សំរាប់​នឹង​ជួយសង្គ្រោះ​ដល់​អស់អ្នក​ដែល​រង់ចាំ​ទ្រង់។ ហេព្រើរ ៩:២៨

តើ​ធ្វើ​ដូចម្តេច​ឲ្យ​អ្នក​អាច​ដឹង​ច្បាស់​ថា ព្រះ​លោហិត​ព្រះគ្រីស្ទ​បាន​ដក​បាប​របស់​អ្នក​ចេញ ហើយ​ដឹង​ថា ពេល​ព្រះអង្គ​យាង​ត្រឡប់មកវិញ ព្រះអង្គ​នឹង​គ្រប​បាំង​អ្នក ឲ្យ​រួចផុត​ពី​សេចក្តី​ក្រោធ​របស់​ព្រះ ហើយ​នាំ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​អស់​កល្ប? ចម្លើយ​នោះ​គឺ : ចូរ​យើង​មាន​ជំនឿ​​លើ​ព្រះគ្រីស្ទ ដោយចិត្ត​អន្ទះ​សារ​ចង់​ឲ្យ​ព្រះអង្គ​ឆាប់​យាង​មកវិញ។

បទ​គម្ពីរ​នេះ​បាន​ចែងថា ព្រះអង្គ​នឹង​យាង​មកវិញ ដើម្បី​ជួយ​សង្គ្រោះ អស់អ្នក​ដែល “រង់ចាំ​ព្រះអង្គ​”។ ដូចនេះ តើ​អ្នក​ត្រូវ​ត្រៀមខ្លួន​យ៉ាងដូច​ម្តេច​ខ្លះ? តើ​អ្នក​ត្រូវ​ពិសោធន៍​នឹង​ការ​អត់ទោស​បាប ពី​ព្រះ ក្នុង​ព្រះគ្រីស្ទ ហើយ​ត្រៀមខ្លួន​ជួប​ព្រះអង្គ ដោយ​របៀបណា? គឺ​ដោយមាន​ជំនឿ​មក​លើ​ព្រះអង្គ ដោយចិត្ត​អន្ទះ​សារ​ចង់​ឲ្យ​ព្រះអង្គ​ឆាប់​យាង​មកវិញ។

ការ​អន្ទះ​សារ​ចង់​ឲ្យ​ព្រះគ្រីស្ទ​ឆាប់​យាង​មកវិញ គ្រាន់តែ​ជា​សញ្ញា​បង្ហាញថា យើង​ស្រឡាញ់​ព្រះអង្គ ហើយ​ជឿ​ព្រះអង្គ គឺ​ពិតជា​ជឿ​ព្រះអង្គ ដោយ​ជំនឿ​ពិតប្រាកដ​មែន។

ជំនឿ​ក្លែងក្លាយ​គ្រាន់តែ​ចង់​រួចផុត​ពី​ស្ថាននរក តែ​គ្មានចិត្ត​ស្រឡាញ់​ព្រះគ្រីស្ទ​ឡើយ។ ជំនឿ​ប្រភេទ​នេះ មិនបាន​សង្គ្រោះ​នោះ​ទេ។ វា​មិន​នាំឲ្យ​យើង​មានចិត្ត​អន្ទះ​សារ​ចង់​ឲ្យ​ព្រះគ្រីស្ទ​ឆាប់​យាង​មកវិញ​ឡើយ។ តាមពិត ជំនឿ​ប្រភេទ​នេះ​ចង់​ឲ្យ​ព្រះ​គ្រីស្ទ​ពន្យា​ពេល​យាង​ត្រឡប់មកវិញ ឲ្យបាន​យូរ​បំផុត តាមដែល​អាច​ធ្វើ​ទៅ​បាន ដើម្បីឲ្យ​ខ្លួន​អាច​សប្បាយ​នឹង​លោកិយ ឲ្យបាន​ច្រើន​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន។

តែ​ជំនឿ​ដែល​ពិតជា​នៅ​ជាប់​ព្រះគ្រីស្ទ ដោយ​ទទួល​ព្រះអង្គ​ជា​សង្គ្រោះ ជា​ព្រះអម្ចាស់ ជា​កំណប់ទ្រព្យ ជា​ក្តី​សង្ឃឹម និង​ជា​ក្តី​អំណរ​របស់​ខ្លួន ជា​ជំនឿ​ដែល​ធ្វើឲ្យ​យើង​មានចិត្ត​ស្រេកឃ្លាន ចង់​ឲ្យ​ព្រះគ្រីស្ទ​យាង​មកវិញ។ នោះ​ហើយ​ជា​ជំនឿ​ដែល​នាំឲ្យ​បាន​សង្គ្រោះ។

ដូចនេះ ខ្ញុំ​សូម​ជំរុញ​អ្នកឲ្យ​ងាក​ចេញពី​លោកិយ និង​អំពើបាប។ ចូរ​ងាក​មករ​កព្រះគ្រីស្ទ​វិញ។ ចូរ​ស្វាគមន៍​ព្រះអង្គ ឱបក្រសោប​ព្រះគ្រីស្ទ និង​ទទួល​ព្រះអង្គ មិនមែន​ដើម្បី​ធ្វើជា​បណ្ណ​ធានា​ឲ្យ​រួចផុត​ពី​បឹង​ភ្លើង តែ​ធ្វើជា​កំណប់ទ្រព្យ មិត្តសំឡាញ់ និង​ព្រះអម្ចាស់ ដោយចិត្ត​អន្ទះ​សារ។

More articles